មិន​សន្យា​ខ្យល់ ប្រាក់​ឧបត្ថម្ភ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ថ្ងៃ​ចូល​ឆ្នាំ​អស់៦​លាន​ដុល្លារ

មិន​សន្យា​ខ្យល់ ប្រាក់​ឧបត្ថម្ភ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ថ្ងៃ​ចូល​ឆ្នាំ​អស់៦​លាន​ដុល្លារ



ខេត្ត​ត្បូងឃ្មុំ ៖  សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នា​ពេល​ខាង​មុខ​ពោល​គឺ​នៅ​ក្នុង​ពេល​យុទ្ធនាការ​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨ មានការ​ដេញថ្លៃ​រឿង​សន្យា​ឡើង​ប្រាក់ខែ​ទៀត​ហើយ ។ ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​ចូលរួម​ដេញថ្លៃ ឬ​ធ្វើ​កិច្ចសន្យា​ដូច​គណបក្ស​ផ្សេង​ៗ​នោះ​ទេ ពោល​គឺ​ធ្វើ​អ្វី​ទៅ​តាម​លទ្ធភាព និង​សមត្ថភាព​របស់​រាជរដ្ឋាភិបាល ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​មិនមែន​ជា​សន្យា​ខ្យល់​ដូច​គណ​បក​ប្រឆាំងឡើយ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​២០១៦ ក្នុង​ឱកាស​ដែល​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​២​សំខាន់​គឺ វិទ្យាល័យ​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​អម្ពរ​វ័ន​ជំនីក និង​ស្ពានបេតុង​ព្រែក​តា​កុ​ច ប្រវែង​១៨០​ម៉ែត្រ ដែល​ស្ថិត​ក្នុង​ឃុំ​ជំនីក ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា បញ្ហា​សាលារៀន​ដែល​កសាង​នៅ​គ្រប់​ទីកន្លែង មាន​ភាព​ខុស​គ្នា​ពី​អតីត​កាលដែល​យើង​មាន​សាលារៀន​តិចតួច​ធ្វើ​ឲ្យ​អ្នក​បោះបង់​ចោល​សាលារៀន​ច្រើន​ណាស់ ព្រោះ​អត់​មាន​លទ្ធភាព​ទៅ​រៀន​នៅ​ទី​ឆ្ងាយ តែ​ឥឡូវនេះ សូម​ប្រជាពលរដ្ឋ កុមា​រា កុមារី យុវជន កុំ​បោះបង់​ចោល​ឱកាស​ដែល​ខ្លួន​មាន ។ ឱកាស​ទី​១ គឺ​សន្តិភាព​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស ដែល​គ្មាន​ការ​រត់លូន ដូច​នៅ​សម័យ​សង្គ្រាម អត់​មានការ​បំផ្លាញ​ចោល​សាលា​ដូច​សម័យ ប៉ុ​ល ពត ទេ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បន្ត​ថា នៅ​ពេល​នេះ​មិន​ដូច​កាលពី​សម័យ​ខ្ញុំ ដែល​កូនសិស្ស​ដើរ​រក​សាលារៀន ដែល​ត្រូវ​ចំណាកស្រុក​តាំងពី​អាយុ​១៣​ឆ្នាំ ដែល​ខ្ញុំ​ត្រូវ​តែ​សងសឹក​ពង្រាយ​សាលារៀន​កុំឱ្យ​ក្មេង​ៗ​អភ័ព្វ​ដូច​ខ្មុំ កាលពីដើម ។ ខ្ញុំ​ធ្វើ​ចំណាក់ស្រុក​ពី​ភូមិកំណើត​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ស្នាក់​នៅ​ជាមួយ​ព្រះសង្ឃ ដើម្បី​ទៅ​ទទួល​ការ​រៀនសូត្រ ។ ដូច្នេះ​នៅ​ពេល​ដែល​ខ្ញុំ​មានឱកាស​សម្រាប់​គ្រប់គ្រង​អំណាច ចំណុច​ដែល​ខ្ញុំ​ធ្វើ​មុនគេ​គឺ​កា​សាងសង់​សាលារៀន​នេះឯង ។

