ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​មហិច្ឆតា​ចង់​កសាង​សាលា​រៀន​ឲ្យ​បាន​ច្រើន

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​មហិច្ឆតា​ចង់​កសាង​សាលា​រៀន​ឲ្យ​បាន​ច្រើន



 

ត្បូងឃ្មុំ​ ៖​ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​មានប្រសាសន៍ថា ​អ្វី​ដែល​សម្ដេច​ចង់​សងសឹក​ជាងគេ​គឺ​ការ​កសាង​សាលារៀន​ឲ្យ​បាន​ច្រើន​នៅ​ទី​ជនបទ​របស់​កម្ពុជា​ក្នុង​គោលបំណង​មិន​ចង់​ឲ្យ​កុមារ​កម្ពុ​ជា​មាន​វាសនា​អភ័ព្វ​ដូច​សម្ដេច​ ដែល​កាលពី​អាយុ​១៣​ឆ្នាំ​ត្រូវ​បាន​ចាកចោល​ផ្ទះសម្បែង​ក្រុម​គ្រួសារ​ទៅ​កាន់​រាជធានី​ស្នាក់នៅ​ជាមួយ​ព្រះសង្ឃ​ដើម្បី​ទទួល​បាន​ការសិក្សា​រៀន​សូត្រ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​អគារសិក្សា​នៃ​វិទ្យាល័យ​ពអម្ពវ័ន​ជំនីក​ និង​ស្ពានបេតុង​ព្រែក​តា​កុ​ច ស្ថិត​ក្នុងស្រុក​ក្រូចឆ្មារ នា​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ ២០១៦។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ​៖ “​សម្តេច​ចង់​សងសឹក​គឺ​នៅ​ចំណុច​នេះឯង គឺ​មិនមែន​សងសឹក​លើ​ជីវិត​មនុស្ស​នោះ​ទេ​ព្រោះ​អ្វី ? ព្រោះ​នៅត្រង់ថា​អាយុ​បាន ១៣ ឆ្នាំ​ខ្ញុំ​បាន​ធ្វើ​ចំណាកស្រុក​ទៅហើយ តាមរយៈ​នៃ​ការចាកចេញ​ពី​ភូមិកំណើត​ទៅកាន់​ទីក្រុង​ភ្នំពេញ​ស្នាក់នៅ​ជាមួយ​ព្រះសង្ឃ ដើម្បី​ទទួលបាន​ការរៀនសូត្រ​”​។​ សម្តេច​បាន​បន្តទៀតថា ​៖“​អញ្ចឹង​បានជា​នៅពេល​ខ្ញុំ​មាន​ឱកាស​គ្រប់គ្រង​អំណាច អ្វីដែល​ខ្ញុំ​ធ្វើ​មុនគេ​នោះ​គឺ​សាលារៀន​”។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀត​ថា ភាពខុសគ្នា​កាលពី​អតីតកាល​ ដែល​យើង​មាន​សាលា​តិចតួច​ធ្វើ​ឲ្យ​អ្នក​បោះបង់ចោល​សាលារៀន​នោះ​ មាន​ចំនួន​ច្រើន​ណាស់​ព្រោះ​អត់​មានលទ្ធភាព​ទៅ​ឆ្ងាយ ​តែ​ឥឡូវនេះ​សូម​បងប្អូន​ជនរួមជាតិ កុមារា កុមារី យុវជន កុំ​បោះបង់​ឱកាស​ដែល​ខ្លួន​មាន ឱកាស ទី​១.​គឺ​សន្តិភាព​គ្រប់​ដណ្តប់​ពេញ​ផ្ទៃ​ប្រទេស​អត់​មាន​ត្រូវ​រត់លូន​ដូច​នៅ​ក្នុង​សម័យ​សង្គ្រាម​ទេ អត់​មាន​បំផ្លាញ​ចោល​សាលា​ដូច​ប៉ុលពត​ទេ ​ប៉ុន្តែ​ពេលនេះ​សាលា​ដើរ​រក​កូនសិស្ស ហើយ​ពេលនេះ​មិនមែន​កូនសិស្ស​ដើរ​រក​សាលា​ដូច​សម័យ​មុន​នោះទេ ។ ​សម្តេច​តេ​ជោ​បន្តថា​៖ “​សម្តេច​ត្រូវ​ចំណាកស្រុក​តាំងពី​អាយុ ១៣ ឆ្នាំ​ដែល​ខ្ញុំ​ត្រូវតែ​សងសឹក​លើ​ចំណុច​នេះ​តាមរយៈ​ការ​ពង្រាយ​សាលា​កុំ​ឲ្យ​ក្មេងៗ​អភ័ព្វ​ដូច​ខ្ញុំ​កាល​ពី​អតីតកាល​ មិនធម្មតា​ទេ បែក​ពី​ក្រុម​គ្រួសារ​នៅ​អាយុ​១៣ ឆ្នាំ នឹកឪពុក ម្តាយ បងប្អូន នឹក​ភូមិកំណើត​ពិសេស​នៅពេល​មេឃ​ភ្លៀង​ផ្គរលាន់​ម្តង ៗ​ស្រស់ទឹក​ភ្នែក​។ ប៉ុន្តែ​ក្មេង​សម័យនេះ​មិន​ដូច​ក្មេង​សម័យមុន​ទេ ​កុំ​ឲ្យ​រំលង​ឱកាស​ដែល​ខ្លួន​មាន ទៅលេង​គ្រឿងញៀន ទៅលេង​ល្បែងស៊ីសង​” ។

