អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​

ភ្នំពេញ:
អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បានចាប់ផ្តើម​ត្រួសត្រាយ​កូនឈើ ដើម្បី​ជួសជុល​ទំនប់​ថ្នល់​ដាច់​សម្រាប់​ទប់ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ការសម្រេច​ជួសជុល​នៅពេលនេះ គឺ​យោងទៅតាម​សំណើ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ស្នើសុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ​។ ការជួសជុល​នេះ​គ្រោង​នឹង​ចំណាយពេល​ប្រហែល​១​ខែ​ទើប​រួចរាល់​។​

​លោក ហង់ ពៅ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​បញ្ជា​ក់នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា​នេះ​ថា ប្រជាជន​បានស្នើ​មក​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យ​ជួយ​ជួសជុល​ទំនប់ទឹក​បុរាណ​នេះ​ឡើងវិញ ដោយ​ពួកគាត់​យល់ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​ក្រុម​ជំនាញ​ដែល​ធ្លាប់ធ្វើ​ការស្តារ​និង​ជួសជុល​ប្រព័ន្ធ​ទឹក​បុរាណ​ជាច្រើន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ឥឡូវ​ក្រុម​ក្រុមការងារ​សម្រេច​ជួសជុល​ហើយ ដោយ​កម្លាំង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូលរួម ហើយ​យើង​បញ្ជូន​អ្នកបច្ចេកទេស​ទៅ​ប្រចាំការ​នៅលើ​ភ្នំ​ផ្ទាល់​តែម្តង​។ ការងារ​នេះ​ក៏បាន​ការចូលរួម​ដែរ ពី​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សហគមន៍ និង​បេតិកភណ្ឌ​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ហៅ​កាត់​ថា ACHA និង​មូលនិធិ​បុរាណវិទ្យា សម្រាប់​ការអភិវឌ្ឍ (ADF)​។ នេះ​គឺជា​ទស្សនវិស័យ​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ដែល​តែង​យកចិត្តទុកដាក់​ចំពោះ​តម្រូវការ​នានា​របស់​ស​ហគ​មន៍​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ការលើកកម្ពស់​សុខុមាល​ភាព និង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បញ្ជាក់ថា ទំនប់​នេះ​ត្រូវបាន​បុព្វបុរស​ខ្មែរ​សាងសង់​មុន​សម័យអង្គរ ដើម្បី​ទប់ទឹក​ប្រើប្រាស់​ដូចនឹង​បារាយណ៍ ដែល​យើង​ឃើញ​សព្វថ្ងៃ​ដែរ​។ តែ​ដោយ​ទំនប់​នេះ​បាន​បាក់​ខូច​លែង​ប្រើប្រាស់​កើត ទើប​សហគមន៍​ប្រជាពលរដ្ឋ​បានស្នើ​មក​អ្នកជំនាញ​យើង​តាមរយៈ ADF ដើម្បី​ឲ្យ​យើង​ជួយ​ជា​បច្ចេកទេស​ដល់​ពួកគាត់​។ “​យើង​រីករាយ​នឹងចូលរួម​ជាមួយ​ពួកគាត់ ព្រោះនេះ​ជា​តម្រូវការ​ផ្ទាល់​របស់​ប្រជាជន​។ ទំនប់​នេះ​នឹង​ជួយ​រក្សា​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​ប្រើប្រាស់​ប្រចាំថ្ងៃ ហើយក៏​ជា​ជម្រាប​ទៅ​ស្ទឹង​សៀមរាប និង​ស្ទឹង​ផ្សេងទៀត​នៅ​រដូវប្រាំង​ដែលមាន​ប្រភពពី​ភ្នំ​គូលែន​ដែរ​។ អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់​អ្នកបច្ចេកទេស ហើយ​គម្រោង ACHA ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ជា​អ្នកផ្តល់​មធ្យោបាយ ធ្វើការ​ជាមួយ​ពួកគាត់ ដើម្បី​ជួសជុល​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ យើង​សប្បាយ​ចិត្តត្រង់​ថា វា​ជា​គំនិត​ដែល​ពួកគាត់​បានលើកឡើង​ដោយ​ខ្លួនឯង ហើយក៏​បញ្ជាក់​ពី​ការចូលរួម​របស់​សហ​គម​ន៍ ក្នុង​ការងារ​អភិរក្ស​ដែរ​”៕

អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​

អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​

អាជ្ញាធរ​ជាតិ​អប្សរា​ជួសជុល​ទំនប់​ថ្នល់​ដាច់​លើ​ខ្នងភ្នំ​គូលែន​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​