អង្គការ​តម្លាភាពជំរុញឲ្យគណបក្សនយោបាយដាក់ផែនការ​ប្រឆំាង​អំពើពុក​រលួយ

អង្គការមួយដែលធ្វើការផ្នែក​ប្រឆំាង​អំពើពុក​រលួយ​ឲ្យ​ដឹង​ថា​​នឹង​ដាក់សេចក្តីស្នើគោលនយោបាយស្តីពីការ​ប្រឆំាងអំពើពុករលួយទៅឲ្យ​គណ​បក្ស​​​នយោបាយ​ទំាងអស់​​នៅខែមេសាខាងមុខដោយអះអាងថាដើម្បីជួយទប់ស្កាត់និង​កាត់បន្ថយអំពើពុករលួយនៅក្នុងបក្ស​និង​​ស្ថាប័នរដ្ឋ។

នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បាន​ថ្លែងបែបនេះក្រោយពីសិក្ខា​សាលាបង្ហាញសេចក្តីស្នើគោលនយោបាយស្តីពី ការ​ប្រឆំាង​អំពើពុករលួយសម្រាប់​ដាក់​ជូន​គណបក្ស​​នយោ​បាយ”​ ដោយ​មានវត្តមានតំណាង​គណបក្ស​នយោបាយ ​អ្នកវិភាគ និង​អង្គ​ទូតនានាចូល​រួម​ជាង១០០​នាក់​​។

លោក ព្រាប កុល មានជំនឿថាសេចក្តីស្នើគោលនយោបាយស្តីពី ការ​ប្រឆំាង​អំពើពុករលួយសម្រាប់ដាក់ជូនគណបក្ស​​នយោ​បាយ នោះគណបក្ស​នយោបាយទំាងអស់នឹង​យក​ទៅ​ដាក់​បញ្ជូលក្នុងគណបក្ស​របស់ខ្លួនបន្ថែម​ទៀត​ជៀសវាងកុំ​ឲ្យ​មាន​បក្ស​ពួកនិយម គ្រួសារនិយម និង​បញ្ហា​ផ្សេងទៀត ដើម្បី​ជួយ​​ប្រយុទ្ធប្រឆំាង​​អំពើពុក​រលួយប្រកប​ដោយ​​ប្រសិទ្ធិភាពខ្ពស់។ លោកបន្តថា៖ “អ្វីដែលយើ​ង​ដាក់ចូលក្នុង​គណបក្សនយោ​បាយ​​នេះគឺក្នុង​ទិសដៅមួយដើម្បីឲ្យ​អ្នកនយោបា​យគ្រប់បក្សទំាង​អស់​បញ្ចូល​យុទ្ធសាស្ត្រប្រឆំាង​អំពើពុករលួយ​ទំាងនៅក្នុង​បក្ស​របស់គាត់ទំាងពេលដែលគាត់បានជាប់ឆ្នោតទៅធ្វើការ​ងារ​បំរើប្រជាពលរដ្ឋ​គឺក្លាយ​ទៅ​ជា​ចំណុចសំខាន់​នៅក្នុង​ការងារ​របស់គាត់​អំពើពុក​រលួយ​វា​កើត​ឡើង​ដោយ​មនុស្ស​ បើសិនជាមនុស្ស​នាំ​គ្នា​​បំបាត់អំពើពុក​រលួយ​ បំបាត់ឲ្យ​ត្រូវ​ បំបាត់ឲ្យ​មានប្រសិទ្ធិភាព វាត្រូវ​តែថយ​”​។

អង្គការ​តម្លាភាពជំរុញឲ្យគណបក្សនយោបាយដាក់ផែនការ​ប្រឆំាង​អំពើពុក​រលួយនាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល (ដោយ ណាត សុភាព)

