កងទ័ព​ភូមា​សន្យា​គាំទ្រ ការ​ផ្លាស់ប្ដូរ​តាម​បែប​លិទ្ធិ​ប្រជាធិបតេយ្យ

កងកម្លាំងប្រដាប់អាវុធ ដ៏មានអំណាចរបស់ប្រទេសភូមា បានថ្លែងសន្យា កាលពីថ្ងៃអាទិត្យកន្លងមនេះ ថានឹង​«ថែរក្សា​ប្រទេស​ភូមា ឲ្យ​ស្ថិត​នៅ​លើ​ផ្លូវ ដើម្បីលិទ្ធិប្រជាធិបតេយ្យ»។
កងទ័ព​ភូមា​សន្យា​គាំទ្រ ការ​ផ្លាស់ប្ដូរ​តាម​បែប​លិទ្ធិ​ប្រជាធិបតេយ្យ

អ្នកស្រី អ៊ុងសាន ស៊ូជី (កណ្ដាល) មេដឹកនាំប្រឆាំងភូមា អង្គុយនៅក្នុងចំណោម​ឧត្តមសេនីយ៍យោធា។ (រូបថត AFP)

នេះជាលើកទីមួយហើយ ដែលមេទ័ពដ៏មានអំណាច របស់ប្រទេសភូមា លោកឧត្តមសេនីយ៍ មីន អ៊ុងហ្លាំង (Min Aung Hlaing) បានថ្លែងឡើងច្បាស់ៗ បន្ទាប់ពីប្រទេសនេះ បានស្ថិតក្រោយឥទ្ធិពលរបស់កងទ័ព អស់​រយៈ​ពេលជាច្រើនទសវត្សន៍ ហើយនៅចំពេល ដែលរដ្ឋាភិបាលដឹកនាំប្រទេស កំពុងត្រូវបានផ្លាស់ប្ដូរ ពីគណបក្ស​​ដែល​ស្និត​នឹងក្រុមយោធា មកជារដ្ឋាភិបាល ដែលបង្កើតឡើង ដោយគណបក្សប្រឆាំង របស់​អ្នកស្រី អ៊ុងសាន ស៊ូជី។

ថ្លែងនៅក្នុងសុន្ទរកថា ទៅកាន់នាយទាហាន និងទាហាន ដែលបានចូលរួម ក្នុងទិវាដង្ហែព្យុហយាត្រាមួយ ក្នុងរដ្ឋធានី «Naypyidaw» កាលពីថ្ងៃអាទិត្យ លោក មីន អ៊ុងហ្លាំង បានឲ្យដឹងថា៖ «ខ្ញុំសូមស្នើសុំ ដោយ​ក្ដី​គោរព​ដ៏ខ្ពង់ខ្ពស់ ឲ្យកងទ័ពភូមា (ឬតាមភាសាភូមា ហៅ «Tatmadaw») ចូលរួមសហការ ដើម្បីភាព​រីក​ចម្រើន ដល់​ការ​បង្រួប​បង្រួមជាតិ និងដល់ពលរដ្ឋភូមា របស់ខ្លួន»។

លោកបានបន្តទៀតថា៖ «ឧបសគ្គដ៏សំខាន់ចំនួនពីរ សម្រាប់ដំណើរឈានទៅមុខ នៃលិទ្ធិប្រជាធិបតេយ្យ គឺការមិនគោរពនីតិរដ្ឋ និងការបះបោរផ្នែកប្រដាប់អាវុធ។ រឿងនេះ អាចធ្វើឲ្យលិទ្ធិប្រជាធិបតេយ្យ ដួលរលំ។ (...) ដំណើរឈានទៅមុខ នៅលើវិថីនៃលិទ្ធិប្រជាធិបតេយ្យ អាចធ្វើទៅបាន លុះត្រាតែបំបាត់ចោល នូវ​ឧបសគ្គ​ទាំង​ពីរ​នេះ។»

ការថ្លែងរបស់លោកឧត្តមសេនីយ៍ បានធ្វើឡើង នៅបីថ្ងៃមុន ការចូលមកកាន់តំណែង ជាប្រធានាធិបតី របស់​លោក ហ្ទីង ឃីយ៉ាវ (Htin Kyaw) ដែលចេញមកពីគណបក្សសម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃពុធនេះ ជំនួសលោក ថេន សេន (Thein Sein) ប្រធានាធិបតីផុតអណត្តិ ដែលចេញ ពី​គណបក្ស ដែលស្និតនឹងក្រុមយោធា។ លោក ហ្ទីង ឃីយ៉ាវ ត្រូវបានគេស្គាល់ថា ជាមនុស្សដ៏ស្មោះស្ម័គ្រម្នាក់ របស់គណបក្ស «NLD»។

» លោក ហ្ទីង ឃីយ៉ាវ ៖

កងទ័ព​ភូមា​សន្យា​គាំទ្រ ការ​ផ្លាស់ប្ដូរ​តាម​បែប​លិទ្ធិ​ប្រជាធិបតេយ្យ

ចំណែកឯម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ្នកស្រី អ៊ុងសាន ស៊ូជី វិញ ដែលមិនអាចឡើងជាប្រធានាធិបតី របស់ប្រទេសភូមាបាន ដោយសាររដ្ឋធម្មនុញ្ញ បានធ្វើការហាមឃាត់នោះ ទំនងជាក្លាយជារដ្ឋមន្ត្រីការបរទេស នៅក្នុងរដ្ឋាភិបាលថ្មី។ តែបើទោះជាអ្នកស្រី មិនមែនជាប្រធានាធិបតីក៏ដោយ ក៏អ្នកស្រីនៅតែ​ដឹកនាំប្រទេស ពីខាងក្រោយលោក ហ្ទីង ឃីយ៉ាវ (ប្រធានាធិបតីក្នុងតំណែង) ដដែល។

យ៉ាងណាក៏ដោយ ក៏ព្យុហយាត្រារបស់កងទ័ព កាលពីថ្ងៃអាទិត្យ ដូចជាបានរំលឹកយ៉ាងច្បាស់ឡើងវិញ ពី​កម្លាំង អំណាច និងភាពសម្បូរបែប នៃកងទ័ពភូមា តាមរយៈការបញ្ចេញ ក្នុងឱកាសនោះ នូវរថក្រោះ កាំជ្រួច​បាញ់ពីដី រថពាសដែក និងឧទ្ធម្ភាគចក្រជាច្រើន។ យោធាភូមា ដែលនៅតែកាន់កាប់ ក្រសួងសំខាន់ៗដដែល ដូចយ៉ាងក្រសួងមហាផ្ទៃ ការពារជាតិ និងក្រសួងព្រំដែនជាដើម៕