ពេជ្រ សោភា លួច​សរសើរ ព្រាប សុវត្ថិ ក្រោយ​ខ្នង

ពេជ្រ សោភា បាននិយាយដោយចាត់ទុកថា សមត្ថភាពនិពន្ធរបស់នាងជាចំណែកតូចមួយប៉ុណ្ណោះក្នុងបទចម្រៀង ប៉ុន្តែអ្វីដែលសំខាន់គឺសមត្ថភាពតារាចម្រៀងក្នុងនោះក៏មានលោក ព្រាប សុវត្ថិ ផងដែរ។

ពេជ្រ សោភា លួច​សរសើរ ព្រាប សុវត្ថិ ក្រោយ​ខ្នង

“ បង សុវត្ថិ គាត់ធ្វើបានល្អ ហើយគាត់ពូកែ និយាយទៅ គាត់ខ្លាំង ហើយខ្ញុំគ្រាន់តែបន្តិចបន្តួចទេតាមពីក្រោយ”។ សោភា ថ្លែងមកកាន់ Sabay ។ តារាចម្រៀងរូបនេះបន្តថា លោក ព្រាប សុវត្ថិ ជាមនុស្សមានសមត្ថភាព និងសំឡេងស្រាប់ ដែលធ្វើឱ្យចម្រៀងថ្មីរបស់នាង ដែលបាននិពន្ធចេញមកនោះកាន់តែមានភាពទាក់ទាញសម្រាប់អ្នកស្ដាប់ទូទៅក៏ថាបាន។ ជាក់ស្ដែងដូចជាបទ”យក្សរាំធុងបាស”, “សារាវ៉ាន់វង្វេងទិស” និងបទចម្រៀងផ្សេងៗទៀតជាដើម។

សោភា អះអាងថា យ៉ាងហោចណាស់ មានបទចម្រៀងថ្មីប្រមាណ ២៥ បទហើយ ដែលនាងបានសហការជាមួយអ្នកនិពន្ធ និងតារាចម្រៀង ងួន ចាន់ដេវីដ ផលិតឡើងសម្រាប់ផលិតកម្មហង្សមាស។ បទចម្រៀងទាំងអស់ បានបែងចែកឱ្យតារាចម្រៀងល្បីៗក្នុងផលិតកម្មដ៏ធំមួយនេះដូចជាលោក ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ, រិន សាវ៉េត និងតារាចម្រៀងចំណូលថ្មីមួយចំនួនទៀត។

អតីតអ្នកលក់អំពៅសាងដដែលបញ្ជាក់ថា បទចម្រៀងនីមួយៗ គឺមើលទៅតាមអត្តចរិត និងសំឡេងរបស់អ្នកច្រៀង ហើយមិនមែនជារឿងងាយស្រួលនោះទេសម្រាប់រូបនាង ព្រោះត្រូវប្រុងប្រយ័ត្នគ្រប់ជ្រុងជ្រោយទាំងចំណងជើង និងខ្លឹមសារបទនីមួយៗ ដើម្បីជៀសវាងការរិះគន់។ ពេជ្រ សោភា បញ្ជាក់ថា៖ “ ពួកខ្ញុំរីករាយចែករំលែកនូវអ្វីដែលមាន។ ប្រសិនបើធ្វើថ្ងៃហ្នឹងមិនជោគជ័យ និងធ្វើបន្តទៀតរហូតទាល់តែជោគជ័យ ខ្ញុំមិនជឿថា មិនកែប្រែនោះទេ”៕           

ប្រភព៖ សប្បាយ