លើកនេះ! លោកចោរ​ស៊យធំហើយ

រាជធានី​​ភ្នំពេញ ៖ ជន​សង្ស័យ​​២​នាក់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​ក្របួច​ជាប់​ ក្រោយ​​ធ្វើ​សកម្មភាព​ឆក់​​ទូរស័ព្ទ​ម៉ាកIphone 6  មួយគ្រឿង​​ពី​បុរស​ម្នាក់ រួច​ព្យាយាម​ជិះ​​គេច​ខ្លួន តែ​គេច​​មិន​​ផុត ​បង្ក​​​​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើល​​កាលពី​​វេលា​ម៉ោង​១០ និង៣០​នាទីព្រឹក​ថ្ងៃ​ទី​៣០ មីនា ​២០១៦ ស្ថិតនៅ​ចំណុច​មុខ​ផ្ទះ​លេខ​​៨០៥ ផ្លូវ​លេខ​១២៨ ក្រុម​ទី​២៧ ភូមិ​​៨ សង្កាត់​ទឹ​ក​ល្អក់​ទី​១ ខណ្ឌ​ទួល​គោក​ ។

ប្រភពឱ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​​ឈ្មោះ​សម្បត្តិ វិសាល ហៅ​រុន ​អាយុ​១៨​ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​៩​បេ ផ្លូវ​លេខ​២៥៣ ភូមិ​៧ សង្កាត់​​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ (​ជា​អ្នក​បើក​ម៉ូតូ ) ​និង​ម្នាក់​ទៀត​ឈ្មោះ​គឹ​ម វី ហៅ​ឈុ​ន ​អាយុ​១៩​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​​ជួល​ពុំ​ចាំ​លេខ​ ផ្លូវ​លេខ​២៤៧ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ (​ជា​អ្នក​​ឆក់) ។ ចំណែក​ជន​រង​គ្រោះ​​ឈ្មោះ ញ៉ុ​ង សេរី​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​សន្តិសុខ​BDPS ស្នាក់​នៅផ្ទះ​លេខ​២០៨ ផ្លូវ​លេខ​៥៨០ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ  ។

បើ​តាម​​សម្តី​​​សមត្ថកិច្ច​ឱ្យ​ដឹងថា មុន​​ពេល​កើតហេតុ ជន​រង​គ្រោះ​​កំពុងជិះ​ម៉ូតូ​ម៉ាក Honda Today ពណ៌​​លឿងខ្ចី ពាក់​ស្លាក​លេខ​ភ្នំពេញ 1DD-4821 បាន​មក​ឈប់​នៅ​កន្លែង​កើតហេតុ​ ហើយ​ក៏​​ដក​ទូរស័ព្ទ​និយាយ​ទំនាក់ទំនង​ទៅ​កន្លែង​ធ្វើការ ខណៈ​​នោះ​ ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​ ​​ជិះ​មក​ក្បែរ ហើយ​​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​ស័​ព្ឌ​ដៃ​ពី​ដៃ​ជន​រង​គ្រោះ​​បាន​សម្រេច រួច​​ព្យាយាម​ជិះ​ម៉ូតូ​គេច​ខ្លួន​ធ្វើ​​ឱ្យ​​ជន​រង​គ្រោះ​បាន​ស្រែ​កថា (​ចោរ​ៗ) ។

ស្រប​ពេល​នោះ​ មាន​​កម្លាំង​ល្បាត​របស់​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​១ កំពុង​តែ​ធ្វើការ​ល្បាត​ ​ក៏​បាន​​អន្តរាគមន៍​ដេញ​តាម​ឃាត់ខ្លួន​ជន​សង្ស័យ​ទាំង​២​នាក់​នោះ រហូត​ជនសង្ស័យ​ទាំងនោះ​ភ័យ​ស្លន់ស្លោរ​​ព្យាយាម​គេចខ្លួន ​តែ​ភ្លាត់ស្នៀតគេច​មិន​ផុត​ជាន់​ហ្វ្រាំង​ដួល​ខ្លួនឯង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​​ខ្នោះ​បាន​ទាំង២​នាក់ នាំ​យក​មក​អធិការ​ខណ្ឌទួលគោក ។ 

វត្ថុ​តាង​ដកហូត​​បាន​​មាន​​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក Iphone 6 ពណ៌​មាស (របស់​ជន​រង​គ្រោះ)​​ ត្រូវ​​​សមត្ថកិច្ច​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ និង​​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក Honda C125 ពណ៌​ខ្មៅ ស៊េរី​2005 ​បិត​តែម​ស៊េរី​2015 ពាក់​ស្លាក​លេខ​បាត់ដំបង 1H-4316 ជា​ម៉ូតូ​របស់​ជនសង្ស័យ។