ក្រុម​ទ័ព លត់​ក្រុម​ខេត្ត​ព្រៃវែង​ចាស់ដៃ ដើម្បី​មាន​ប្រៀប​លើបឹងកេត នៅ​ថ្ងៃ​បើក​ឆាក

ក្រុម​ក្រសួង​ការពារជាតិ(ទ័ព) បាន​លត់​ក្រុម​ខេត្ត​ព្រៃវែង​យ៉ាង​ចាស់​ដៃ ក្នុង​​ការ​ប្រកួត​បើក​ឆាក​វគ្គ​ដំណាក់​កាលផ្តាច់​ព្រ័ត្រ​ដណ្តើម​ពាន​រង្វាន់សម្តេច​ហ៊ុនសែន លើក​ទី​១០ ប្រចាំ​ឆ្នាំ​២០១៦ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ខណៈ​ក្រុម​បឹង​កេតអង្គរ ក្រុម​ខេត្ត​ស្ទឹង​ត្រែង និង​ក្រុម​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ក៏​​បាន​ឈ្នះដូច​គ្នា ប៉ុន្តែ​ក្រុម​ខេមបូឌាន​ថាយហ្គឺរ បានជួប​ការ​ខក​ចិត្ត​នៅ​លើ​ទឹក​ដី​ខេត្តកំពង់​ឆ្នាំង។

kh-s-1  ​សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន​ស្តាត​ចាស់ កាល​ពី​ម្សិល​មិញ​នោះ ក្រុម​ទ័ព ​បាន​បើកការ​​វាយ​លុក​ទៅ​លើ​ក្រុម​ខេត្ត​ព្រៃវែង យ៉ាង​ខ្លាំង និងរក​បាន​រហូត​ដល់​៦​គ្រាប់ នៅ​ក្នុង​តង់​ទី​១ ដែល​គ្រាប់បាល់​នេះ​រក​បាន​បាន​កីឡាករ រ៉ឹង ប៊ុងហៀង ចំនួន​​៣​គ្រាប់ សុក ចាន់រស្មី ២​គ្រាប់ និង​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ ភួង សុខសាណា ​១​គ្រាប់​។ ចំណែក​ការ​ប្រកួត​នៅ​តង់​ទី​២ ខ្សែ​ការពារ ច្រឹង ពល និង​ខ្សែ​បម្រើ​វ័យ​ក្មេង ទូច រ៉ូម៉ា បាន​បន្ថែម​ម្នាក់​១​គ្រាប់​ទៀត ដើម្បី​ជួយ​ឲ្យ​ក្រុម​ទ័ព ឈ្នះ​ខេត្ត​ព្រៃ​វែង ៨-០ និង​ត្រូវ​ឡើង​ទៅ​ឈរ​នៅ​លើកំពូល​តារាងពូល​Bជា​បណ្តោះ​អាសន្ន ​តាម​រយៈ​ការ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​ក្រុម​ខេត្តស្ទឹងត្រែង​ និងក្រុមបឹងកេតអង្គរ។

ក្រុម​ខេត្តស្ទឹង​ត្រែង បានផ្តល់កាដូ​យ៉ាង​ពេញ​ចិត្ត​មួយ​ដល់​អ្នក​ទស្សនា​នៅ​​កីឡដ្ឋាន​ខេត្ត​ស្ទឹងត្រែង តាម​រយៈ​​ការ​​យក​ឈ្នះ​លើ​ក្រុម​អ.ហ​ខេត្តកំពង់​ធំ ក្នុង​លទ្ធ​ផល ៥-២។ ចំណែក​ក្រុម​បឹង​កេតអង្គរ បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ២-១ ទាំង​លំបាក នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​ពុធ​នោះ​ដែរ ដោយ​ក្នុង​ការ​ប្រកួត​នោះ ទៀប វឌ្ឍនៈ រកបាន​គ្រាប់បាល់​បើក​ឆាក​ឲ្យបឹងកេត នៅនាទីទី​៧ មុនពេល យ៉ម វណ្ណា ​របស់​អាស៊ីអឺរ៉ុប បាន​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង នៅនាទីទី​២៤ ប៉ុន្តែ ជួន ជុំ វាយ​បក​បាន​១​គ្រាប់​វិញ​ឲ្យ​អាស៊ីអឺរ៉ុប នៅនាទីទី​២៤។​

ដោយ​ឡែក ​ក្រុម​កំពង់ផៃស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​នៃ​ពូល​Aជា​បណ្តោះ​អាសន្ន ខណៈ​ពួក​គេបាន​​យក​ឈ្នះ​ក្រុម​យុវជន​បឹងកេតកំពង់​ចាម ១-០ នៅ​លើ​ទឹក​ដី​ខ្លួន​ឯង កាល​ពី​ថ្ងៃពុធ ម្សិល​មិញ​នោះ​ដែរ គឺ​ស្រប​ពេល​ក្រុម​លីក​កំពូល ខេមបូឌាន​ថាយហ្គឺរ ដែល​ឈរ​នៅ​ពូល​ជាមួយ​គ្នា បាន​ត្រឹម​បង្ហាញ​ការ​ខក​ចិត្ត​ជាមួយការ​ទទួល​បាន​លទ្ធ​ផល​ស្មើ​២-២ ជាមួយ​​ក្រុម​ម្ចាស់​ទឹក​ដី​ ខេត្ត​កំពង់ឆ្នាំង​នោះ៕

kh-s-2

kh-s-3kh-s-4 kh-s-5