ដោយឡែក​លោក ព្រាប កុល បញ្ជាក់​ថាករណីនៅស្ថាប័នរដ្ឋឯណោះវិញ​ រដ្ឋាភិបាលត្រូវយកសេចក្តីស្នើគោលនយោបាយ ស្តីពីការ​ប្រឆំាង​អំពើពុករលួយសម្រាប់ដាក់ជូនគណបក្ស​​នយោ​បាយ”​ នោះ​ដាក់បញ្ជូល​បន្ថែមក្នុង​ច្បាប់​ស្តីពីការ​ប្រឆំាង​អំពើ​ពុក​រលួយ ច្បាប់​​ស្តីពីសិទ្ធិទទួលបានព័ត៌មាន ច្បាប់​ការពារសាក្សី និង​អ្នករាយការណ៍ ខណៈច្បាប់ទំាង​នេះកំពុងតាក់​​​តែងឡើង។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិលោក យឹម សុវណ្ណ គាំទ្រនឹង​ការលើកឡើង​របស់លោក ព្រាប​ កុល ដោយលោកអះអាងថា ការ​​​ប្រឆំាង​អំពើពុក​រលួយ​ជា​គោលនយោបាយ​ទីមួយរបស់គណបក្ស​សង្គ្រោះជាតិត្រូវ​តែធ្វើ​ការ​លុប​បំបាត់​។ លោកបញ្ជាក់ថាកន្ល​ងមក​គណបក្ស​សង្គ្រោះជាតិ​បាន​អនុវត្តកិច្ចការ​នេះនៅក្នុង​គណបក្សទទួលបានផលវិជ្ជមានផង​ដែរ។ លោកបន្ថែមថា​៖ “គណបក្ស​មានយន្តការដើម្បីត្រួតពិនិត្យមើល​នូវការ​ចាយ​វាយ​ថវិកា​របស់គណបក្សគឺយើងមានយន្តការ ហើយ​យើង​មិនដែលមានបញ្ហា​ទេកន្លង​មក ​ពីព្រោះរៀងរាល់ឆ្នាំយើង​បានធ្វើ​របាយការណ៍នៅក្រសួង​មហាផ្ទៃ​ ហើយ​របាយការណ៍គឺ​យើង​ដាក់ជូនទៅអគ្គសវនករជួយពិនិត្យមើល ដូច្នេះយើង​បានធ្វើ​ការងារបានល្អ​ប្រសើរ​”។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជាលោក សុខ ឥសាន មាន​ប្រសាសន៍ថាគណបក្ស​ប្រជាជនកម្ពុជា​មានគោលនយោបាយ​លុប​បំបាត់អំពើពុក​រលួយមុន​អង្គការតម្លាភាពកម្ពុជា​រៀប​ចំកម្មវិធីនេះទៅទៀត។ ប៉ុន្តែលោកថាបើអង្គការនោះដាក់សំណើមក​​គណបក្ស​ប្រជាជនកម្ពុជា​ លោកថាគណបក្សនឹង​ពិនិត្យមើល​។ លោកបន្តថា៖ ”ការ​ពិនិត្យ​ការ​ទទួល​យក​ជាសិទ្ធិរបស់រាជរដ្ឋាភិបាលក៏ដូច​ជា​គណបក្ស​កាន់អំណាច​មិនមែនថាដាក់ឲ្យ​តែដាក់​ទៅត្រូវទទួល​យកទំាងអស់​ឬមួយបដិសេធទំាងអស់​មិនអញ្ចឹងទេ​ វាអាស្រ័យទៅលើការ​ពិនិត្យ​លើសំណើហ្នឹង ហើយ​គេពិចារណាលើសំណើថា​សំណើ​ណាគួរទទួល​យក​សំណើណាដែលមិនអាច​ទទួល​យកបាន​​”

ចំណែគណបក្ស​នយោបាយផ្សេងៗទៀតក៏បាន​អះអាងប្រហាក់ប្រហែល​នឹង​គណបក្ស​កាន់អំណាចនិង​គណបក្ស​ប្រឆំាង​ដែរ។ ប៉ុន្តែក្រុមគណបក្សទំាងនោះបញ្ជាក់ថាដើម្បី​ដោះស្រាយ​បញ្ហា​នេះឲ្យ​មានប្រសិទ្ធិភាពថ្នាក់ដឹកនាំគណបក្សនិង​រដ្ឋាភិបាល​ ត្រូវ​បោសសំអាត​ពីថ្នាក់លើទៅទើបទទួលបានផល​វិជ្ជមានពោលមិនត្រូវ​អនុវត្តច្បាប់​ចំពោះតែមន្ត្រីឬបុគ្គលតូចតាចនោះឡើយ។

របាយការណ៍​ឆ្នាំ​២០១៥របស់អង្គការតម្លាភាព​កម្ពុជា​ស្តី​ពីអំពើពុករលួយបង្ហាញថាប្រទេសកម្ពុជានៅតែ​ស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរដោយសារតែប្រព័ន្ធយុត្តិធម៌និងនីតិរដ្ឋកម្ពុជានៅទន់ខ្សោយ។ បើតាម​របាយការណ៍នោះក្នុងចំណោ​ម​ប្រទេស១៦៨ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ដែលយោងតាមសន្ទស្សន៍នៃការសិក្សាមានន័យថាកម្ពុជានៅតែស្ថិតក្នុងក្រុមប្រទេសដែលមានអំពើពុករលួយធ្ងន់​ធ្ងរ៕

ប្រភពៈ VOD