តើត្រូវឱ្យកូន បៅទឹកដោះ នៅពេលណាខ្លះ?

សម្រាប់​អ្នក​ម្តាយ​ថ្មោងថ្មី​ ដែល​ទើប​តែមាន​កូនតូច​ជា​លើកដំបូង ការ​បំបៅ​ទឹកដោះ​កូន ​គឺជា​រឿង​ថ្មី​មួយ​ដែល​ត្រូវ​ដឹង។ ខាងក្រោម​នេះ​ គឺជា​ចំណេះដឹង​ក្នុងការ​បំបៅ​ទឹកដោះ​កូន​ ឱ្យ​ត្រូវ​តាម​ពេលវេលា និង​ដើម្បីឱ្យ​កូនតូច​បាន​ឆ្អែត​គ្រប់គ្រាន់។

គួរឱ្យកូនបៅទឹកដោះ ទៀងពេលវេលាល្អដែរ ឬទេ?

អ្នក​ម្តាយ​អាចឱ្យ​កូនបៅ​ទឹកដោះ ​បាន​ញឹកញាប់​តាម​តម្រូវការ​របស់​កូន អាច​និយាយបានថា ឃ្លាន​ពេលណា​ក៏​ឱ្យ​បៅ​ពេលនោះ​តែម្តង តែ​ភាគច្រើន​កូនតូច​នឹង​បៅ​ទឹកដោះ​ប្រមាណ 8-12ដង​ក្នុង​មួយថ្ងៃ ដែល​វា​ជា​ការជួយ​ជំរុញ​ឱ្យ​ទឹក​ដោះចេញ​លឿន និង​ចេញ​បាន​ច្រើន​ទៀតផង។ ក្នុង​សប្តាហ៍ដំបូងៗ បើ​កូនតូច​គេង​លក់​យូរ​ជាង 3ម៉ោង អ្នក​ម្តាយ​គួរតែ​ដាស់​កូន​ឡើងមក​បៅ​ទឹកដោះ​ផង ព្រោះ​កូន​អាច​បានទទួល​ទឹកដោះ​មិន​គ្រប់គ្រាន់ ហើយ​អ្នក​ម្តាយ​ខ្លួនឯង​ ក៏​អាច​នឹងមាន​បញ្ហា​រឿង​ស្ទះ​ទឹកដោះ ឬ​ទឹកដោះ​ថយចុះ​ដូចគ្នា។

យ៉ាងណាក៏ដោយ អ្នក​ម្តាយ​មិនចាំបាច់​ម៉ឺងម៉ាត់​ហ្មត់ចត់​ ជាមួយនឹង​ការ​បំបៅ​ទឹកដោះ​កូន​ទៀងពេល​វេលា​ពេក ​ក៏បាន​ដែរ ព្រោះ​ក្នុងមួយពេលៗ កូន​អាច​បៅ​ទឹកដោះ​បាន​មិន​ស្មើគ្នា​នោះទេ គ្រាន់តែ​ឧស្សាហ៍​សង្កេត​មើលថា តើ​កូន​ត្រូវការ​យ៉ាងណា និង​ពេលណា នោះ​ក៏​គ្រប់គ្រាន់​ហើយ។ រយៈពេល​ក្នុងការ​បៅ​ទឹកដោះម្តងៗ កូន​ជា​អ្នក​កំណត់ដោយ​ខ្លួនឯង ក្មេង​ខ្លះ​អាច​បៅ​ត្រឹមតែ 10នាទី តែ​ក្មេង​ខ្លះ​អាច​យូរ​ជាង​នេះ ដូច្នេះហើយ​ទើប​អ្នក​ម្តាយ​មិនចាំបាច់​កំណត់ពេល​វេលា​នោះទេ។

តើត្រូវឱ្យកូនបៅទឹកដោះម្តាយ នៅពេលកណ្តាលយប់ឬទេ?

អំឡុង​ពេលដែល​កូន​នៅមាន​អាយុ 1-2ខែ​ដំបូង ចាំបាច់​ត្រូវតែ​ឱ្យ​បៅ​ទឹកដោះ​នៅពេល​កណ្តាលយប់ ដោយសារតែ​អ័រម៉ូន​ប្រូ​លែ​ក​ទីន​ ដែល​ជួយ​ជំរុញ​ការផលិត​ទឹកដោះ​មាន​ច្រើន ​នៅពេល​កណ្តាលយប់។ ការឱ្យ​កូនបៅ​ទឹកដោះ ​នៅពេល​យប់​យ៉ាងតិច 1ដង ជាពិសេស​ក្នុងអំឡុង 2-3សប្តាហ៍​ដំបូង នឹង​ជួយ​ឱ្យ​អ័រម៉ូន​ប្រូ​លែ​ក​ទីន ​នៅក្នុង​ឈាម​ខ្ពស់​គ្រប់ពេលវេលា និង​ជួយ​ឱ្យ​ការផលិត​ទឹកដោះ​ដំណើរការ​ទៅ​យ៉ាង​ល្អ កូន​នឹង​បានទទួល​ទឹកដោះ​យ៉ាង​គ្រប់គ្រាន់ ហើយ​ថែមទាំង​ជួយ​ការពារ​ការស្ទះ​ទឹកដោះ​ទៀតផង។ ដើម្បីឱ្យ​អ្នក​ម្តាយ​បាន​សម្រាក​ខណៈពេល ​បំបៅ​ទឹកដោះ​កូន​នៅពេល​យប់​ផង​នោះ ទំនេីប សូម​ណែនាំ​ឱ្យ​អ្នក​ម្តាយ​បំបៅ​ទឹកដោះ​កូន ​ក្នុង​ឥរិយាបថ​គេង​ផ្អៀង។

នៅពេល​កូន​អាយុ​បាន 4-5ខែ​ហើយ​នោះ ក្រពះ​របស់​កូន​នឹង​រីកធំឡើង បៅ​ទឹកដោះ​ម្តាយ​បាន​កាន់តែ​ច្រើនឡើង និង​រយៈពេល​នៃ​ការ​បៅម្តងៗ ក៏​កាន់តែ​ឆ្ងាយ​ពីគ្នា រួមទាំង​គេង​ក៏​កាន់តែ​បានយូរ​ជាង​មុន​ឡើង​ដែរ (គេងជាប់ៗគ្នា 4-5ម៉ោង​ដោយ​មិន​ងើប​មក​បៅ​ទឹកដោះ​ឡើយ) ដូច្នេះហើយ​ទើប​ទារក​ក្នុង​វ័យ​នេះ​ មិនចាំបាច់​ដាស់​គេ​ឱ្យ​ងើប​មក​បៅ​ទឹកដោះ ​ពេលយប់​នោះទេ ពេល​កូន​មាន​អារម្មណ៍​ឃ្លាន​ពេលណា​គេ​ នឹង​ក្រោក​ឡើង ឬ​យំទារ​យក​ខ្លួនឯង​មិន​ខាន៕

ប្រភព៖tomnerb

  • តើត្រូវឱ្យកូន បៅទឹកដោះ នៅពេលណាខ្លះ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/31  Category:សុខភាព
Tags: