​ឆេះព្រៃស្ទើរ​រាល់ថ្ងៃ​ តែគ្មាន​អ្នកអើពើ

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​ពី​តំបន់​ទន្លេសាប​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គ​ភ័យ​មួយ​ ឆាបឆេះ​នៅ​ក្នុង​ព្រៃរនាមដែល​ជា​ជម្រក​ត្រី​​ពង​កូន​រាល់ថ្ងៃ តែគេ​សង្កេត​ឃើញ​ ​គ្មាន​កា​អន្តរាគមន៍​ពី​អាជ្ញាធរ ឬ​​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ឡើយ ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ព្រួយ​​បារម្ភ​​យ៉ាង​ខ្លាំង​ ពី​ការ​រលាយ​ហិនហោច​តំបន់​ព្រៃ​លិច​ទឹក​នេះ ។

អគ្គិភ័យ​ឆេះ​តំបន់​ព្រៃរនាម​មួយ​ថ្ងៃ​ៗ​រាប់​សិប​ហិក​តា​នោះ គេ​សង្ស័យ​បង្ក​ឡើង​ដោយ​ក្រុម​អ្នករុករក​សត្វព្រៃ និង​រក​សត្វ​ឃ្មុំ ។ ប្រជា​ពល​រដ្ឋ​បាន​ប្រាប់​ថា តំបន់​ព្រៃរនាម​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ក្នុងភូមិ​សាស្ត្រ​នានា ក្នុងស្រុក​ឯក​ភ្នំ ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​មួយ​ថ្ងៃ​ៗ​រាប់​សិប​ហិច​តា ដោយ​គ្មាន​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​ទេ ។

ប្រភព​​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន ក្រុម​អ្នករុករក​សត្វព្រៃ និង​រក​ឃ្មុំ​កំពុង​លុកលុយ​ពាសពេញ​តំបន់​ព្រៃរនាម​ក្បែរ​ទន្លេសាប ។  ពួក​គេ​តែង​ដុត​ព្រៃ​ដើម្បី​រក​សត្វ និង​យក​ឃ្មុំ  ហើយ​មិន​បាន​ពន្លត់ភ្លើង​ទេ មុន​ពេល​ចាកចេញ ។ ដូច្នេះ​ហើយ ទើប​ពំ​នួ​ក​ភ្លើង ដែល​សេស​សល់​​​នោះ បង្ក​ទៅ​ជា​អណ្ដាតភ្លើង​ឆេះ​រាលដាល​តែ​ម្ដង ។

អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​នានា គួរតែ​មាន​វិធានការ​លើ​ករណី​នេះ មិន​គួរ​សំងំ​យកសុខ​បែប​នេះ​ទេ ព្រោះ​បើ​មិន​ជួយ​ទប់ស្កាត់​ទេ តំបន់​ព្រៃរនាម ដែល​ជា​ជម្រក​សំរាប់​ត្រី​ពង​កូន​នៅ​រដូវ​ទឹក​ឡើង​នោះ អាច​នឹង​រលាយ​ហិនហោច​គ្មាន​សល់​អស់ទាំង​ព្រៃ​លិច​ទឹក អស់ទាំង​ត្រី​តែ​ម្ដង ។