មិនដឹងគំនុំអ្វី កាប់ប្រហារ​គ្នាដូចរឿងកុន

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​មួយ​គ្រឿង ​បាន​បោល​បុក​តុ​លក់​ស៊ុប​ដួល​ផ្ងារជើង ហើយ​ប៊ីដុង​ទឹក​សុទ្ធ​ចំនួន​២ ក៏​បែក​ខ្ទេចខ្ទីរ​អស់ បន្ទាប់​ពី​ត្រូវ​ជនបង្ក​មួយក្រុម​ បើក​ម៉ូតូ​ដេញ​កាប់​យុវជន​៣​នាក់​កំពុង​ជិះ​ម៉ូតូ​បង្ក​របួស​២​នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​ជិត​០៥​ល្ងាច​ថ្ងៃ​ទី​៣០ មីនា ២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រភព​ពី​កន្លែង​កើតហេតុ យុវជន​២​នាក់​ដែល​រង​របួស ម្នាក់​ឈ្មោះ​យឺន ពី​យ៉ា​ល់ អាយុ​១៨​ឆ្នាំ (​របួស​កំភួនដៃ​ឆ្វេង​) និង​ម្នាក់​ទៀត​ឈ្មោះ​​ហួ​ន ចិន អាយុ​១៨​ឆ្នាំ (​របួស​ស្មារ​ឆ្វេង​) ទាំង​២​នាក់​ជា​កម្មករ​លើកដាក់​ទឹកកក​ឱ្យ​ថៃ​នៅ​ផ្សារ​រុង​ក្លឿ មាន​ទីលំនៅ​ក្នុងភូមិ​ទំនប់
ក​៥ សង្កាត់​ប៉ោយ​ប៉ែ​ត ។

បើ​តាម​ឈ្មោះ​ហែម ភូ អាយុ​១៦​ឆ្នាំ ជា​អ្នក​រួម​ដំណើរ​ជាមួយ​ជន​រង​គ្រោះ​ទាំង​២​បាន​និយាយ​ថា ដំបូង​ពួក​ខ្លួន​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាង​លិច ដោយ​ឈ្មោះ​ហួ​ន ចិន ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​សង់​ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ។ លុះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​ជនសង្ស័យ​២​គ្រឿង មាន​គ្នា​៤​នាក់ ដោយ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ក្រហម និង​មួយ​គ្រឿង​ទៀត ម៉ាក​សង់​មិន​ស្គាល់​ស៊េរី តាម​កាប់​ពីក្រោយ​ដោយ​ដាវ​សា​មូ​រ៉ៃ ។​ពេល​នោះ ជន​រង​គ្រោះ​ដោយ​ភ័យ​ខ្លាច ក៏​បើក​ម៉ូតូ​គេច​ទើប​ជ្រុល​ទៅ​បុក​តុ​លក់​ស៊ុប​របស់​អ្នក​ស្រា និង​ប៊ីដុង​ទឹក​សុទ្ធ​បែក​អស់​ចំនួន​២ តែ​ម្តង ។ ក្រុម​ជនសង្ស័យ ក្រោយ​ពី​ដេញ​កាប់​ជន​រង​គ្រោះ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ទៅ​ទិស​ខាងកើតបាត់។

ក្រោយ​កើតហេតុ គេ​ឃើញ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែ​ត បាន​មក​សួរនាំ​ជន​រង​គ្រោះ និង​ណែនាំ​ឱ្យទៅ​ដាក់​ពាក្យបណ្តឹង​ផង​ដែរ ។ ជន​រង​គ្រោះ​និយាយ​ថា ពួក​ខ្លួន​មិន​ដែល​មាន​ទំនាស់​ជាមួយ​ក្រុម​បង្ក​នោះ​ទេ ។ តែ​ទោះជា​យ៉ាងណា គេ​គិត​ថា បើ​អត់​ភ្លើង​ក៏​គ្មាន​ផ្សែង​ដែរ ។