ស្រឡាញ់​អូន​ដល់​ឆ្អឹង ខែ​ឆ្នាំ​មិនល្អ​មេបា​ផ្តាច់បង​មិន​ចង់​រស់

ស្រឡាញ់​អូន​ដល់​ឆ្អឹង ខែ​ឆ្នាំ​មិនល្អ​មេបា​ផ្តាច់បង​មិន​ចង់​រស់



ខេត្តព្រៃវែង ៖ រឿង​រ៉ា​វ​ស្នេហា​របស់​យុវជន​សម័យ​ថ្មី សម័យ​ទំនើប​នេះ​ពិតជា​មាន​ឥទ្ធិពល​ធំធេង​ណាស់ រហូត​ដល់​អាយុជីវិត​របស់​ខ្លួន ក៏​ពុំ​ស្មើ​ដែរ សុខចិត្ត​បរិច្ចាគ​ជាតិ​នេះ ដែល​ស្មានថា​មាន​ជាតិ​ក្រោយ​ទៀត ។ យុវជន​ម្នាក់​មាន​គូដណ្តឹងហើយ បន្ទាប់​មក​មេបា​ទាំង​សង្ខាង ព្រមព្រៀង​គ្នា​ផ្តាច់​ពាក្យ​មិន​រៀប​ការ ដោយសារ​តែ​ហោរា​គន់គូរ ជើង​លេខ​មើលទៅ​ឃើញ​ថា ខែ​ឆ្នាំ​មិន​ត្រូវ​គ្នា មិន​អាច​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទេ បើ​រៀប​ការ​មិន​មាន​សេចក្តីសុខ​ទៅ​ថ្ងៃក្រោយ​ឡើយ ។

ដោយសារ​តែ​មានការ​សម្រេចចិត្ត​របស់​មេបា បាន​ធ្វើ​ឱ្យ​យុវជន​ម្នាក់​ដែល​ស្រឡាញ់​នាង​ដល់​ឆ្អឹង​ដាច់​ចិត្ត​ផឹកថ្នាំ​ពុល​អស់​មួយ​កូន​ដប​តូច ពុល​ប្រកាច់​បែកពពុះមាត់ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​មក​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ឱ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។

ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា យុវជន​រូប​នេះ​ឈ្មោះ វឿ​ន ជា អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ពាមរ​ក៏ ស្រុ​ម​ពារ​ក៏ បាន​ផឹកថ្នាំ​ពុល សម្លាប់​សត្វល្អិត អស់​មួយ​កូន​ដប នៅ​ឯ​ស្រែប្រាំង​ខាងក្រោយ​ផ្ទះ ក្រោម​ដើម​រាំង គឺជា​ការ​ប៉ុនប៉ង​ធ្វើ​អត្តឃាត ។ ក្រោយ​ពី​ផឹកថ្នាំ​ពុល​រួច យុវជន​ចិត្ត​ស្លុយ​នេះ បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ប្អូន​ដែល​ធ្វើ​ជា​កម្មការិនី​រោងចក្រ​នៅ​ឯ​រាជធានី​ភ្នំពេញ ថាឱ្យ​ប្រាប់​ឪ​និង​ម៉ែ​ផង បង​សូម​លា​គាត់​ហើយ ព្រោះ​បាន​ផឹកថ្នាំ​ពុល​អស់​មួយ​កូន​ដប ដើម្បី​សម្លាប់​ខ្លួន​នៅ​ឯ​ស្រែប្រាំង​ខាងក្រោយ  ផ្ទះ​របស់​យើង​ក្រោម​ដើម​រាំង ។ ពេល​ប្អូនស្រី​ឮ​ហើយ ក៏​បាន​ទូរស័ព្ទ​មក​ប្រាប់​ឪពុក​តាម​ដំណើររឿង ។ ពេល​បាន​ទទួល​ដំណឹង​បែប​នេះ ឪពុក​ក៏​ទម្លាក់​ទូរស័ព្ទ​ចោល​ភ្លាម ស្រែក​ប្រ​កូក​រក​គ្នីគ្នា​បាន​៤​ទៅ​៥​នាក់ រូតរះ​រត់​គ្មាន​ងាក​ក្រោយ​ទេ តម្រង់​ទៅ​ស្រែប្រាំង ។ ពេល​ទៅ​ដល់​ក្រោម​ដើម​រាំង ឃើញ​កូនប្រុស​កំពុង​ដេក​ប្រកាច់ ក៏​នាំ​គ្នា​លើក​សែង​យក​កូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ថ្ងៃ​ទី​៣០ មីនា ។

ក្រុម​គ្រូពេទ្យ​បាន​ជួយ​សង្គ្រោះ​អាយុជីវិត​ភ្លាម​ៗ តាម​វិធី​លាង​ក្រពះ​ដោយ​បូមទឹក​ទាំង​ធុង​បញ្ចូល​ទៅ​ក្នុង​ក្រពះ​ឱ្យ​ក្អួត​មក​វិញ​ស្ទើរ​ដាច់ខ្យល់ ព្រោះ​ទឹកបាន​ចេញ​តាម​មាត់​ផង តាម​ខាងក្រោម​ផង ។ ក្រោយ​ពេល​សង្គ្រោះ​ពិនិត្យ​ឃើញ​ថា បាន​រួច​ផុត​ពី​គ្រោះ​ដល់​ជីវិត​ហើយ ។

ឪពុក​បាន​និយាយ​ដោយ​ហួសចិត្ត​ថា ដំបូង​បាន​លួង​ចិត្ត​កូន ដោយ​ទិញ​ម៉ូតូ​ថ្មី​ឱ្យ​ជិះ ហើយ​សន្យា​រក​កូនស្រី​ណា​ដែល​ល្អ​ជាង​នេះ មាន​ខែ​ឆ្នាំ​ល្អ​ត្រូវ​គ្នា​រៀប​ការ​ទៅ​បាន​សេចក្តីសុខ​ទៅ​ថ្ងៃ​អនាគត ។

ឪពុក​និយាយ​ទៀត​ថា កូន​បាន​ព្រមព្រៀង​ហើយ បែរជា​មក​ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់​បែប​នេះ​ទៅ​វិញ ។ ប្រុស​ពេញ​ដី ស្រី​ពេញ​នគរ ខុស​មួយ​នៅ​១០០-១០០០​នាក់​ឯណោះ តើ​ចៀស​ពី​មួយ​នោះ​មិន​បាន​ឬ ៕