ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​បិទ​ផ្លូវ​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដី​សម្បទាន​សង្គមកិច្ច

ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី ជិត ២០០​នាក់​នាំ​គ្នា​ដើរ​ចេញ​ពី​កិច្ច​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​របស់​រាជ​រដ្ឋាភិបាល។ អ្នក​ភូមិ​បាន​នាំ​គ្នា​បន្ត​ធ្វើ​បាតុកម្ម​រឿង​នេះ​នៅ​មុខ​សាលា​ស្រុក ទាមទារ​ឲ្យ​អាជ្ញាធរ​ទទួល​យក​សំណើ​សហគមន៍​បី​ចំណុច។

ចរាចរណ៍​នៅ​កំណាត់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំណុច​មុខ​សាលា​ស្រុក​ពេជ្រាដា ត្រូវ​កាត់​ផ្តាច់​ចាប់​ពី​ម៉ោង ១២​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​ជិត​ពីរ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មីនា ដោយសារ​តែ​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ឃុំ​ប៊ូស្រា ជិត ២០០​នាក់​ឈរ​ធ្វើ​ជា​របាំង​មិន​ឲ្យ​ធ្វើ​ចរាចរ ជា​លក្ខខណ្ឌ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​បិទ​ផ្លូវ​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដី​សម្បទាន​សង្គមកិច្ច

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រដា ខេត្ត​មណ្ឌលគិរី ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​មុខ​សាលា​ស្រុក តវ៉ា​ទាមទារ​ដំណោះស្រាយ​ជម្លោះ​ដីធ្លី នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦។ Photo ADHOC

តំណាង​សហគមន៍ លោក ក្រើង តុលា ថ្លែង​បញ្ជាក់​ថា មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ភូមិ​បង្ខំ​ចិត្ត​បិទ​ផ្លូវ​នេះ ដោយសារ​តែ​អាជ្ញាធរ​ស្រុក​មិន​គោរព​កិច្ច​ព្រមព្រៀង​ដោះស្រាយ​វិវាទ​ដី​សម្បទាន​សង្គមកិច្ច​របស់​រាជ​រដ្ឋាភិបាល ផ្តល់​ទៅ​ឲ្យ​ជនជាតិ​ចាម ក៏ប៉ុន្តែ​បាន​បង្ក​ផល​ប៉ះពាល់​ដី​កប់​សព​ដូនតា ព្រៃ​អារក្ស និង​ព្រៃ​អភិរក្ស​សហគមន៍។ លោក​បន្ត​ថា អ្នក​ភូមិ​បាន​យល់ព្រម​បើក​ផ្លូវ​វិញ បន្ទាប់​ពី​អភិបាល​ស្រុក​ពេជ្រាដា យល់ព្រម​កំណត់​ពេលវេលា​ជាក់លាក់​ចុះ​ដោះស្រាយ​ការ​ទាមទារ​បី​ចំណុច រួម​មាន អាជ្ញាធរ​ត្រូវ​ចុះ​បោះ​បង្គោល​ព្រំ​ដី​សម្បទាន​សង្គមកិច្ច បន្ទាប់​មក​សហគមន៍​ចង្អុល​បង្ហាញ​ទីតាំង​មាន​ផល​ប៉ះពាល់ និង​ត្រូវ​រៀបចំ​សែន​ព្រេន​តាម​ជំនឿ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ប្រសិន​រក​ឃើញ​មាន​ផល​ប៉ះពាល់​ដីធ្លី​ព្រៃ​ឈើ​សហគមន៍​អភិរក្ស៖ «ឥឡូវ​បើក​ផ្លូវ​ហើយ ប៉ុន្តែ​សំណូមពរ​ប្រជាពលរដ្ឋ​អភិបាល​ស្រុក លោក នួន សារ៉ន សន្យា​ថា​នឹង​ចុះ​បោះ​បង្គោល​ព្រំ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា»

