សម្ដេច ហ៊ុន សែន​៖«​នឹងមាន​ការដេញថ្លៃ​ប្រាក់ខែ​…​តែ​គណបក្ស​ប្រជាជន​អត់​ហ៊ាន​ដេញថ្លៃ​ទេ​»

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ថា នៅ​ថ្ងៃទី​០១ មេសា គ្រូបង្រៀន​នឹង​ទ​ទូល​បាន​ប្រាក់ខែ​យ៉ាងតិច​៨០​ម៉ឺន​រៀល តាមរយៈ​ការដំឡើង​តាម​កាំជណ្ដើរ​របស់​គោលនយោបាយ​រដ្ឋាភិបាល​។ ទន្ទឹមនឹង​ការនិយាយ​ពី​ប្រាក់ខែ​គ្រូ​ប​បង្រៀន​នេះ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​រំ​ឮ​ក​ដែរ​ថា នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ខាងមុខនេះ​គ្រប់​មន្ត្រីរាជការ​ស៊ីវិល ទាំង​មន្ត្រី​ចូលនិវត្តន៍ គឺ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ម្នាក់​ចំនួន​៥​ម៉ឺន​រៀល​បន្ថែមទៀត ដែល​ទឹកប្រាក់​ចំណាយ​នេះ​មាន​ចំនួន​សរុប​ប្រមាណ​ជា​៦​លាន​ដុល្លារ​។​

​បើទោះជា​មិន​និយាយ​ចំអក​ចំៗ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី តែ​សម្រាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ការដំឡើង​ប្រាក់ខែ និង​ការផ្ដល់​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ មិនមែនជា​រឿង​លេងសើច ដែល​ចេះតែ​អាច​សន្យា​បាន​ដូច​អ្នកនយោបាយ​ខ្លះ​ឡើយ ដោយ​សម្ដេច ហ៊ុន សែន ចំអក​មុន​ថា «​ខាងមុខ​នឹងមាន​ការដេញថ្លៃ​ខាង​ប្រាក់ខែ​…​តែ​គណបក្ស​ប្រជាជន​អត់​ហ៊ាន​ដេញថ្លៃ​ទេ​»​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​វិទ្យាល័យ «​ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័ន​ជំនីក​» នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​៖

​បើតាម​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៥ មីនា រដ្ឋាភិបាល​បាន​បង្គាប់​ក្រសួង ស្ថាប័ន​ដែល​បានរៀបចំ​ការបើក​គណ​នី​បៀវត្ស​ជូន​មន្ត្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់​ពួកគេ​រួចហើយ ត្រូវ​ប​ញ្ជូ​ល​ប្រាក់ឧបត្ថម្ភ​នេះ ចូលក្នុង​គណនី​មន្ត្រី​ទាំងនោះ​តែម្តង​។ រីឯ ការផ្តល​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត ត្រូវ​ប​ញ្ជូ​លតា​មគ​ណី​ន​បៀវត្ស​របស់​មន្ត្រី​ម្នាក់ៗ​ទាំងអស់​។ ចំពោះ​ការ​ក្រសួង ស្ថាប័ន​ដែល​ពុំទាន់​បានរៀបចំ​ការបើក​គណ​នី​បៀវត្ស​ជូន​មន្ត្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់​ពួកគេ​រួចរាល់​នោះ រដ្ឋាភិបាល​បង្គាប់​ក្រសួង ស្ថាប័ន​ទាំងនោះ ឲ្យ​ចាត់ចែង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រី​ម្នាក់ៗ​គ្រប់​ចំនួន និង​ទាន់ពេលវេលា​។​

​ដោយឡែក និវត្តជន​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាលជាតិ​កម្ពុជា​ដែល​កំពុង​បំពេញការងារ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក អណ្តែត សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ ឬ​សមាជិក​ភូមិ ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​តែមួយ​កន្លែង​ប៉ុណ្ណោះ ស្ថិតក្រោម​ការចាត់ចែង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ នេះ​បើតាម​អនុក្រឹត្យ រដ្ឋាភិបាល​។​

​បើតាម​អនុក្រឹត្យ​ខាងលើ រដ្ឋាភិបាល​បាន​បង្គាប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ទទួលខុសត្រូវ ក្នុងការ​ពិនិត្យ​ផ្ទៀងផ្ទាត់ រៀបចំ​សំណើ និង​បើកប្រាក់​ឧបត្ថម្ភ​កំណត់​ក្នុង​អនុក្រឹត្យ​។ លើសពីនេះ រដ្ឋាភិបាល​បានបញ្ជាក់​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យ​លើកសំណើ​ជាក់ស្តែង​អំពី​ចំនួន​មន្ត្រី​ដែល​ទទួល​ប្រាក់ឧបត្ថម្ភ​ទៅ​ក្រសួង​សេដ្ឋកិច្ច ដើម្បី​ក្រសួង​សេដ្ឋកិច្ច​រៀបចំ​ប្រកាស​បន្ថែម​ឥណទាន​ផ្តល់​ដល់​មន្ត្រី​ទាន់ពេលវេលា​៕