ពាន KMH Champion League ចាប់ផ្ដើមចម្រាញ់រកជើងខ្លាំង ៨ក្រុមថ្ងៃស្អែក

ភ្នំពេញ៖ ពានរង្វាន់ពាក់កណ្ដាលអាជីព KMH Champions League បានឈានដល់វគ្គ ១៦ក្រុមចុងក្រោយ (១/៨ផ្ដាច់ព្រ័ត្រ) ដោយការប្រកួត នឹងចាប់ផ្ដើម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ស្អែកនេះ ដើម្បីចម្រាញ់ រកជើងខ្លាំងចំនួន ៨ក្រុម ឡើងទៅប្រកួតវគ្គបន្ដ បន្ទាប់ពីឈប់សម្រាក អស់រយៈពេល ៣សប្ដាហ៍កន្លងទៅ ។

លោក សៀក សុវណ្ណ អ្នកសម្របសម្រួល កម្មវិធីប្រកួត KMH Champions League បានឲ្យដឹងថា ឈានដល់មកវគ្គ ១/៨ផ្ដាច់ព្រ័ត្រនេះ លោកជឿជាក់ថា ការប្រកួតនឹងកាន់តែជក់ចិត្ត ហើយក៏មានភាព តានតឹងផងដែរ ដោយសារក្រុមនីមួយៗ សុទ្ធតែសមត្ថភាព ល្អរៀងៗខ្លួន បន្ទាប់ពីឆ្លងផុតវគ្គជម្រុះ ៣២ក្រុមនោះ ។

លើសពីនេះលោកបានបញ្ជាក់ទៀតថា ឈានដល់វគ្គ ១/៨ផ្ដាច់ព្រ័ត្រ នេះទៀតសោត ក្រុមនីមួយៗ សុទ្ធតែទទួលបាន ប្រាក់រង្វាន់ លើកទឹកចិត្ត រួចទៅហើយ ។ នេះបើតាមយោងតាម គោលការណ៍របស់ គណៈកម្មការរៀបចំ ការប្រកួត ដែលផ្ដួចផ្ដើមគំនិត រៀបចំដោយលោក កាំង សេន នោះ ។

ប្រាក់រង្វាន់លើកទឹកចិត្ត ដែលត្រូវផ្ដល់ជូន ក្រុមឆ្លងផុតវគ្គជម្រុះ បឋមនោះ គឺក្នុងមួយក្រុម ទទួលបាន ៥០ដុល្លារ ប៉ុន្ដែបន្ដឡើងទៅវគ្គ ៨ក្រុម ចុងក្រោយ ទទួលបាន ១៥០ដុល្លារ ហើយបើឈានដល់ វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ឬវគ្គ ៤ក្រុមចុងក្រោយ ក្នុងមួយក្រុម ទទួលបាន ៣៥០ដុល្លារ ។  ដោយឡែក ក្រុមម្ចាស់ជើងឯក ពានរង្វាន់ KMH Champions League ទទួលបានពានមួយ និងប្រាក់រង្វាន់ ៣,០០០ដុល្លារ លេខ២ ទទួលបាន ១,៥០០ដុល្លារ និងលេខ៣ ទទួលបាន ៧៥០ដុល្លារ ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតបើកឆាកវគ្គ ១៦ក្រុមចុងក្រោយ ថ្ងៃស្អែកនេះ គឺមាន ២ប្រកួតក្នុងនោះក្រុម CGS United ត្រូវជួបក្រុម Ggear Bosch និងក្រុមពោធិ៍សែនជ័យ FC ប៉ះក្រុម Svay Rieng Legend ។ រីឯ ៦ប្រកួតផ្សេងទៀត នឹងត្រូវប្រកួត ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ជាបន្ដបន្ទាប់ ។ វគ្គនេះដែរ ក្រុមដែលចាញ់ គឺធ្លាក់តែម្តង រីឯក្រុមឈ្នះៗ នឹងបានឡើង នៅវគ្គ ៨ក្រុមចុងក្រោយ ៕

ពាន KMH Champion League ចាប់ផ្ដើមចម្រាញ់រកជើងខ្លាំង ៨ក្រុមថ្ងៃស្អែក

ពាន KMH Champion League ចាប់ផ្ដើមចម្រាញ់រកជើងខ្លាំង ៨ក្រុមថ្ងៃស្អែក