ក្រុម​ U16 កម្ពុជា​ឈ្នះ​ក្រុម​ជប៉ុន ថ្ងៃ​បើក​ឆាក​ពាន J-League

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​​១៦​ឆ្នាំ​របស់​កម្ពុជា​(U16) បាន​បង្កើតនូវ​រឿង​ដ៏​គួរ​ឲ្យកោត​សរសើរ​មួយ តាម​រយៈ​ការ​យក​ឈ្នះ​ក្រុម​ ​Kagoshima United FC របស់​ម្ចាស់​ផ្ទះ​ជប៉ុន ក្នុង​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ J-League U16 Challenge 2016 កាល​ពីប៉ុន្មាន​ម៉ោង​មុន​នេះ។

kid-kh-1សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Global Arena ក្នុង​ទី​ក្រុង Fukuoka City ប្រទេស​ជប៉ុន​នោះ​​ក្រុម​U16កម្ពុជា ដែល​ដឹក​នាំ​ដោយ​គ្រូ​បង្គោល​ជន​ជាតិ​ជប៉ុន​គឺ​លោក KAZUNORI INOUE នោះ​បាន​យក​ឈ្នះ​ក្រុម​ Kagoshima United FC ក្នុង​លទ្ធ​ផល ២-០ ខណៈ​ក្រុម​ជប៉ុន​មួយ​ក្រុម​នេះ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ឯណោះ។

យ៉ាង​ណា​ក៏​ដោយ ក្រុមU16កម្ពុជា ដែលសុទ្ធ​សឹង​តែ​ជា​កីឡាថ្នាល​ហ្វឹក​ហាត់​នៅ​មជ្ឈមណ្ឌល និងសាលា​កីឡាបាល់​ទាត់​ជាតិ​បាទី ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣​នោះ នៅ​សល់​ការ​ប្រកួត​ជា​ច្រើន​ទៀត ក្នុង​ពាន​រង្វាន់ J-League U16 Challenge 2016 នេះ​ដោយ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​​ស្អែកនេះ ​ក្រុម​U16​កម្ពុជា នឹង​ត្រូវ​ប្រកួត​​​ជាមួយ​ក្រុម Kamatamare Sanuki FC របស់​ជប៉ុន នា​ព្រឹក​ម៉ោង​៩ ​ហើយ​នៅ​​រសៀល​ម៉ោង ២:៣០ ថ្ងៃ​ដដែល​នេះ ពួក​គេ​ត្រូវ​ជួប​ក្រុម PVF របស់​វៀតណាម។

ចំណែកនៅ​ថ្ងៃ​សុក្រ ​ទី១ ខែ​មេសា ក្រុម​U16កម្ពុជា ត្រូវ​បន្ត​ជួប​ក្រុម Roasso Kumamoto FC របស់​ជប៉ុន នៅ​​ព្រឹក​ម៉ោង​ ១០:៣០ ហើយ​នៅ​វេលា​ម៉ោង​ ២:៣០ ​ក្រុម​U16កម្ពុជា នឹង​ត្រូវ​ធ្វើ​ការ​ប្រកួតចុង​ក្រោយ​ជាមួយ​ក្រុម​​ជប៉ុន​មួយ​ទៀត​គឺ​ក្រុម Avispa Fukuoka FC៕