ចោរ​ចាប់​ពង្រត់​យន្ដហោះ «Egypt Air» មាន​រោគ​«ចិត្ត»?

ការចាប់ពង្រត់យន្ដហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ទៅកាន់ព្រលានយន្ដហោះ ក្រុង «Larnaca» នៅក្នុងប្រទេស ឈីព្រ (Chypre) បានបញ្ចប់ទៅហើយ កាលពីល្ងាចថ្ងៃអង្គារម្សិលម៉ិញ បន្ទាប់​ពីជន ដែល​ចាប់​ពង្រត់​យន្ដហោះម្នាក់នោះ បានប្រគល់ខ្លួន ឲ្យអាជ្ញាធរចាប់ខ្លួន។ អាជ្ញាធរជឿថា ជន​នេះ​មាន​បញ្ហា​​ខាង​ផ្លូវ​ចិត្ត ឬ​មាន​សតិ​មិននឹងនរ។
ចោរ​ចាប់​ពង្រត់​យន្ដហោះ «Egypt Air» មាន​រោគ​«ចិត្ត»?

ចំណាប់ខ្មាំងម្នាក់ (អ្នកបើកបរយន្ដហោះ?) បានលោតចេញ ពីបន្ទប់បើកបរយន្ដហោះ ដើម្បីរំដោះខ្លួន។ (រូបថតផ្តិតពីវីដេអូ)

ជន ដែលចាប់ពង្រត់យន្ដហោះ ចេញពីទិសដៅដើម (ដែលឆ្ពោះទៅកាន់រដ្ឋធានី គែរ ប្រទេសអេហ្សីប) តែ​បែរ​ជាទៅឈប់ នៅក្នុងព្រលានយន្ដហោះ ក្រុង «EgyptAir» របស់ប្រទេស ឈីព្រ (Chypre) នោះ ត្រូវបាន​ចាប់​ខ្លួនទាំងស្រុង។ តាមរូបភាពជាច្រើន ដែលត្រូវបានថតដោយអ្នកសារព័ត៌មាន នៅនឹងកន្លែង បានបង្ហាញ​ថា ជនចាប់ពង្រត់យន្ដហោះរូបនោះ បានដើរចេញពីយន្ដហោះ និងចុះតាមជណ្ដើរ មុននឹងលើកដៃទាំងពីរ​ឡើង ដើម្បី​ប្រគល់​ខ្លួន​ឲ្យអាជ្ញាធរ។

នគរបាលពីរនាក់ បានបញ្ជាឲ្យជនចាប់ពង្រត់យន្ដហោះរូបនេះ ក្រាបផ្ទាល់ទៅលើដី ហើយបានធ្វើការឆែកឆេរ ដោយខ្លាចជននេះ មានអាវុធ ឬសម្ភារៈជាតិផ្ទុះ នៅជាប់នឹងខ្លួន។

អ្នកដំណើរទាំងអស់ និងសមាជិកបម្រើការ ដែលមានវត្តមាននៅក្នុងយន្ដហោះ ត្រូវបានសង្គ្រោះ និង​ជម្លៀស​ចេញ ដោយសុខសុវត្ថភាព។ រដ្ឋមន្ត្រីដឹកជញ្ជូនខាងផ្លូវអាកាស របស់ប្រទេសអេហ្សីព ក៏បានអះអាងដែរថា គ្មាន​នរណាម្នាក់ ទទួលរងនូវគ្រោះថ្នាក់អ្វីឡើយ នៅក្នុងព្រឹត្តិការណ៍នេះ។

ចោរ​ចាប់​ពង្រត់​យន្ដហោះ «Egypt Air» មាន​រោគ​«ចិត្ត»?

ចោរចាប់ពង្រត់យន្ដហោះ ជាតិអេហ្សីប...

