អតីត​ជា​លេខា​តំបន់​១០៥​ខេត្ត​មណ្ឌលគិរី​បដិសេធ​ចំពោះ​ការ​សម្លាប់​មនុស្ស

សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា បាន​ស្ដាប់​សាក្សី​ថ្មី​មួយ​ទៀត ទាក់ទង​នឹង​ការ​បាត់​ខ្លួន និង​ការ​សម្លាប់​មនុស្ស​រស់នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ក្នុង​តំបន់ ១០៥ ខេត្ត​មណ្ឌលគិរី។ សាក្សី​នេះ​អតីត​ជា​លេខា​តំបន់ ១០៥ បដិសេធ​ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​មនុស្ស​នៅ​ខេត្ត​មណ្ឌលគិរី កាល​ពី​ក្នុង​របប​ខ្មែរក្រហម។

ក្នុង​សវនាការ​ស្ដាប់​សក្ខីកម្ម​ដែល​ធ្វើ​តាម​ការ​បញ្ជូន​រូបភាព និង​សំឡេង​ពី​ខេត្ត​ឧត្ដរមានជ័យ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា អតីត​លេខា​តំបន់ ១០៥ គឺ​លោក សៅ សារុន ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា​សួរ​ដេញដោល​រក​ការ​ពាក់ព័ន្ធ​របស់​លោក​រឿង​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម។

សាក្សី សៅ សារុន បញ្ជាក់​ថា ប៉ុល ពត តែងតាំង​លោក​ជា​លេខា​តំបន់ ១០៥ រយៈ​ពេល ២​ខែ​មុន​របប​ខ្មែរក្រហម​ដួល​រលំ ហើយ​លោក​ក៏​មិន​បាន​ពាក់ព័ន្ធ​ការ​ចាប់​មនុស្ស​យក​ទៅ​សម្លាប់ នៅ​មន្ទីរ​សន្តិសុខ​តំបន់​នៅ​ភ្នំ​ក្រោល​ដែរ។ សក្ខីកម្ម​របស់​លោក គឺ​បដិសេធ​ចំពោះ​សាក្សី​ឈ្មោះ សាល់ រ៉ា ដែល​និយាយ​ថា លោក​មិន​ហ៊ាន​ទៅ​ខេត្ត​មណ្ឌលគិរី​វិញ​ទេ ព្រោះ​លោក​ធ្លាប់​មាន​បាត​ដៃ​ប្រឡាក់​ឈាម៖ «សាក្សី គេ​រាយការណ៍​ថា ខ្ញុំ​មិន​ហ៊ាន​ទៅ​មណ្ឌលគិរី ខ្ញុំ​ប្រឡាក់​ឈាម។ ខ្ញុំ​មិន​ដែល​សម្លាប់​ប្រជាជន​មួយ​រូប​ផង។ ខ្ញុំ​ទៅ​ដេក​នៅ​មណ្ឌលគិរី ៣​ខែ នៅ​ទីរួមខេត្ត ១​អាទិត្យ មាន​នរណា​ប្រឆាំង​ខ្ញុំ មាន​នរណា​ស្អប់​ខ្ញុំ។ ស្រុក​អូររាំង ខ្ញុំ​ទៅ​ពេល​ការ​កូនចៅ ខ្ញុំ​ចូលរួម​ការ​ជា​មួយ​គេ ខ្ញុំ​មាន​រឿង​អី​មិន​ហ៊ាន​ទៅ»

អតីត​ជា​លេខា​តំបន់​១០៥​ខេត្ត​មណ្ឌលគិរី​បដិសេធ​ចំពោះ​ការ​សម្លាប់​មនុស្ស

សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង ០០២ វគ្គ ២ ប្រឆាំង នួន ជា និង ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៦។

ទោះ​ជា​ដូច្នេះ​ក្ដី លោក​បាន​ដឹង​អំពី​ការ​បាត់​ខ្លួន​របស់​កម្មាភិបាល​នៅ​តំបន់​នោះ នៅ​ពេល​ដែល​មេ​ដឹក​នាំ​ថ្នាក់​លើ ដូច​ជា ប៉ុល ពត និង នួន ជា នៅ​មន្ទីរ ៨៧០ ហៅ​អ្នក​ទាំង​នោះ​ឱ្យ​មក​រៀន​សូត្រ​នៅ​ទីក្រុង​ភ្នំពេញ។
លោក សៅ សារុន ថ្លែង​ថា រូប​លោក​ផ្ទាល់​ក៏​មាន​ការ​ភ័យ​ខ្លាច​ដែរ៖ «ម្នាក់ៗ ឱ្យ​តែ​គេ​ហៅ​ទៅ​ភ្នំពេញ គឺ​ភ័យ​ហើយ ពីព្រោះ​ហៅ​ទៅ​បាត់ៗ មិន​ដឹង​បាត់​រឿង​អី។ ឃើញ​តែ​បាត់​មនុស្ស ពិសេស​ប្អូន​ខ្ញុំ ប្អូន​ថ្លៃ សុភា ហ្នឹង គឺ​បញ្ជា​មក​ពី​លោក ប៉ុល ពត ហៅ​ទៅ​ធ្វើការ​បាត់​រហូត។ ច្រើន​តែ​គេ​បញ្ជា​មក​តាម​ទូរលេខ គេ​ហៅ​ទៅ​រៀន។ គេ​ចុច​ឈ្មោះ​​ក​ពី​នៅ​ភ្នំពេញ»