អាជ្ញាធរ​ស្រុក​ពេជ្រាដា កោះ​ហៅ​ប្រជាពលរដ្ឋ​សហគមន៍​ពូលុ ឃុំ​ប៊ូស្រា ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ជនជាតិ​ចាម នៅ​ចំណុច​ដី​សម្បទាន​សេដ្ឋកិច្ច​វាល់​យ៉ូង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ខណៈ​ជនជាតិ​ចាម ជា​ជន​ចំណាក​ស្រុក បាន​មក​កាប់​ឆ្ការ​ព្រៃ​តាំង​ទីលំនៅ ៣​ឆ្នាំ​កន្លង​ទៅ​នេះ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា ជំនួប​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​មិន​បាន​ជោគជ័យ ដោយសារ​តែ​អាជ្ញាធរ​ស្រុក​មិន​ព្រម​បោះ​បង្គោល​កំណត់​ព្រំ​ដី​សម្បទាន​តាម​ការ​ស្នើសុំ​របស់​សហគមន៍ ហើយ​ទាមទារ​ឲ្យ​សហគមន៍​បង្ហាញ​ទីតាំង​ដី និង​ព្រៃ​រង​ផល​ប៉ះពាល់​ពី​គម្រោង​សម្បទាន​វិញ។ លោក​ថា ការ​មិន​ឯកភាព​នេះ គឺ​ជា​ហេតុផល​ធ្វើ​ឲ្យ​អ្នក​ភូមិ​បន្ត​តវ៉ា​នៅ​មុខ​សាលា​ស្រុក ទាមទារ​ដំណោះស្រាយ៖ «ត្រូវ​តែ​ដោះស្រាយ​បាន​ឆាប់​កាន់​តែ​ប្រសើរ ចៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ចាម»

រាជ​រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ដី ២.៤០០​ហិកតារ​សម្រាប់​សម្បទាន​សង្គមកិច្ច​ដល់​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ចាម ជាង ៥៨៨​គ្រួសារ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ស្នើសុំ​ដី​ប្រកប​របរ​កសិកម្ម​ចិញ្ចឹម​ជីវិត​កាល​ពី​ឆ្នាំ​២០១១។ រហូត​ពេល​នេះ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មិន​ទាន់​បែង​ចែក​ដី​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ឡើយ។ ផ្ទុយ​ទៅ​វិញ ជនជាតិ​ចាម បាន​ចូល​មក​កាប់​ឆ្ការ​ព្រៃ​នៅ​តំបន់​នោះ​សម្រាប់​តាំង​លំនៅឋាន ទើប​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច ធ្វើ​ការ​តវ៉ា។

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន ឲ្យ​ដឹង​ដែរ​ថា រាជ​រដ្ឋាភិបាល​បាន​កាត់​ដី​មាន​ផល​ប៉ះពាល់​ចេញ​ពី​គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នេះ ៦០០​ហិកតារ​រួច​ហើយ ក៏ប៉ុន្តែ​សហគមន៍​នៅ​តែ​តវ៉ា​ពី​គម្រោង​ផ្តល់​ដី​នេះ។ លោក​ថា អាជ្ញាធរ​បាន​កំណត់​ពេលវេលា​ជាក់លាក់​ចុះ​ត្រួត​ពិនិត្យ​ព្រំ​ដី​សម្បទាន​តាម​សំណើ​របស់​សហគមន៍​នៅ​ដើម​សប្ដាហ៍​ក្រោយ៖ «ឆ្នាំ​២០១១ ខ្ញុំ​បាន​ដឹក​នាំ​ក្រុម​ការងារ​សិក្សា​ផល​ប៉ះពាល់ អញ្ជើញ​តំណាង​ចាស់​ទុំ​សហគមន៍ មេ​ភូមិ មេ​ឃុំ ផល​ប៉ះពាល់​ជិត ៥០០ ប៉ុន្តែ​យើង​រាយការណ៍​ស្នើសុំ​សម្ដេច សម្ដេច​កាត់​ចេញ ៦០០ សល់​តែ ២.៤០០។ រហូត​ដល់​ឆ្នាំ​២០១៤ គាត់​តវ៉ា​តែ​ម្តង»

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ឲ្យ​ដឹង​ថា មាន​ភាព​មិន​ប្រក្រតី ដូចជា​ការ​បែង​ចែក​ដី​សម្បទាន​សង្គមកិច្ច​នេះ​នៅ​យឺតយ៉ាវ អ្នក​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​មួយ​ចំនួន មិន​មាន​លក្ខណៈ​សម្បត្តិ​ទទួល​បាន​ដី​តាម​ការ​កំណត់​របស់​រាជ​រដ្ឋាភិបាល ដី​សម្បទាន​ខ្លះ​ត្រូវ​បាន​គេ​លក់​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់ និង​ដោយឡែក​ជនជាតិ​ចាម បាន​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​នៅ​តំបន់​នោះ​បន្ថែម ដើម្បី​ពង្រីក​យក​ដី៕

ប្រភពៈ RFA