សម្តេច​តេ​ជោ​បាន​បន្តថា ចំណុច​ងាយស្រួល​មួយទៀត​សម្រាប់​សិស្សានុសិស្ស​នោះ​គឺ​ប្រព័ន្ធ​ផ្លូវ និង ស្ពាន ដែល​ត្រូវបាន​ស្ថាបនា​យ៉ាងច្រើន លែង​ត្រូវ​ដើរកាត់​ភក់ ឬ លី​កង់​ឆ្លង​ទឹក​ទៀតហើយ ដែល​បង្ក​ឲ្យ​សិស្ស​អាចធ្វើ​ដំណើរ​ទៅ​សាលារៀន​បាន​យ៉ាង​ងាយស្រួល។

​ ​សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា​សមិទ្ធផល​ដែល​សម្ពោធ​នៅថ្ងៃនេះ​ទាំង​សាលារៀន ទាំង​ស្ពាន នឹង​បង្កើតជា​ស្ថានភាព​ងាយស្រួល​សម្រាប់​ប្រជាជន។ ចំណុច​នេះ​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​វិស័យ​អប់រំ ការធ្វើ បែបនេះ​ដើម្បី​បង្ក​ការងាយស្រួល​ដល់​ប្រជាពលរដ្ឋ។ ទាក់ទង​នឹង​ការផ្ដល់​អគារសិក្សា​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បានផ្តល់​នូវ​ក្ដី​សង្ឃឹមថា ​សិស្សានុសិស្ស​នឹង​ទទួល​បាន​ប្រយោជន៍​ពីសា​លា​នេះ ហើយ​មិនមែន​គ្រាន់តែ​ថ្ងៃនេះ​ទេ​ ក៏ប៉ុន្តែ​នៅ​ត​ជំនាន់ ត ៗ​ទៅ​ទៀត។ សម្ដេច​បន្ត​ថា ​មិនមែន​គ្រាន់តែ​កន្លែង​នេះ​មួយ​ទេ​ គឺ​នៅ​កន្លែង​ច្រើន​ទៀត​ត្រូវ​បាន​ការ​យកចិត្ត​ទុក ដាក់​ដូចគ្នា។

សម្ដេច​បាន​បន្ត​លើកឡើង​ថា​ ស្រុក​ក្រូចឆ្មារ​នេះ​ពី​អតីតកាល​មាន​អនុវិទ្យាល័យ​ចំការ​ម្លូរ តែមួយគត់ គ្មាន​ទេ​វិទ្យាល័យ ហើយ​វិទ្យាល័យ​នៅ​ខេត្ត​កំពង់ចាម ដោយ​មិនទាន់​និយាយ​ពី​បែងចែក​រវាង​ខេត្ត​ត្បូងឃ្មុំ និង កំពង់ចាម​នោះ វិទ្យាល័យ​មានតែ​ពីរ​ប៉ុណ្ណោះ​គឺ​វិទ្យាល័យ​កំពង់ចាម​ និង​វិទ្យាល័យ​ជើងព្រៃ។

