ផ្អើល​ក្រុង​បា​វិត ! ឆេះ​ចម្ការ​ស្មាច់​អស់​ជាង​២​ហិ​កតា​

ខេត្តស្វាយរៀង ៖ ចម្ការ​ស្មាច់​ទំហំ​ជាង​២​ហិ​កតា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ថ្មី សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត បាន​ត្រូវ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ។ ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​បា​វិត សហការ​ជាមួយ​នគរបាល​ក្រុង​បាន​ជួយ​អន្តរាគមន៍​ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​៦​រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ដោយ​ចំណាយពេល​ជាង​២​ម៉ោង​ទើប​ភ្លើង​រលត់​ទាំងស្រុង ។ ក្នុង​ការ​ពន្លត់ភ្លើង​ឆេះ​ចម្ការ​ស្មាច់​នេះ មាន​វត្តមាន​លោក លឹ​ម សៀង​ហេង អភិបាលរង​ក្រុង​បា​វិត ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ច្រក​ម្ទេស នគរបាល​ក្រុង​បា​វិត និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ឱ្យ​ដឹង​ថា ដើម​ភ្លើង​នេះ​កើតឡើង​ដោយសារ​មាន​ក្មេង​ដុត​គំនរ​សំរាម​នៅ​ជិត​ផ្លូវជាតិ​លេខ​១ ជាប់​ចម្ការ​ស្មាច់ ហើយ​មិន​នៅ​មើល​ភ្លើង​នោះ​ទេ​ទុក​ឱ្យ​ភ្លើង​ឆេះ​រាលដាល ។ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង បណ្តាល​ឱ្យ​ស្មៅ​ស្លោក​ងាប់ ស្លឹកឈើ​ជ្រុះ និង​មាន​សំរាម​រាយ​ប៉ាយ​ផង​នោះ ពេល​មាន​ខ្យល់​បក់​បោក ក៏​ឆេះ​រាលដាល​ទៅ​ក្នុង​ចម្ការ​ស្មាច់​យ៉ាង​សន្ធោសន្ធៅ មាន​អណ្តាតភ្លើង កម្ពស់​ចុងឈើ ។ ពេល​នោះ​អ្នក​ភូមិ​ឃើញ​ក៏​ស្រែក​ឆោឡោ និង​ប្តឹង​ទៅ​លោក​អធិការ​នគរបាល​ក្រុង​បា​វិត ឱ្យ​ចាត់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​ក្រុង​១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ចំនួន​២​គ្រឿង​មក​បាញ់​ទឹក​ពន្លត់ ។ ប៉ុន្តែ​ដោយសារ​ក្នុង​ចម្ការ​គ្មាន​ផ្លូវ​អាច​ឲ្យ​រថយន្ត​ចូល​បាន ទើប​ភ្លើង​ឆេះ​រហូត​អស់​ជិត​២​ហិ​កតា​ទម្រាំ​គ្រប់គ្រង​ស្ថានការណ៍​បាន ។

អ្នក​ភូមិ​និយាយ​ថា បើ​រថយន្ត​អគ្គិភ័យ​មក​ជួយ​ពន្លត់​មិន​ទាន់​ពេល​ទេ គឺ​អាច​រាលដាល​ឆេះ​ដល់​ផ្ទះ​ដែល​នៅ​ជាប់​ចម្ការ​ស្មាច់​នោះ​ទៀត ក៏​ប៉ុន្តែ​សមត្ថកិច្ច​ព្យាយាម​ត​ទុយោ​បាញ់​ទឹក​ពន្លត់ភ្លើង​ក្បែ​ផ្ទះ និង​បាញ់​ទឹក​ដាក់​ស្លឹកឈើ និង​សំរាម ទើប​ភ្លើង​រលត់​ដោយ​មិន​អាច​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នកស្រុក​បាន ។

ទោះជា​យ៉ាងណា ករណី​ភ្លើង​ឆេះ​ចម្ការ​ស្មាច់​នេះ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ហើយ​សមត្ថកិច្ច​បាន​ត្រៀមកម្លាំង​ការពារ​រហូត​ដល់​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល ទើប​ដក​ត្រឡប់​ទៅ​វិញ ៕