បើតាមការអះអាង របស់មន្ត្រីរដ្ឋាភិបាល របស់ប្រទស ឈីព្រ បានបញ្ជាក់ថា ជនចាប់ពង្រត់យន្ដហោះ មាន​សញ្ជាតិអេហ្សីព។ នៅវេលាព្រឹកថ្ងៃអង្គារ ជននេះ បានចាប់ពង្រត់យន្ដហោះ ប្រភេទអ៊ែរប៊ូស (Airbus A-320) របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ដែលត្រូវហោះចេញ ពីក្រុង «Alexandrie (ភាគខាងជើង នៃ​ប្រទេស​អេហ្សីព)» ទៅកាន់រដ្ឋធានី គែរ ជាមួយអ្នកដំណើរ៥៥នាក់។ យន្ដហោះ បានហោះខុសពីផ្លូវដើម ដោយហោះ​តម្រង់ទៅកាន់ កោះ ឈីព្រ មុននឹងឈប់នៅព្រលានយន្ដហោះ ក្រុង «Larnaca» ដែលស្ថិតក្នុងភាពខាងកើត នៃប្រទេសនេះ។

មូលហេតុអ្វី បានជាចាប់ពង្រត់យន្ដហោះ?

បុរសវ័យចំណាស់ម្នាក់នេះ ដែលគេស្គាល់ឈ្មោះ «Seif Eldin Mustafa» បានគម្រាមចាប់ពង្រត់យន្ដហោះ ដោយ​អះអាងថា ខ្លួនមានខ្សែក្រវ៉ាត់គ្រាប់បែក ចង់ជាប់ទៅនឹងខ្លួន ហើយថា ខ្លួនអាចនឹងទាញគន្លឹះ ឲ្យផ្ទុះ​ពេល​ណាក៏បាន។ តែនៅទីបំផុតទៅ គ្មានអាវុធ ជាតិផ្ទុះណាមួយ ត្រូវបានរកឃើញ នៅលើយន្ដហោះ ឬនៅ​ជាប់​នឹង​ខ្លួន របស់ជនចាប់ពង្រត់យន្ដហោះនេះឡើយ។ យ៉ាងណាក៏ដោយ អាជ្ញាធររបស់ប្រទេស ឈីព្រ បាន​អះអាង​ថា ទង្វើរបស់បុរសម្នាក់នេះ មិនជាប់ទាក់ទង នឹងអំពើភេរវនិយមណាមួយទេ។

» បុរសវ័យចំណាស់ (ឆ្វេង) ដែលបានបំពាក់ ខ្សែក្រវ៉ាត់គ្រាប់បែកក្លែងក្លាយ បានថតរូប«កំសាន្ដ» ជាមួយ​ចំណាប់​ខ្មាំង​ម្នាក់៖

ចោរ​ចាប់​ពង្រត់​យន្ដហោះ «Egypt Air» មាន​រោគ​«ចិត្ត»?

នៅក្នុងអំឡុងពេលនៃការចាប់ពង្រត់ខាងលើ បុរសដ៏ចម្លែក បានទាមទារឲ្យអាជ្ញាធរ ដោះលែងភរិយា​របស់​ខ្លួន ដែលកំពុងជាប់ពន្ធនាគារ ក្នុងប្រទេសអេហ្សីព និងក្រោយមក ទាមទារសុំគ្រាន់តែជួបនិយាយ ជា​មួយ​ភរិយា​នេះ​ប៉ុណ្ណោះ។ ចំណាប់ខ្មាំង ដែលសុទ្ធសឹងជាអ្នកដំណើរ ទាំង៥៥នាក់ និងអ្នកបម្រើការ នៅលើយន្ដហោះ សឹង​តែ​ទាំង​អស់ ត្រូវបានជននេះដោះលែង ឲ្យមានសេរីភាពជាបន្តបន្ទាប់ ដោយបានទុក តែចំណាប់ខ្មាំង ៧នាក់​ចុងក្រោយ ឲ្យនៅជាមួយខ្លួន។ តែនៅមុនប្រគល់ខ្លួនឲ្យអាជ្ញាធរ ជនចាប់ពង្រត់យន្ដហោះ ក៏បានដោះលែង​ចំណាប់​ខ្មាំង ទាំង៧នាក់នេះទាំងអស់ដែរ។

នៅ​ក្នុង​ការ​ស៊ើបអង្កេតដំបូង របស់អាជ្ញាធរនៃប្រទេស ឈីព្រ បានជឿជាក់ថា ជនចាប់ពង្រត់យន្ដហោះខាងលើ ទំនងជាមានបញ្ហាខាងផ្លូវចិត្ត ឬមានសតិមិនគ្រប់៕

» អាជ្ញាធរអេហ្សីប​ការពារព្រលានយន្ដហោះខ្លួន ពីការរិះគន់ ដែលលើកឡើង​ពី​ភាពខ្វះចន្លោះ​ផ្នែក​សុវត្ថិភាព៖