អ្នក​អភិវឌ្ឍ​កម្មវិធី​ក្នុង​ស្រុក​នៅ​​សង្ឃឹម​ពី​អនាគត Windows Phone

ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone ហាក់​ត្រូវ​បាន​មើល​រំលង​ពី​ក្រសែ​ភ្នែក​អ្នក​ប្រើ​ស្មាតហ្វូន​នៅ​កម្ពុជា។​ តែ​យ៉ាង​ណាក្រុម​អ្នក​​អភិវឌ្ឍ​កម្មវិធី​ក្នុង​ស្រុក​មួយ​ចំនួន​នៅ​តែ​សង្ឃឹមលើ​​​​ OS មួយ​នេះ​​អាច​នឹង​ទទួល​ការ​គាំទ្រ​ច្រើន​​ពេល​​អនាគត ពួកគេ​​នឹង​ប្រឹងប្រែង​បង្កើត​កម្មវិធី​សម្រាប់​បម្រើ​ដល់​តម្រូវ​ការ ខណៈ​បច្ចុប្បន្ន​​​ចំណូល​​​ទទួល​បាន​មិន​ស្មើ​ការ​ប្រឹងប្រែង។

 

អ្នក​អភិវឌ្ឍ​កម្មវិធី​ក្នុង​ស្រុក​នៅ​​សង្ឃឹម​ពី​អនាគត Windows Phone

 

ឆ្លើយ​តប​នឹង​ការ​បង្កើត​កម្មវិធី​ថ្មីៗ​សម្រាប់ Windows Phone Store លោក​សុជា ដែល​ជា​ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន Biz Solution Cambodia បាន​ឱ្យ​ដឹង​ថា ​ក្រុម​លោកបាន​បង្កើត​កម្មវិធី​វចនានុក្រម Phum Dictionary និង Phum Cinemas សម្រាប់ Windows Phone Store នៅ​ឆ្នាំ ២០១៤ តែ​អត្ថប្រយោជន៍​ទទួល​បាន​ហាក់​មិន​ស្មើ​ការ​ប្រឹងប្រែង​ឡើយ​ដោយ​សារ​ពុំ​សូវ​មាន​អ្នក​ប្រើ​ច្រើន ខុស​ពី​ចំណូល​បាន​ពី Play Store និង App Store។

 

សុជា​ និយាយ​ថា ទោះ​បី​មិន​ទទួល​​ផល​តបស្នង​​សម​តា​ម​កម្លាំង​ញើសឈាម​ដែល​ប្រឹង​ប្រែង​​ យ៉ាង​ហោចវា​អាច​ជា​បទពិសោធន៍​ដែលក្រុម​លោក​​បាន​សិក្សា​​បន្ថែម​​ពី​ប្រព័ន្ធប្រតិបត្តិ​ការ Windows Phone។ ​  ​

 

លោក​នៅ​តែ​សង្ឃឹម​ថា ថ្ងៃ​អនាគត Windows 10 Mobile  អាច​នឹង​​ប្រសើរ​និង​មាន​អ្នក​ប្រើប្រាស់​​ច្រើន។  ជាមួយ​គ្នា​នេះ​​លោក​​ក៏​ចង់​ឱ្យ​មាន​​​ការ​ជួយ​ជ្រោមជ្រែង​ខ្លះ​ពី​ខាង Microsoft  ដើម្បី​​​ឱ្យ​​ក្រុមលោក​មាន​កម្លាំង​ចិត្ត​​អាច​បន្ត​ធ្វើ​គម្រោង​ថ្មីៗ​ពី​​ប្រព័ន្ធ​ Windows Phone សម្រាប់​ពលរដ្ឋ​បានប្រឹើប្រាស់។

 

ដោយ​ឡែក​ខាង​ក្រុម DirexPlay វិញ បាន​ឱ្យ​ដឹង​ថា ពួកគេ​នៅ​តែ​​បន្ត​ផលិត​ហ្គេម​ប្រភេទ Universal App សម្រាប់​ដំណើរការ​នៅលើ​​ប្រព័ន្ធ​​ប្រតិបត្តិការ​​របស់​ Microsoft។

 

កន្លង​មក​ក្រុម​បាន​បញ្ចេញ​ហ្គេម Sok and Sao’s Adventure សម្រាប់ Windows Phone 8.1 តែ​ OS នេះ​នៅ​ស្រុក​ខ្មែរ​ពុំ​សូវ​មាន​អ្នក​ប្រើ​ច្រើន​ ទើប​ចំណូល​បាន​តិច​ទៅ​តាម​នោះ។

 

រយៈ​ពេល​ចុង​ក្រោយ​នេះ Microsoft បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​សម្រិត​សម្រាំង OS របស់​ខ្លួន​ដូចជា​ការ​​បញ្ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​គឺ Windows 10 Mobile។ OS ថ្មី​នេះ​អាច​ឱ្យ​អ្នក​ផលិត​កម្មវិធី​បង្កើត App ជា​ប្រភេទ Universal App ដើម្បី​អាច​ដំណើរការ​បាន​ទាំង​លើ​កុំព្យូទ័រ ថេតប្លែត និង​ស្មាតហ្វូន​ប្រើ Windows 10 Mobile។

 

Microsoft ធ្លាប់​បាន​អះអាង​ថា​ខ្លួន​អាច​ឱ្យ​អ្នក​ផលិត​កម្មវិធី Android និង iOS ងាយ​ស្រួល​ក្នុង​ការ​កែ​កូដ​ Android និង iOS App មក​ដាក់​លើ Windows 10 បាន​ដោយ​គ្មាន​បញ្ហា ដើម្បី​​មាន App ច្រើន​បំពេញ​តម្រូវ​ការ​អ្នក​និយម​ប្រើ Windows Phone។

 

​តើ Microsoft មាន​យុទ្ធសាស្ត្រ​បែប​ណា​ទៀត ​ដើម្បី​តតាំង​នឹង Android និង iOS ដែល​កំពុង​ក្តោបក្តាប់​ចំណែក​ទីផ្សារ​យ៉ាង​ច្រើន​ទូទាំង​ពិភពលោក។ អនាគត Windows Phone យ៉ាង​ណា Sabay ក៏​មិន​ទាន់​ហ៊ាន​បក​ស្រាយ​ដែរ៕

 

អត្ថបទ៖ ប៉ែត ផាន់និត