Pele ប្តឹងទារឲ្យ Samsung សងជំងឺចិត្តនូវ ទឹកប្រាក់៣០លានដុល្លារ

ប៊ីប៊ីស៊ី៖ វីរបុរសបាល់ទាត់ របស់ប្រទេសប្រេស៊ីល លោក Pele បានដាក់ពាក្យប្តឹង ក្រុមហ៊ុន Samsung បន្ទាប់ពី ក្រុមហ៊ុននេះបានយករូបភាព របស់គាត់ផ្សព្វផ្សាយ ពាណិជ្ជកម្មគ្មានការអនុញ្ញាត ។

នៅមុននេះប្រមាណ១៦នាទី ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនូវព័ត៌មាន មួយថា លោក Pele ដែលគេស្គាល់ច្បាស់ថា ជាវីរបុរស បាល់ទាត់របស់ប្រទេសប្រេស៊ីលនោះ បានដាក់ពាក្យ បណ្តឹងដើម្បីទាមទារ ឲ្យក្រុមហ៊ុនអេឡិចត្រូចនិច យក្សរបស់កូរ៉េខាងត្បូង Samsung សងជំងឺចិត្តដល់រូបលោកដែលមានទឹកប្រាក់ រហូតដល់៣០លានដុល្លារ ព្រោះថាក្រុមហ៊ុនេះបានយក រូបភាពរបស់គាត់ទៅចុះផ្សាយពាណិជ្ជកម្ម ដោយមិនបានសុំការអនុញ្ញាតជាមុន ។

យោងតាមការបញ្ជាក់នៅក្នុងពាក្យបណ្តឹងមួយដែលសរសេរឡើងដោយលោក Pele ហើយបានដាក់បណ្តឹង នេះទៅកាន់តុលាការក្នុងស្រុក នៅជីកាហ្គោ សហរដ្ឋអាម៉េរិក ដោយក្នុងពាក្យ បណ្តឹងនោះលោកបានទាមទារ ឲ្យសងជំងឺចិត្តនូវទឹកប្រាក់៣០លានដុល្លារ ស្មើនឹង២១លានផោន ។

ការយករូបភាពរបស់វីរបុរសរូបនេះទៅផ្សព្វផ្សាយនោះ គឺក្រុមហ៊ុនបានថែមទាំងផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍នានា ដោយមិនបានសុំការអនុញ្ញតពីម្ចាស់ខ្លួនគេជាមុនឡើយ ។

តាមពិតទៅលោក Pele ឈ្មោះពេញរបស់គាត់គឺ Edson Arantes do Nascimento សព្វថ្ងៃមានវ័យ៧៥ឆ្នាំហើយ គាត់ជាមនុស្សម្នាក់ដែលលេងបាល់ទាត់បានល្អគ្រប់ពេល ។

គេបានដឹងថា លោក ជាមនុស្សម្នាក់ដែលដណ្តើមបានពានរង្វាន់ជាច្រើនលើកឲ្យប្រទេសប្រេស៊ីល គិតចាប់តាំងពីឆ្នាំ១៩៥៨ និង១៩៧០ និងនៅក្នុងឆ្នាំ១៩៦២ ដោយគាត់ជួយដណ្តើម បានពានរង្វាន់ World Cup ៕

Pele ប្តឹងទារឲ្យ Samsung សងជំងឺចិត្តនូវ ទឹកប្រាក់៣០លានដុល្លារ