Watford សម្លឹង​ចង់បាន​ខ្សែបម្រើ​ពីរ​នាក់​របស់ Liverpool

ក្លិប Watford កំពុង​ពិចារណា​ក្នុងការ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាងមុខ ដោយបាន​សម្លឹង​ឃើញ​កីឡាករ​ពីរ​នាក់​របស់​ក្លិប​ហង្ស​ក្រហម Liverpool គឺ​កីឡាករ Joe Allen និង Jordon Ibe ខណៈដែល​ក្លិប​នេះ​កំពុង​ព្យាយាម​បោះទុន​លើ​កីឡាករ​មិនសូវ​ពេញចិត្ត នៅ​កីឡដ្ឋាន Anfield។

jeo-allenAllen នឹង​ឈានដល់​កុងត្រា​លេង​រយៈពេល ១២ខែ​នៅក្នុង​ក្លិប Liverpool នៅ​រដូវក្តៅ​នេះ ទោះបីជា​មានការ​ពិភាក្សា​ពី​ការបន្ត​កុងត្រា​មុន​ក៏ដោយ ប៉ុន្តែ​ការពិភាក្សា​នោះ​លែងមាន​ទៅវិញ ចាប់តាំងពី​លោក Jurgen Klopp មក​ជំនួស​លោក Brendan Rodgers ជា​គ្រូបង្វឹក​កាលពី​ខែតុលា​មក។ អតីត​ខ្សែបម្រើ​កណ្តាល​របស់​ក្លិប Swansea នេះ​មានការ​ចាប់អារម្មណ៍ ក្រោយពី​លោក Klopp ផ្តល់​ឳ​កាស​ឲ្យ​ចូល ប៉ុន្តែ​តែ ១០ប្រកួត​ប៉ុណ្ណោះ ក្នុង ៣៨ប្រកួត​របស់​គ្រូបង្វឹក​ថ្មី​នេះ។

រីឯ កីឡាករ Ibe ក៏​កំពុង​ប្រឈម​នឹង​ភាពលំបាក​នៅ​រដូវ​កាល​នេះ​ផងដែរ នៅ​ក្លិប Liverpool ហើយ​លោក Gareth Southgate គ្រូបង្វឹក​ជម្រើសជាតិ​អង់គ្លេស​អាយុ​ក្រោម ២១ឆ្នាំ អះអាង​ដែរ​ថា ខ្សែបម្រើ​ស្លាប​វ័យក្មេង​នេះ បាត់បង់​ជំនឿ​ចិត្ត​ផងដែរ ក្រោយពី​ត្រូវ​បណ្តេញចេញ​ក្នុងការ​ប្រកួត​ឲ្យ​អង់គ្លេស ជាមួយ ស្វី​ស​ហ្សឺ​ឡែ​ន​កាលពី​ថ្ងៃអាទិត្យ។ កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ​ត្រូវបាន​រឹតត្បិត​ចូលក្នុង​តួនាទី​ធំ ក្រោម​ការដឹកនាំ​របស់​លោក Klopp ខណៈដែល​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់​នេះ ក៏​កំពុង​សម្លឹង​ចង់ Mario Gotze មក​ពង្រឹង​ស្លាប​ជំនួស​នៅ Liverpool នេះ​នា​រដូវ​កាល​ក្រោយ​ផងដែរ។ Watford ​ស៊ើបសួរ​​លើ​កីឡាករ​ទាំងពីរ​នេះ ថា​តើ​ចង់​នៅ​បន្តទៀត​ជាមួយ Liverpool ឬ​អត់៕