លោក​អះអាង​ថា ប៉ុល ពត តែងតាំង​លោក​ឱ្យ​ធ្វើ​ជា​គណៈ​តំបន់ ១០៥ គឺ​ដោយសារ​តែ​លោក​គោរព​អនុវត្តន៍​គោល​នយោបាយ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ដោយ​ស្មោះត្រង់ ហើយ ប៉ុល ពត ក៏​មិន​ដែល​ទិតៀន​លោក​ដែរ។ ការ​តែងតាំង​នេះ គឺ​បន្ទាប់​ពី​កម្មាភិបាល​ឈ្មោះ តា ឡាំង ត្រូវ​គេ​សម្លាប់។ លោក​ឱ្យ​ដឹង​ថា ក្នុង​តួនាទី​ជា​លេខា​តំបន់ ១០៥ ដែល​ជា​តំបន់​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈ​មជ្ឈិម​បក្ស លោក​ត្រូវ​រាយការណ៍​មក​មន្ទីរ ៨៧០ រាល់​ថ្ងៃ។ លោក​ក៏​ទទួល​សារ​ទូរលេខ​ពី​មន្ទីរ ៨០៧ វិញ​ដែរ។

លោក សៅ សារុន ឆ្លើយ​ថា លោក​ធ្លាប់​ទៅ​ជួយ​ធ្វើ​ការងារ​នៅ​មន្ទីរ​សន្តិសុខ​តំបន់​មួយ​អាទិត្យ​ពីរ​ដង ហើយ​ឃើញ​អ្នកទោស​ប្រុសៗ បី ឬ​បួន​នាក់​ជាប់​នៅ​ទី​នោះ។ ប៉ុន្តែ​លោក​មិន​ដឹង​ថា ពួក​គេ​ត្រូវ​ចាប់​ខ្លួន​រឿង​អី​ទេ។

សក្ខីកម្ម​ខ្លះ​របស់​សាក្សី សៅ សារុន ត្រូវ​បាន​សហ​ព្រះរាជអាជ្ញា​សួរ​ផ្ចាញ់៖ «លោក​សាក្សី បញ្ជី​អ្នក​ទោស​នៅ​មន្ទីរ ស២១ ឯកសារ​ទាំង​ពីរ​បង្ហាញ​ថា ប៊ិន ឡយ ដែល​ជា​ប្រធាន​នៅ​មន្ទីរ ក១៧ បាន​ចូល​មក​មន្ទីរ​ស២១ នៅ​ខែ​តុលា ឆ្នាំ​១៩៧៨។ អ៊ីចឹង​បញ្ជាក់​ថា គាត់​មិន​អាច​បន្ត​ធ្វើការ​រហូត​ដល់​ពេល​វៀតណាម ចូល​ទេ។ តើ​ហេតុ​អី​បាន​ជា​លោក​មិន​ប្រាប់​តុលាការ​ថា ឡយ បាត់​ខ្លួន? យ៉ាង​ម៉េច​បាន​ជា​លោក​មិន​ហ៊ាន​ថា ឡយ បាត់​ខ្លួន? ឆ្លើយ៖ អ៊ើ បាត់​មែន… កាល​ហ្នុង​គេ​ប្រជុំ តា ០៦ តា សាន មិន​ដឹង​គេ​បញ្ជូន​ទៅ​ណា ខ្ញុំ​អត់​ដឹង»

សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​លោក សៅ សារុន សាលាដំបូង​លើក​ទៅ​ធ្វើ​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​៣០ មីនា​ទៀត។ អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​ស្ដាប់​សាក្សី​មួយ​រូប​ទៀត ទាក់ទង​នឹង​អង្គហេតុ​មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ចំពោះ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅ​ក្នុង​សំណុំរឿង ០០២ វគ្គ ២ នេះ៕

ប្រភពៈ RFA