លោក​បណ្ឌិត​អភិបាលខេត្ត​ ចុះ​កំណត់​ព្រំ​ដី​សម្រាប់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្លក្រាម​

លោក​បណ្ឌិត​អភិបាលខេត្ត​ ចុះ​កំណត់​ព្រំ​ដី​សម្រាប់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្លក្រាម​



សៀមរាប ៖ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ លោក ឃឹម ប៊ុន​សុង អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត បាន​ដឹកនាំ​ក្រុម​គណៈកម្មការ​វាស់វែង និង​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ទៅតាម​អនុក្រឹត្យ​លេខ​៥១ និង​លេខ​៥២ របស់​ប្រមុខ​រាជរដ្ឋាភិបាល ស្ដីពី​ការ​ឆ្វៀល​ដី​នៅ​ក្នុង​តំបន់​បុរី​សណ្ឋាគារ​វប្បធម៌​ទេស​ចរណ៍ ក្នុង​ភូមិ​សាស្ត្រ​ភូមិ​បឹង​ដូន​ប៉ា ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង/ខេត្ត​សៀមរាប ដែល​ប្រជាពលរដ្ឋ​មាន​លំនៅដ្ឋាន ស្នាក់អាស្រ័យ​ជាប់​នៅ​ចំណី​មាត់​ត្រពាំង​បុរាណ និង​ទី​ទួល​បុរាណ។​

តាម​ការ​បញ្ជាក់​របស់​លោកស្រី​ប្រធាន​ភូមិ​បឹង​ដូន​ប៉ា និង​លោក ខៀវ សត ចៅសង្កាត់​ស្លា​ក្រាម​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ការប្រកាស​នូវ​អនុក្រឹត្យ​ក្នុង​ការ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹង​ដូន​ប៉ា និង​ភូមិ​ចុង​កៅស៊ូ និង​ការ​ចុះ​ធ្វើការ​វាស់វែង​ផ្តល់​នូវ​ប័ណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ដីធ្លី ក៏​នៅ​មាន​តំបន់​មួយ​ចំនួន​ដែល​មាន​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ មាន​ការ​ប៉ះពាល់​តំបន់​អភិរក្ស ត្រពាំង​បុរាណ និង ទួល​បុរាណ​។

ក្នុង​នោះ​ ភូមិ​បឹង​ដូន​ប៉ា​មាន​ដី​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​ជាប់មាត់​ត្រពាំង​ភ្លុង ដែល​ជា​ត្រពាំង​បុរាណ មាន​ចំនួន​៤០​គ្រួសារ ត្រពាំង​គល់​ចំនួន​៥​គ្រួសារ និង​ត្រពាំង ទួលគោក​កណ្តប់​ចំនួន​៦១​គ្រួសារ ស្ថិតនៅ​ក្នុង​ភូមិ​ចុង​កៅស៊ូ និង​ត្រពាំង​ធ្លក​អណ្ដូង មាន​ចំនួន​២២​គ្រួសារ​ផង​ដែរ ដែល​នៅ​ពុំ​ទាន់​បាន​ធ្វើការ​វាស់វែង និង​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​នៅឡើយ។

ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​ នៃ​សេចក្ដី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ស្ថិតនៅក្នុង​រង្វង់​របស់​អនុក្រឹត្យ​ដែល​រាជរដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​នា​ពេល​កន្លងមក ក្នុង​នោះ​លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ត្រូវ​ធ្វើ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ចុះ​មក​កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​ដី​ចំណី​មាត់​ត្រពាំង​បុរាណ និង​ទួល​បុរាណ ដោយ​ពិនិត្យ​ទៅតាម​ការ​ជាក់ស្ដែង​ដែល​យើង​កំណត់​បាន។ ដោយឡែក​ ចំពោះ​លំនៅដ្ឋាន​របស់​បងប្អូន ប្រជាពលរដ្ឋ​រស់នៅ​ជាប់​មាត់​ត្រពាំង​ភ្លុង​ក្នុង​ភូមិ​បឹង​ដូន​ប៉ា ដោយ​នៅ​ផ្នែក​ខាងកើត​ និង​ខាងលិច ត្រូវ​ទុក​ដី​ចំណី​មាត់ ត្រពាំង​ប្រវែង​០៥​ម៉ែត្រ​ និង​ផ្នែក​ខាងត្បូង​ត្រូវ​ទុក​ប្រវែង​០២​ម៉ែត្រ។ ដូច្នេះ​ដី​ចំណី​ដែល​បាន​កំណត់​ និង​ផ្ទៃ​ត្រពាំង​ជា​ដី​របស់​រដ្ឋ​ហើយ​ដី​ដែល​នៅសល់ គឺ​ត្រូវធ្វើ​ការវាស់វែង​ផ្តល់​កម្មសិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​កាន់កាប់​ដោយ​ស្របច្បាប់​ដែល​បាន​កំណត់។

ក្នុង​នោះ​ដែរ ​លោក​បណ្ឌិត ​ឃឹម​ ប៊ុន​សុង ​ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន​ដល់​មន្ត្រី​ចុះបញ្ជី​ដីធ្លី ត្រូវ​ពន្លឿន​ការងារ​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​បាន​ប័ណ្ណ​កម្មសិទ្ធិ​យក​ទៅ​ប្រើប្រាស់​តាម​ត្រូវការ​ចាំបាច់​ក្នុង​ក្រុម​គ្រួសារ ក្នុង​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ។

ក្នុង​នោះ​ ឯកឧត្ដម​បណ្ឌិត​ក៏​បញ្ជាក់​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ជាប់​ត្រពាំង និង​ទួល​បុរាណ ត្រូវតែ​ចូលរួម​ក្នុង​ការ​អភិរក្ស​ផ្ទៃ​ត្រពាំង និង​ទី​ទួល​បុរាណ​នេះ​ឲ្យ​បាន​គង់វង្ស​ដោយ​មិន​ត្រូវ​បំពាន​រំលោភ​ចាក់​ដី​ចូល​ទៅ​ផ្ទៃ​ត្រពាំង​ ឬ​ឈូស​ឆាយ​ទី​ទួល​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ ត្រូវ​ទទួលទោស​ទៅតាម​ច្បាប់។

ម្យ៉ាងទៀត​ ដើម្បី​ឲ្យ​សម្បត្តិ​ទាំងនេះ​នៅ​គង់វង្ស​ស្ថិតស្ថេរ​នោះ ឯកឧត្ដម​ក៏បាន​សូម​ឲ្យ​មន្ទីរ​ជំនាញ​ត្រូវ​កំណត់​ធ្វើ​ផ្លូវ​នៅ​ជុំវិញ​ត្រពាំង​ និង​ទួល​បុរាណ ក្នុង​ការធានា​ចំពោះ​ការ​រីក​លូន​ចូល​មក​ដី​របស់​រដ្ឋ៕
លោក​បណ្ឌិត​អភិបាលខេត្ត​ ចុះ​កំណត់​ព្រំ​ដី​សម្រាប់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្លក្រាម​

លោក​បណ្ឌិត​អភិបាលខេត្ត​ ចុះ​កំណត់​ព្រំ​ដី​សម្រាប់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្លក្រាម​

លោក​បណ្ឌិត​អភិបាលខេត្ត​ ចុះ​កំណត់​ព្រំ​ដី​សម្រាប់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្លក្រាម​

លោក​បណ្ឌិត​អភិបាលខេត្ត​ ចុះ​កំណត់​ព្រំ​ដី​សម្រាប់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្លក្រាម​