ដុត​សំរាម បង្ក​ឲ្យ​ឆេះ​រាលដាល​រោង​ដាក់​សម្ភារ​ជាប់​ស្ថានីយ​ប្រេង

ខេត្តកំពង់ឆ្នាំង ៖ ករណី​អគ្គី​ភ័យ បាន​ឆាបឆេះ​រោង​ស្តុក​សម្ភារ ប្រវែង​១៥​ម៉ែត្រ ជាប់​របង​ស្ថានីយ​ប្រេងមួយ​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ស្លា​ន់​ស្លោ ព្រោះតែ​អគ្គី​ភ័យ​នោះ​នៅ​ជាប់​និង​ស៊ីទែនប្រេង ដែល​គ្រាន់តែ​បាំង​ដោយ​របង​ថ្ម​ម្ខាង​ម្នាក់​តែ​ប៉ុណ្ណោះ ។ ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​វេលាម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​ពី​ស ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​។ ទោះ​យ៉ាងណា ពុំ​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុ​ការ​ណ៏​នោះ​ទេ ។

លោក ម៉ាត់ លី អធិការ​នគរបាល ស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ សា ម៉ាត់ អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មានរ​បរជា​អ្នកលក់​គុយទាវ ។ លោក​បាន​បន្ត​ដោយ​ស្រង់​សំដី បុរស​ជា​ម្ចាស់ផ្ទះ​ថា មុន​ពេល​កើតហេតុ គ្មាន​អ្នក​បាន​ចាប់​អារ​ម្ម​ណ៏​ថា មាន​គេ​លួច​ដុត សំរាម​ក្រោយ​ផ្ទះ​នោះ​ទេ ស្រាប់តែ​ភ្លើង​នោះ​បាន​ឆេះ​រាលដាល​តាម​ស្មៅ​ងាប់​ៗ ត​គ្នា​រហូត​មក​ដល់​រោង​ក្រោយ​ផ្ទះ ដែល​គាត់​ធ្វើ​ដាក់​ឈើ​ផ្ទះ​ចាស់ ដែល​រុះ​គរ​ទុក ដោយ​ធ្វើ​រោង​សង់​គ្រប​ពីលើ មាន​ប្រវែង​៥​គុណ​និង​១៥​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ និង​បាំងជញ្ជាំង​សង្ក​សី បណ្តាល​ឲ្យ​ឆាបឆេះ ដល់​ឈើ​ផ្ទះ និង ប៊ីដុង​ជ័រ ដែល​គាត់​ដាក់​ខ្លាញ់គោ ជា​ច្រើន​ប៊ីដុង យ៉ាង​សន្ធោសន្ធៅ​ឡើង ទើប​ដឹង និង​ផ្អើល​ឆោឡោ​តែ​ម្ដង​។

ពេល​នោះ​ដែរ​ក៏​មាន​ប្រជាពលរដ្ឋ និង​អ្នក​ជិតខាង​មានការ​ភ័យ​ស្លន់ស្លោ​ជា​ខ្លាំង ដោយសារ​តែ​ការ​ឆេះ​រោង​ឈើ​នេះ នៅ​ជិត​ស៊ីទែន  ដែល​កំពុង​មាន​ប្រេង​ស្តុក​នៅឡើយ ហើយ​ប្រជាពលរដ្ឋ​បាន​ប្រញាប់ នាំ​គ្នា​ជួយ​ដងទឹក​មក​ពន្លត់ និង​ខ្លះ​ទៀត​បាន​បូមទឹក​ជួយ​បាញ់​ពន្លត់ គ្រាន់តែ​ទប់ទល់​កុំ​ឲ្យ​រាលដាល ទៅ​ដល់​ស៊ីទែន​ប្រេង​ប៉ុណ្ណោះ មិន​អាច​ពន្លត់ភ្លើង​ឆេះ​រោង​នោះ​បាន​ទេ គឺ​បណ្តាល​ឲ្យ ឆេះ​ខ្ទេច​ទាំង ស្រុង​តែ​ម្តង ទើប​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្នងការ​ខេត្ត បាន​ទៅ​ដល់​ជួយ​ពន្លត់​បន្ថែម​។ ចំពោះ​ការ​ខូចខាត គឺ​ឆេះ​រោង​មួយ​ខ្នង មាន​ប្រវែង ១៥​គុណ​និង​៥​ម៉ែត្រ ឈើ​ផ្ទះ​រុះ​ទុក​១​ខ្នង ប៊ីដុង​ដាក់​ខ្លាញ់​គោមួយ​ចំនួន និង​សម្ភារ​ជា​ច្រើន​ទៀត ។ ករណី​អគ្គី​ភ័យ​ឆាបឆេះ​នេះ សំណាង​ហើយ​ដែល​មិន​ឆេះ​រាលដាល​ដល់ ស៊ីទែន​ប្រេង បើ​ឆាបឆេះ​ដល់​វិញ ទំហំ​នៃ​ការ​ខូចខាត​ពិតជា​ធំធេង​ជាក់​ជា​ពុំខាន​៕