តប​ទៅនឹង​ការ​រិះគន់​ថា​ធ្វើ​សាលា​ច្រើនតែ​ឲ្យ​ប្រាក់​ខែ​គ្រូបង្រៀន​តិច​ សម្ដេច​បញ្ជាក់​ថា​នៅតែ​ពីរ​ថ្ងៃ​ទៀត​ទេ​ ប្រាក់ខែ​នឹង​ឡើង​ថែមទៀត​គឺ​គ្រូ​បឋម និង មតេយ្យ​ទាប​បំផុត ២០០ ដុល្លារ​អាមេរិក ចំណែក ២០១៨ នឹង ឡើងដល់ ២៥០ ដុល្លារ​អាមេរិក​ទាប​បំផុត​ជាង ១ លាន​រៀល។ នេះ​ជាការ​ពិត​គឺ​មិនមែន​ការឡើង​ខ្យល់​នោះឡើយ។ ជាមួយនឹង​ការឡើង​ប្រាក់ខែ​នេះដែរ សម្រាប់​បុណ្យចូលឆ្នាំ​នេះ​ក៏​ត្រូវបាន​ឧបត្ថម្ភ​បន្ថែម​ដល់​មន្ត្រីរាជការ កងកម្លាំង ប្រដាប់​អាវុធ គ្រប់​ប្រភេទ ម្នាក់​៥​ម៉ឺន​រៀល ហើយ​សម្រាប់​ម្នាក់​៥​ម៉ឺន​រៀន​នេះ​ចំពោះ​ម្នាក់ៗ​តិច​ទេ ​ប៉ុន្តែ​សម្រាប់​រាជរដ្ឋាភិបាល គឺ​ត្រូវ​ចំណាយ​រហូតដល់ ៦ លាន​ដុល្លារ​អាមេរិក។

សូម​បញ្ជាក់​ថា ​សមិទ្ធផល​ ដែល​សម្ពោធ​នៅ​ថ្ងៃនេះ​គឺ​មាន​អគារសិក្សា​នៃ​វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន អម្ពវ័ន​ជំនីក ១ ខ្នង ៣ ជាន់ ២៤ បន្ទប់ និង ឃ្លាំង​ចំនួន​៣ ស្ថិតក្នុង​ឃុំ​ជំនីក និង ស្ពាន​ព្រែ​កតា​កុ​ច​ប្រវែង​១៨០​ម៉ែត្រ​ទទឹង​៨​ម៉ែត្រ​ស្ថិតនៅ​ព្រំប្រទល់​ឃុំ​ជំនីក​និង​ឃុំ​រកាខ្នុរ។ រហូតមកដល់​ពេលនេះ​ខេត្ត​ត្បូងឃ្មុំ​មាន​សមិទ្ធផល​របស់​ស​ម្ដេច​តេ​ជោ និង សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​បានផ្តល់​អគារសិក្សា​សរុប​ចំនួន​២៩៧​ខ្នង ស្មើនឹង​១.៥៣០​បន្ទប់។ ដោយឡែក​ស្ពានបេតុង​ព្រែក​តា​កុ​ច ដែល​សម្ពោធ​នៅ​ថ្ងៃ​នេះ​ដែរ​ បាន​ចាប់ផ្ដើម​សាងសង់​ ដោយ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត នៅ​ឆ្នាំ ២០១៣ និង បាន​បញ្ចប់​ការសាងសង់​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៥ ចំណាយ​ថវិកា​សរុប ៦.៧៨៧​លាន​រៀល៕

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​មហិច្ឆតា​ចង់​កសាង​សាលា​រៀន​ឲ្យ​បាន​ច្រើន