ណាតាហ្សា ខក​ចិត្ត​មិន​បាន​ទៅ​អាហ្វ្រិកជាមួយ​ Booysen

តួឯក​ស្រី​ក្នុង​រឿង “កំណត់​ហេតុ​នាង​នាថ” ណាតាហ្សា ប្រាប់​ថា នាង​ខក​ចិត្ត​យ៉ាង​ខ្លាំង ​ព្រោះ​តែ​មិន​អាច​ធ្វើ​ដំណើរ​ជាមួយ​សង្សារ​សំណព្វចិត្ត​ទៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

 

 ណាតាហ្សា ខក​ចិត្ត​មិន​បាន​ទៅ​អាហ្វ្រិកជាមួយ​ Booysen

 

តារា​ស្រី​វ័យ ២៣ ឆ្នាំ​ខាង​លើ​បាន​ប្រាប់ Sabay ថា​មូលហេតុ​ដែល​មិន​អាច​រួម​ដំណើរ​ជាមួយ​កីឡាករ​ភ្នំពេញ​ក្រោន​ទៅ​ព្យាបាល​របួស​នៅ​អាហ្វ្រិក​​​បាន ព្រោះតែ​ធ្វើ​ទិដ្ឋាការ​ធ្វើ​ដំណើរ (Visa) មិន​ទាន់។ កូន​ខ្មែរ -ឥស្លាម បន្ត​ថា “មូលហេតុ​មួយ​ទៀត​ដោយសារ​តែ​នៅ​ប្រទេស​កម្ពុជា​មិន​មាន​ស្ថានទូត​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​យើង។ ដូចនេះ​ហើយ​ពេល​ជិត​ដល់​ថ្ងៃ​ទៅ​ទើប​ខាង​អាហ្វ្រិក​ជូន​ដំណឹង​មក​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ វីសា នៅ​ប្រទេស​ថៃ​វិញ​ទើប​អាច​ធ្វើដំណើរ​ទៅ​បាន។”

 

ណាតាហ្សា បាន​បន្ត​ទៀត​ថា​ ដោយសារ​ទទួល​ដំណឹង​កៀក​ថ្ងៃ​បែបនេះ​ ទើប​​ធ្វើឲ្យ​កញ្ញា និង​សង្សារ​សំណព្វចិត្ត Booysen មិន​អាច​ចាត់ចែង​ទាន់​ពេលវេលា។ ដូចនេះ​ទើប​កីឡា​កំពូល​ល្បឿន​រាង​តូច​ល្អិត​ត្រូវ​ទៅ​អាហ្វ្រិក​មុន។

 

ណាតាហ្សា ខក​ចិត្ត​មិន​បាន​ទៅ​អាហ្វ្រិកជាមួយ​ Booysen

 

 

តែទោះជាយ៉ាងណាក៏ដោយ​ នាង​ថា​រង់ចាំ​ដំណឹង និង​ឯកសារ​ពី​អាហ្វ្រិក​ខាងត្បូង​មក​វិញ​សិន និង​ថ្ងៃ ០៣ ខែ​មេសា ខាងមុខ​នាង​ត្រូវ​ឡើង​ទៅ​ប្រទេស​ថៃ​មួយ​ជើង​ទៀត​សិន ហើយ​បាន​រត់​ឯកសារ​ទាន់ ​គឺ​ត្រូវ​ចេញ​ដំណើរ​ទៅ​អាហ្វ្រិក​តាម​ក្រោយ​តែម្ដង។

 

តាម​គម្រោង​កន្លងមក ណាតាហ្សា ត្រូវ​រួម​ដំណើរ​ជាមួយ Booysen Shane ទៅ​ព្យាបាល​របួស​នៅ​ស្រុក​កំណើត​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដោយសារ​រង​របួស​ជង្គង់​អំឡុង​ពេល​លេង​ទល់​នឹង​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ខែ​មុន ដោយ​ពេល​នោះ រូបគេ​ចូល​លេង​បាន​តែ​១​នាទី​ប៉ុណ្ណោះ ក៏​ត្រូវ​ដូរ​ចេញ​ភ្លាម​តែម្ដង៕

 

អត្ថបទ៖ទ្រី រ៉ាវី