យកឈ្មោះ​អ្នកធំ​ទៅ​ឆបោក​ប្រាក់​៤​ម៉ឺន​ដុល្លារ ត្រូវ​ចាប់ខ្លួន

រាជធានី​ភ្នំពេញ ៖ មានការ​អះអាង​ថា បុរស​ម្នាក់​ជា​ចាងហ្វាង​កាសែត វាល​ឥន្ទ្រី បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៣០ មីនា ២០១៦ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​តាម​អំណាច​សាលក្រម​ផ្តន្ទាទោស​កំណត់​១​ឆ្នាំ​៦​ខែ ពី​បទ​ឆបោក​លើ​ទឹកប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក តាម​រូបភាព​រត់ការ​យក​អាជ្ញាប័ណ្ណ​ដាក់​ស្លាក​ចរាចរ​តាម​ផ្លូវ​សាធារណៈ ។

ចាងហ្វាង​កាសែត​រូប​នេះ​ឈ្មោះ ជុង ហៃ​យ៉េន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​អន្តរាគមន៍​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ឃាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៩ មីនា ២០១៦ នៅ​ចំណុច​មុខ​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី លើ​បណ្តោយ​លេខ​២៧១ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ញ​។ លោក​វរ​សេនីយ៍​ឯក ឡោ សុខា ប្រធាន​ការិយាល័យ​អន្តរាគមន៍​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនជាប់ចោទ​ដែល​អះអាង​ថា ជា​ចាងហ្វាង​កាសែត​ម្នាក់​នេះ សមត្ថកិច្ច​បាន​អនុវត្ត​តាម​អំណាច​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ក្រោយ​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំ​ទៅ​ជូន​លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ជំនុំជម្រះ​ក្នុង​សំណុំរឿង​នេះ ហើយ​លោកស្រី​ចៅក្រម​មិន​ទុក​ពេលវេលា​យូរ​ឡើយ បាន​ចេញ​ដីការ​ឲ្យ​សមត្ថកិច្ច​នាំ​ជនជាប់ចោទ​យក​ទៅ​ឃុំ​តែ​ម្តង ដើម្បី​អនុវត្ត​ទោស​តាម​សាលក្រម​កំណត់ ។

ដើមចម​ដែល​នាំ​ឲ្យ​មានការ​ផ្តន្ទាទោស​ជនជាប់ចោទ​ខាងលើ​នេះ កាលពី​អំឡុង​ឆ្នាំ​២០១១ កន្លង​ទៅ ឈ្មោះ ជុង ហៃ​យ៉េន បាន​អះអាង​ប្រាប់​ជន​រង​គ្រោះ​ថា ខ្លួន​ជា​កូនចៅ​របស់​លោកនាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គមេបញ្ជាការ​រង​កង​យោ​ពល​ខេមរភូមិន្ទ ។ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​មានការ​ជឿជាក់ ព្រម​ប្រគល់​ប្រាក់​ចំនួន​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រត់ការ​យក​អាជ្ញាប័ណ្ណ​ដាក់​ស្លាក​ចរាចរ​តាម​ផ្លូវ​សាធារណៈ ។ អស់​រយៈពេល​ជាង​២​ឆ្នាំ ក្រោយមក​ឈ្មោះ ជុង ហៃ​យ៉េន រត់ការ​មិន​បាន​សម្រេច​តាម​ការ​សន្យា​នោះ​ទេ ហើយ​ព្យាយាម​គេច​ថែម​ទៀត​ផង ។ ក្រោម​មក​ជន​រង​គ្រោះ​បាន​ជ្រៀតចូល​ដល់​នាយ​ឧត្តមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង ត្រូវ​បដិសេធ​ថា មិន​ទទួលស្គាល់​ជន​នោះ​ទេ ហើយ​ក៏​រឹតតែ​មិនមែន​ជា​កូនចៅ​របស់​លោក​ដែរ ។ ពេល​ដឹង​ថា ឈ្មោះ ជុង ហៃ​យ៉េន ជា​ជនខិលខូច ទើប​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

នៅ​អំឡុង​ឆ្នាំ​២០១៤ សាលាដំបូង​បាន​លើកយក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំជម្រះ ដោយ​កំបាំង​មុខ​ជនជាប់ចោទ និង​បាន​ចេញ​សាលក្រម​សម្រេច ផ្តន្ទាទោស​ឈ្មោះ ជុង ហៃ​យ៉េន ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ​៦​ខែ និង​សង​ជន​រង​គ្រោះ​ចំនួន​៤​ម៉ឺន​ដុល្លារ ព្រមទាំង​ជំងឺ​ចិត្ត​ចំនួន​១០​លាន​រៀល ។ ក្នុង​សាលក្រម​នោះ ក៏​បាន​សម្រេច​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ជុង ហៃ​យ៉េន យក​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ ដើម្បី​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​នេះ ។ ប៉ុន្តែ​ជនជាប់ចោទ​បាន​ពឹងពាក់​មេធាវី​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ។