ថា​កុំឱ្យ​គេ​ឮ ៖ ឧកញ៉ា​មួយ​ណា​ជា​ម្ចាស់​ក្រុមហ៊ុន RKS ?

* ក្រុមហ៊ុន​ថ្មី​មួយ​ឈ្មោះ RKS ដែល​វាយលុក​យក​បាន​សិទ្ធិ​ទទួល​ម៉ៅ​ការ ទារប្រាក់​ថ្លៃ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​ស្លាក​យីហោ​... ពី​ប៉ា​ណូ​តូច ធំ​ទាំងឡាយ​តាម​ហាង តាម​ទី​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​១០​ឆ្នាំ បាន​បង្កើត​នូវ​កម្តៅ​កាន់តែ​គួរ​ឱ្យ​ចាប់​អារម្មណ៍​​ហើយ​... ក្រោយ​ពេល​កោះសន្តិភាព​ចេញផ្សាយ​មួយ​ឈុត​កន្លង​មក​... ។

* ប្រភព​ប៉ះពាល់​ជា​ច្រើន​បាន​ប្រាប់​កោះសន្តិភាព​ថា តាំង​តែ​ពី​ក្រុមហ៊ុន​ថ្មី​មួយ​នេះ​ចេញ​មុខ​មក បាន​ទារ​យក​តម្លៃ​កាប់ឆៅ​តែ​ម្តង​... ធ្វើ​ដូច​មាន​តែ​អញ ! បង្ក​នូវ​បញ្ហា​ដែល​ត្រូវ​តែ​អាជ្ញាធរ​ថ្នាក់​ជាតិ ចាប់អារម្មណ៍ កុំឱ្យ​ខ្លែង​វា​ដាច់​ខ្សែ ដូច​ពេល​នេះ ពីព្រោះ​ដូច​ជា​រំលោភ​សិទ្ធិ​​សេដ្ឋកិច្ចជាតិ​ហួសហេតុ​ពេក ។

* បានជា​ពោល​ដូច្នោះ ពីព្រោះ​តាំងពី​ក្រុមហ៊ុន​នេះ​គ្រប់គ្រង​មក ដែល​កើប​យក​ដោយ​មិន​ដេញថ្លៃ បាន​ទារ​យក​ថ្លៃ​ឈ្នួល​មួយ​គុណ​នឹង​ពីរ ពី​ស្លាក​យីហោ ប៉ាណូ​តូច​ធំ​ទាំងឡាយ​... ហាក់បីដូច អ្វី​ៗ​ជា​សាច់​៣​ជាន់​ដូច្នោះ​ដែរ ។

* ប្រភព​ក្រៅផ្លូវការ ដែល​គ្មាន​មន្ត្រី​ណា​ហ៊ាន​អះអាង​នោះ ខ្សិ​ប​ប្រាប់​ថា ពី​អតីតកាល ស្លាក​យីហោ ប៉ាណូ​តូច​ធំ​ទាំងឡាយ​មិនសូវ​មាន​ទេ គឺ​មាន​តិចតួច​គេ​បង់​ចំណូល​រដ្ឋ​មួយ​ឆ្នាំ​១៥​ម៉ឺន​ដុល្លារ និង​បាន​ឡើង​១៥% ប្រចាំឆ្នាំ ។ ចំណែក​ប៉ាណូ តូច​ៗ​ទាំងឡាយ​ក្រោម​៤​ម៉ែត្រការ៉េ ដែល​នៅ​តាម​បណ្តា​ខណ្ឌ​នានា ថ្លៃ​តែ​១៥​ដុល្លារ​ប៉ុណ្ណោះ​មួយ​ផ្ទាំង​ក្នុង​មួយ​ឆ្នាំ ហើយ​ទុក​ចំណូល​នេះ​សម្រាប់​ខណ្ឌ​ទទួល​បន្ទុក​ប្រមូល ។

* ពេល​នេះ​ក្រុមហ៊ុន​ថ្មី​មក​គ្រប់គ្រង បាន​ប្រមូល​យក​ទាំងអស់ ដោយ​មាន​តម្លៃ​៣០​ដុល្លារ គឺ​មួយ​គុណ​នឹង​ពីរ អត់​បាច់​តវ៉ា ។ចំណែក​​ការ​បង់​ចំណូល​មៅ​ការ​ប្រចាំឆ្នាំ​ឱ្យ​រដ្ឋលោក​ក្រុមហ៊ុន RKS បង់​តែ​២៥​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ។ រីឯ​ប៉ាណូស្លាក​យីហោ​តូច​ធំ​ទាំងឡាយ នៅ​រាជធានី​ភ្នំពេញ​រីក​ស្គុះស្គាយ ពី​៣​ទៅ​៤​ដង ប្រៀប​នឹង​ពី​មុន ដែល​កាល​ណោះ​មាន​តែ​មួយ​ប្រឡង់​កណ្តាល​ក្រុង ហើយ​ពេល​នេះ​រីក​កាន់តែ​ធំ​ទៅ​ៗ... ។

* ក្រុម​អ្នក​សង្កេតការណ៍​សេដ្ឋកិច្ច បាន​ប្រាប់​ថា ចំណូល​បាន​ពី​ការ​ផ្សាយពាណិជ្ជកម្ម​នានា តាម​ប៉ាណូ អាច​លើស​ពី​៤​ទៅ​៥​ដង នៃ​តម្លៃ​ដែល​បង់​ចូល​រដ្ឋ ដែល​មិន​គួរ​ណា​ប្រគល់​ភារកិច្ច​ម៉ៅ​ការ​នេះ ដោយ​មិន​ដេញថ្លៃ​ឱ្យទៅ​ក្រុមហ៊ុន​ឯកជន​បែប​នេះ​ឡើយ ។

* មិន​ទាន់​មាន​ប្រភព​ណាមួយ ប្រាប់​ពី​ឈ្មោះ ប្រធាន​ក្រុមហ៊ុន RKS នេះ​ឱ្យ​ដឹង​នៅឡើយ​ទេ ។ ពួក​គេ​ជា​មន្ត្រី​នាំ​គ្នា​លាក់​ជិតឈឹង​... ដែល​​ទំនង​​គេ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន កាលណា​មាត់ដាច​... ។  ណ្ហើយ​... មិន​ប្រាប់​ក៏​ហី​ទៅ​ចុះ​... អ្វី​ដែល​ខំ​លាក់​... គឺជា​របស់​ដែល​គេ​ចង់​ដឹង ចង់​ឃើញ និង​ចង់​ស្ទាប​... ដែល​គង់​ថ្ងៃ​ណាមួយ ធ្លាយ​ចេញ​មិន​ខាន​ឡើយ តាម​រយៈ​កោះសន្តិភាព ។

* ដល់​ពេល​ធ្លាយ​ចេញ​ជា​ផ្លូវការ ទើប​នាំ​គ្នា​គក់​ទ្រូង​ស្រែ​កថា​... អូ ! ម្នាក់​ហ្នឹង​ទេ​អ្ហី !! អុ​ី​ចឹ​ង​តើ​... បាន​ទទួល​សំណាង​ប្រទាន​ខុស​គេ​ម្លឹ​ង​ៗ ? អុ​ី​ចឹ​ង​តើ​បានជា​ខំ​ប្រមូល​ដោយ អត់​អៀនខ្មាស់​... តើ​ឧកញ៉ា​មួយ​ណា​ជា​ម្ចាស់​ក្រុមហ៊ុន RKS ?