លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន ដឹកនាំ​គរុ​សិស្ស និង​និស្សិត​ពេទ្យ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សៀមរាប

លោកគ្រូ អ្នកគ្រូ និង​គរុ​សិស្ស នៃ​សាលា​គរុកោសល្យ​កំពត ចំនួន​២២៧​នាក់ និង​និស្សិត​ពេទ្យ ជា​គិលានុប្បដ្ឋាក គិលានុប្បដ្ឋាយិការ  និង​ពេទ្យឆ្មប​ជនបទ​នៃ​សាលា​មធ្យមសិក្សា សុខា ភិ​បាល​ភូមិភាគ​កំពត ចំនួន​៧៤៦​នាក់ ដឹកនាំ​ដោយ​លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​រយៈពេល​០៨​ថ្ងៃ នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប អង្គរ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៩ មីនា ២០១៦ តប​តាម​អនុសាសន៍​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ដែល​សម្តេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ផ្ទះ​កុមារ​អង្គការ SOS ស្ថិត​នៅ​ក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​ពេល​កន្លង​ទៅ​ដែល​តម្រូវ​ឱ្យ​លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន ដឹកនាំ​គណៈប្រតិភូ​ជា​គរុ​សិស្ស និង​និស្សិត​ពេទ្យ​ទាំង​៩៧៣​នាក់​ទៅ​កម្សាន្ត​សប្បាយ​នៅ​ខេត្តសៀមរាប ។

ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​ដែរ លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន បាន​ដឹកនាំ​គណៈប្រតិភូ​តាម​វគ្គ​ជា​បន្តបន្ទាប់​ទៅ​ទស្សនា​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា ដែល​ជា​កេរ្តិ៍​មរតក​ដូនតា​ខ្មែរ​យើង​តាំងពី​យូរលង់ ដែល​ជា​ដួង​ព្រលឹង​ជាតិខ្មែរ​មិន​អាច​កាត់ថ្លៃ​បាន ។

ឆ្លៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​ខាងលើ លោក​បណ្ឌិត​បាន​បញ្ជាក់​ជូន​ដល់​ក្រុម​គរុ​សិស្ស​តាម​ប្រាសាទ​នានា​ដូច​ជា ប្រាសាទបាយ័ន​បាន​កសាង​នៅ​ចុង​សត្ស​វត្ស​ទី​១២ ដែល​មាន​លក្ខណៈ​ជា​ប្រាង្គ និង​ចេ​តី​យ៍ ដើម្បី​ឧទ្ទិស​ដល់​វីរៈបុរស និង​យុទ្ធ​ជន​ពលី​នា​សម័យ​បុរាណ និង​រំលឹក​ផង​ដែរ ពី​ព្រហ្ម​វិហារធម៌​របស់​បុរស ពិសេស​ពី​ព្រហ្ម​វិហារធម៌​របស់​ឳ​ពុក។

នៅ​ទី​លានជល់ដំរី​លោក​បណ្ឌិត ប៉ែន ស៊ី​ម៉​ន បានឱ្យ​ដឹង​ថា គឺជា​កន្លែង​បង្កក់​ប្រសិទ្ធី​តាំងពី​សម័យ​បុរាណកាល​នៃ​ការ​លើកទ័ព និង​រេពល​ទៅ​ធ្វើសឹក​សង្គ្រាម​កាលសម័យ​អង្គរ ហើយ​នៅ​ទីនោះ​ក៏​មាន​ចម្លាក់​បង្ហាញ​អំពី​គន្លង​ធម៌​របស់​ព្រះរាជា​នា​សម័យ​នោះ​ដែល​ជួនកាល​គេ​ទៅ​ជា​និយាយ​ពី​ស្តេច​គំលង់​ទៅ​វិញ  ។ ក្នុង​នោះ​ដែរ ប្រតិភូ​ក៏​បាន​ទស្សនា​ប្រាសាទនាគព័ន្ធ គឺជា​កន្លែង​បញ្ជាក់​ពី​ការ​រីក​ចម្រើន​នៃ​វិស័យ​សុខាភិបាល​នា​សម័យ​នោះ​ផង​ដែរ ។ ដោយឡែក​ចំពោះ​ប្រាសាទតាព្រហ្ម​វិញ​ដែល​ព័ទ្ធ​ទៅ​ដោយ​ស្តង់​ធំ​ៗ​ត្រូវ​បាន​កសាង​ឡើង​ដោយ​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ ដើម្បី​ឧទ្ទិស​ថ្វាយ​ព្រះ​មាតា​របស់​ព្រះ​អង្គ​ដែល​ទ្រង់​អាពាធ ដោយ​ជម្ងឺឃ្លង់ (​កាមរោគ?) ដែល​ជំនាន់​នោះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អកុសលកម្ម​របស់​លោក ។ នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ ក្រុម​គរុ​សិស្ស​ក៏​បាន​បន្តដំណើរ​ទៅ​ទស្សនា​នៅ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដែន​មាន​រោង​ជាងទង សីលា ច​រិ​ក ជ័យ​ន​ន្ទ និង​ចម្លាក់​ឯទៀត មាន​ជាន់​បា​កណៈ ព្រះ​ពាន់ ដែល​នៅ​ជាប់​នឹង​ប្រាសាទគក់ទ្រូង ។ ចំណែកឯ​ប្រាសាទបន្ទាយស្រី​ឯណេះ​វិញ លោក​បណ្ឌិត ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន បាន​បញ្ជាក់​ថា ប្រាសាទ​នេះ​បាន​សាងសង់​ឡើង​ចុង​ក្រោយ​នា​សត្ស​វត្ស​ទី ១២ ដែល​មាន​រូបចម្លាក់​ដិត​ជ្រៅ ឆ្មារ និង​រស់​រវើក ប្រកបដោយ​សិរី ឬ​បង្ហាញ​ពី​ចរិត​ល្វេ​ល្វន់​របស់​ស្ត្រី​ផង​ដែរ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​បញ្ចប់​វគ្គ​ទស្សនកិច្ច​នីមួយ​ៗ លោក​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ប៉ែន ស៊ី​ម៉​ន បាន​រៀបចំ​ពិធី​បាយ​សាមគ្គី និង​រាំ​កម្សាន្ត​ផង​ដែរ ៕