ធ្វើ​អ៊ីចឹ​ង​តើ បាន​ចេះ​តែ​បាត់​ប្រាក់​ចំណូល​ជាតិ

ខេត្តស្ទឹងត្រែង ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​កន្លះ​មួយ​គ្រឿង​ត្រូវ​បាន​មន្ត្រី​សាខា​គយ​និង​រដ្ឋាករ​ស្ទឹង​ត្រែង​ឃាត់​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ ដោយ​សង្ស័យ​ថា លើ​រថយន្ត​នោះ​មាន​ទំនិញ​មួយ​ចំនួន​គេចពន្ធ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ចំណុះ​២​តោន​កន្លះ​នោះ​បាន​ដឹក​ភេសជ្ជៈ​ប្រភេទ​គោ​ជល់​ពី​ភ្នំពេញ​មក​ចែកចាយ​តាម​ដេប៉ូ​នៅ​ខេត្តស្ទឹងត្រែង តែ​ខណៈ​បម្រុង​ទម្លាក់​ទំនិញ​ត្រូវ​មន្ត្រី​គយ​និង​រដ្ឋាករ​ស្ទឹង​ត្រែង​ឃាត់​នាំ​មក​ត្រូ​ត​ពិនិត្យ​ពាក់ព័ន្ធ​និង​ទំនិញ​មិន​ស្របច្បាប់ ។

ប្រ​ព​ភ​ពី​ម្ចាស់​រថយន្ត​ឲ្យ​ដឹង​ថា ភេសជ្ជៈ​ប្រភេទ​គោ​ជល់​កំប៉ុង​ខ្លី​ទាំងនេះ​មាន​ចំនួន​១៣៨០​កេស ដោយ​គាត់​ស៊ីឈ្នួល​ដឹក​បន្ត​ពី​រថយន្ត​មួយ​គ្រឿង​ទៀត​​ពី​ភ្នំពេញ​មក​ដាក់​នៅ​ដេប៉ូ លោក កង ហ៊ី​ម ខាងត្បូង​ផ្សារ​ស្ទឹង​ត្រែង ។ ហើយ​ចំពោះ​ការ​បង់ពន្ធ​ស្របច្បាប់​ឬ​មិន​ស្របច្បាប់​នោះ លោក​មិន​បានដឹង​ទេ ព្រោះ​លោក​ត្រឹម​ជា​អ្នកស៊ីឈ្នួល​ដឹក​ប៉ុណ្ណោះ ។

តាម​ការ​ពិនិត្យ​របស់​មន្ត្រី​គយ​និង​រដ្ឋាករ​ស្ទឹង​ត្រែង បាន​ស្តែង​ឲ្យ​ឃើញ​ថា ក្នុង​ចំណោម​ភេសជ្ជៈ​ទាំង​១៣៨០​កេស​នោះ មាន​បិទ​ស្លាក​បង់ពន្ធ​នាំ​ចូល​​របស់​​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ចំនួន​២២៧​កេស និង​មិន​មាន​បិទ​ស្លាក​ចំនួន​១១៥៣​កេស​ ។

លោក ព្រាប សេរី​វុ​ត្ថា អនុប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​ថា ការ​ឃាត់​ទំនិញ​យក​មក​ត្រួតពិនិត្យ​នេះ យើង​រក​ឃើញ​ថា រថយន្ត​ដែល​ដឹក​ភេសជ្ជៈ​គោ​ជល់​នេះ​មាន​ចំនួន​១៣៨០​កេស ក្នុង​នោះ​១១៥៣​កេស​មិន​មាន​បិទ​ស្លាក​បញ្ជាក់​ពី​ការ​បង់ពន្ធ និង​២២៧​កេស​ទៀត​មាន​ស្លាក​បង់ពន្ធ​ត្រឹមត្រូវ​ទៅ​តាម​លក្ខណៈ​ច្បាប់ ។ លោក​បន្ត​ថា ភេសជ្ជៈ​គោ​ជល់​នេះ​ផលិត​មាន​កាលបរិច្ឆេទ​ត្រឹមត្រូវ​បញ្ជាក់​ពី​កម្ម​សិទ្ធ​បញ្ញា​របស់​ក្រសួងពាណិជ្ជកម្ម តែ​ខុស​ត្រង់​ថា ទំនិញ​ភាគច្រើន​អាជីវករ​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ ហើយ​លាយ​ជាមួយ​ទំនិញ​មាន​បិទ​ស្លាក​សញ្ញា​បង់ពន្ធ​ដ៏​តិចតួច​បំផុត ករណី​នេះ​បង្ហាញ​ថា ភេសជ្ជៈ​ដែល​មិន​បាន​បង់ពន្ធ​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​របស់​ជាតិ ដែល​ត្រូវ​ចាត់​ទុក​ថា​ជា​ទំនិញគេចពន្ធ ។

ទាក់ទិន​ទំនិញ​ទាំងនេះ សាខា​គយ​និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង បាន​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សមត្ថកិច្ច​ក្រសួង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ។ ចំណែក​ការ​ផាកពិន័យ មន្ត្រី​សាខា​គយ​មិន​បាន​បញ្ជាក់​ថា មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ៕