បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​ផ្លូវភេទ ក្រោម​ស្លាក​ម៉ាស្សា កោស​ជប់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្ត​បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ត្រី ឡាយ គឹ​ម​លូន នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា ស្ត្រី​ចំនួន​៥​នាក់ ដែល​ជា​អ្នក​ម៉ាស្សា​-​កោស​ជប់ ត្រូវ​បាន​ប្រគល់​ជូន​ទៅ​អង្គការ CWCC ចំណែក​ស្ត្រី​ម្នាក់​ជា​ម្ចាស់​ម្ចាស់​ទីតាំង​ត្រូវ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

បន្ទាប់​ពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត លប​ឆ្មក់​ចូល​ទៅ បង្ក្រាប​នៅ​ទីតាំង​ម៉ាស្សា កោស​ជប់ ដែល​មាន​យីហោ ចាន់ ថា ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត និង​ដឹកនាំ​ប្រតិបត្តិការ​ដោយ​លោកស្រី​វរសេនីយ៍ឯក ឌី សុ​ជាតិ ស្នងការ​រង​ទទួល​ការងារ​យេ​ន​ឌ័​រ និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​។

លោក​វរសេនីយ៍ត្រី ឡាយ គឹ​ម​លូន នាយការិយាល័យ បាន​បន្ត​ទៀត​ថា ស្ត្រី​ជា​ម្ចាស់​ទីតាំង​ម៉ាស្សា កោស​ជប់ ក្រោម​ស្លាក​យីហោ​ចាន់ ថា ឈ្មោះ ទូច សា​វី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ទីតាំង​ភូមិ​ខាងលើ ក្នុង​នោះ​សមត្ថកិច្ច​បាន​សង្គ្រោះ​នារី​បំរើសេវា​ផ្លូវភេទ​បាន​ចំនួន​៥​នាក់ ។ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​ក៏​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បំរើ​ផ្លូវភេទ​ផង​ដែរ​។ បច្ចុប្បន្ន​នារី​រង​គ្រោះ​ទាំង​៥​នាក់ ត្រូវ​បាន​នគរបាល​ជំនាញ​បាន​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច និង​បន្ត​ប្រគល់​ទៅ​អង្គការ​ស្ត្រី​មាន​វិបត្តិ CWCC ចំពោះ​ស្ត្រី​ជា​ម្ចាស់​ទីតាំង​នគរបាល​ជំនាញ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