សម្តេច​តេជោ៖ ២​ថ្ងៃ​ទៀត​ប្រាក់​ខែ​​គ្រូបង្រៀន​នឹងត្រូវ​ដំឡើង, ប្រាក់​ខែគ្រូ​បង្រៀន​ទាប​បំផុត​២០០​ដុល្លារ

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីនៅព្រឹកថ្ងៃទី៣០ ខែមីនានេះថា នៅថ្ងៃទី០១ ខែមេសា ខាងមុខនេះ ប្រាក់ខែគ្រូបង្រៀននឹងត្រូវបានដំឡើង ហើយប្រាក់ខែរបស់គ្រូបង្រៀនទាបបំផុត ដែលមានថ្នាក់មត្តេយ្យបានចំនួន២០០ដុល្លារ។

ការថ្លែងបញ្ជាក់របស់សម្តេចតេជោ យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលសម្តេចចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិទ្យាល័យ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅតែប៉ុន្មានថ្ងៃទៀតទេលោកគ្រូអើយ។ ប្រាក់ខែនឹងឡើងទៀតហើយ នៅតែ២ថ្ងៃទៀតទេ។ ថ្ងៃទី១ មកដល់ (១មេសា) ត្រូវឡើងប្រាក់ខែទៀត ហើយប្រាក់ខែទាបបំផុត របស់គ្រូបង្រៀនថ្នាក់មត្តេយ្យ និងបឋមសិក្សា ២០០ដុល្លារ សហរដ្ឋអាមេរិក។ ឆ្នាំ២០១៨ ទាបបំផុតក៏២៥០ដុល្លារដែរ ស្មើនឹងជាង១លានរៀល»

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ទ្ងន់ថា «នេះជាឡើងប្រាក់ពិត មិនមែនឡើងប្រាក់ខែខ្យល់ទេ ហើយបើកមុខចូលឆ្នាំទៀត និងបូកនឹងប្រាក់ឧត្ថម្ភ ចំនួន៥ម៉ឺនរឿលមុនចូលឆ្នាំទៀត ដូច្នេះវាគួរសមហើយ!»

សម្តេចបានថ្លែងទៀតថា ចំពោះប្រាក់ឧត្ថម្ភចំនួនប្រាក់៥ម៉ឺនរៀលមុនចូលឆ្នាំនេះ តិចមែនសម្រាប់មន្ត្រីរាជការ ប៉ុន្តែសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ត្រូវការប្រាក់ ៦លានដុល្លារ។ សម្តេចតេជោ ក៏បានជំរាបជូនលោកយាយលោកថា ការសន្យារបស់គណបក្សដែលថា ឧបត្ថម្ភប្រាក់ដល់លោកយាយលោកថា ពេលគេជាប់ឆ្នោតនោះ គឺជាការសន្យាខ្យល់តែប៉ុណ្ណោះ៕

សម្តេច​តេជោ៖ ២​ថ្ងៃ​ទៀត​ប្រាក់​ខែ​​គ្រូបង្រៀន​នឹងត្រូវ​ដំឡើង, ប្រាក់​ខែគ្រូ​បង្រៀន​ទាប​បំផុត​២០០​ដុល្លារ

ប្រភពៈ freshnewsasia