​វេច​លុយ​ជាង​៥​ម៉ឺន​ដុល្លារ​រត់​បាត់ កូន​តុងទីន​ភ័យ​ឆោឡោ

រាជធានី​ភ្នំពេញ ​៖ សមាជិក​ក្រុម​អ្នកលេង​តុងទីន ដែល​ជា​កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ SWKK ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ប្រមាណ​ជាង​១០​នាក់ ដែល​តំណាង​ឲ្យ​កម្មករ​ជាង​២០០​នាក់ បាន​លើកគ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​អាជ្ញាធរ​សង្កាត់​ខាងលើ​ជួយ​អន្តរា​គម​ន៏​ស្វែងរក​មេ​តុងទីន ដែល​វេច​បង្វេច​រត់គេច​ខ្លួន​បាត់ ដោយ​នាំ​យក​លុយ​ទៅ​ជាមួយ​ជាង​៥​ម៉ឺន​ដុល្លារ ផង​ដែរ​។

បន្ទាប់​ពី​បានដឹង​ថា មេ​តុងទីន​ប្រើ​ល្បិច​បែប​នេះ ក្រុម​កូន​តុងទីន​ទាំងនោះ បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល និងរ​ត់រក​អាជ្ញាធរ​ឱ្យ​ជួយ នា​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៦​។ ក្រុម​អ្នកលេង​តុងទីន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​គឺជា​កម្មករ​រោងចក្រ​កាត់ដេរ SWKK ស្ថិត​ក្នុងភូមិ​ត្រពាំង ថ្លឹង សង្កាត់​ចោម​ចៅ ដែល​បាន​នាំ​គ្នា​ប្រមាណ​ជាង​២០០​នាក់ សន្សំ​ប្រាក់​តាម​រយៈ​ការ​លេង​តុងទីន​នេះ អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ ដែល​ម្នាក់​ៗ​សង្ឃឹមលើ​លុយ​តុងទីន​គ្រប់​ៗ​គ្នា ដោយ​មិន​នឹក​ស្មានថា ត្រូវ​មេ​ប្រើ​ល្បិច​បោកប្រាស់​បែប​នេះ​ឡើយ​។ តុង​ទី​ដែល​បានលេង​នោះ ក្នុង​១​ក្បាល​ចាប់ពី​១​ម៉ឺន​រៀល​ដល់​៥០​ដុល្លារ ហើយ​បើ​សរុប​ទាំងអស់​លុយ​មាន​ចំនួន​ជាង​៥​ម៉ឺន​ដុល្លារ និង​ត្រូវ​បាន​មេ​បោក​យក​ទៅ​បាត់​អស់បែប​នេះ មិនដឹង​ថា​មេរ​ត់ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ទីណា​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា មេ​តុងទីន​ម្នាក់​នោះ​មានឈ្មោះ ផុ​ន សូ​ត្យ ហៅ​ខេ​ង អាយុ​ជាង​៣០​ឆ្នាំ ជា​កម្មករ​នៅ​រោងចក្រ​ជាមួយ​គ្នា ស្នាក់​នៅផ្ទះ​ជួល​ភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ជើង​ដឹក ឃុំ​ប្រាំ​យ៉ា​ម ស្រុក​ស្រី​សន្ធរ ខេត្ត​កំ​ពង​ចាម​។ ពួក​គាត់​មិន​បានដឹង​ថា មេ​តុងទីន​ម្នាក់​នេះ​បាន​រត់គេច​ខ្លួន​បាត់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ម្យ៉ាងទៀត​ពួក​គាត់​មិនដឹង​ថា មេ​មានចិត្ត​មិន​ស្មោះត្រង់​បែប​នេះ​ទេ ទើប​គ្មាន​នរណា​ម្នាក់​ប្រុង​ប្រយ័ត្ន ដែល​បណ្ដាល​ឲ្យ​មេនោះ​មានឱកាស​បាន​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល ថែម​ទាំង​វេច​លុយ​ជាង​៥​ម៉ឺន​ដុល្លារ ទៅ​ជាមួយ​ទៀត​ផង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ដឹង​ថា​មេ​រត់​បាត់​២​ជាង​ថ្ងៃ ពួក​គាត់​បាន​នាំ​គ្នា​ទៅ​រក​ដល់​ស្រុក​កំណើត​របស់​ស្ដ្រី​ដែល​ជា​មេ​តុងទីន ប៉ុន្តែ​រក​មិនឃើញ​នោះ​ទេ​។

ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្តឹងសុំ​អន្តរា​គម​ន៏​ពី អាជ្ញាធរ​នៅ​ទីនោះ​រួច​ហើយ ទើប​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ​ធ្វើការ​ជា​ធម្មតា និង​បាន​សួរនាំ​បុរស​ម្នាក់​ដែល​ជា​ប្អូន​មេ​តុងទីន​នោះ ដែល​នៅ​ធ្វើការ​ជាមួយ​គ្នា​ដែរ ដើម្បី​ចង់​ដឹង​ថា​តើ​មេ​តុងទីន​នោះ​ទៅ​ទីណា​។ ស្រាប់តែ​ប្អូន​មេ​តុងទីន​នោះ មិន​ត្រឹមតែ​មិន​ប្រាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គំរាម និង​ព្រមាន​ថា ប្រសិនបើ​បង​របស់ខ្ញុំ​មាន​បញ្ហា​អ្វី​នោះ ប្រយ័ត្ន​ខ្ញុំ​ប្តឹង​អ្នក​ទាំងអស់​គ្នា​។ អ្វី​ដែល​ជា​សម្ដី​បុរស​រូប​នោះ​បាន​និយាយ គឺជា​ការ​ផ្សំ​គំនិត ក្នុង​ការ​បោកប្រាស់​តែ​ម្ដង​។ ដោយសារ​តែ​មានការ​គំរាម​ប្តឹង​បែប​នេះ ទើប​ពួក​ខ្លួន​លែង​ហ៊ាន​សួរនាំ​បន្ត​ទៀត ហើយ​បាន​សម្រេចចិត្ត​លើកគ្នា ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សាលាសង្កាត់​ចោម​ចៅ ដើម្បី​សុំ​អន្តរាគមន៍​៕