ក្មេង​ក្នុង​វ័យ​នេះ មិន​ដូច​ក្មេង​សម័យ​មុន​ទេ ដូច្នេះ​ក្មូ​យ​ៗ​ត្រូវ​ខិតខំ​កុំ​យក​ឱកាស​ដែល​មាន​នេះ ទៅ​សេព​គ្រឿងញៀន ទៅ​ប្រព្រឹត្ដ​ល្បែង​សុ​ី​សង ប្រព្រឹត្ដ​អំពើ​ខុសច្បាប់​ផ្សេង​ៗ... ។
ចំណុច​ងាយស្រួល​មួយទៀត សម្រាប់​សិស្សានុសិស្ស គឺ​ប្រព័ន្ធ​ផ្លូវ​នោះ​ឯង ដែល​ត​ភ្ជាប់​សម្រាប់​សម្រួល​ដល់​សិស្សានុសិស្ស​មានឱកាស​ធ្វើ​ដំណើរ​ទៅ​រៀនសូត្រ​ដោយ​មិន​មានការ​លំបាក ។

ទាក់ទិន​នឹង​ប្រាក់ខែ​គ្រូបង្រៀន​វិញ សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា នៅ​សល់​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៦ នេះ​ទៅ ប្រាក់ខែ​គ្រួ​បង្រៀន​ទាប​បំផុត​៨០​មុ​ឺ​ន​រៀល ឬ​ស្មើនឹង​២០០​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​នឹង​ឧបត្ថម្ភ​ជូន​ដល់​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ទូ​ទាំង​ប្រទេស​នូវ​ទឹកប្រាក់​៥​មុ​ឺ​ន​រៀល​ក្នុង​ម្នាក់​ៗ ហើយ​ការ​បើក​ប្រាក់ខែ​ថ្មី និង​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ទូ​ទាំង​ប្រទេស គឺ​ត្រូវ​បើក​ឱ្យ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ជា​ដាច់ខាត ។ សម្ដេច​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ឧបត្ថម្ភ​ដល់​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ទូ​ទាំង​ប្រទេស​ក្នុង​ម្នាក់​ៗ៥​មុ​ឺ​ន​រៀល គិត​ជា​ដុល្លារ​គឺ​រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​៦​លាន​ដុល្លារ​អា​មេ​រិ​ក ។

ស​មេ្ដ​ច​តេ​ជោ មាន​ក្តី​សង្ឃឹមថា សមិទ្ធផល​ទាំងឡាយ​ដែល​សម្ពោធ​ថ្ងៃនេះ​ទាំង​សាលារៀន ទាំង​ស្ពាន​នឹង​បង្កើត​នូវ​ស្ថានភាព​ងាយស្រួល​ដល់​ប្រជាជន​របស់​យើង ។ នៅ​ពេល​ខាង​មុខ​បើ​ទោះបី​ថា នៅ​តំបន់​នេះ​មិន​ទាន់​ភ្ជាប់​បណ្ដាញ​រដ្ឋ​ផ្នែក​អគ្គិសនី​ដែល​នៅ​ប្រើប្រាស់​ភ្លើង​ឯកជន ប៉ុន្តែ​កម្មវិធី​នៃ​ការ​ចុះថ្លៃ​នៃ​ការ​ប្រើប្រាស់​អគ្គិសនី តាម​កម្មវិធី​ភ្លើង​រដ្ឋ កម្មវិធី​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៧ តម្លៃ​អគ្គិសនី​នឹង​ចុះ​មក​នៅ​៦១០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ។ ក្នុង​នោះ​ក៏​មាន​គោលនយោបាយ​ទាក់ទង​ជាមួយនឹង​បញ្ហា​កសិកម្ម​សម្រាប់​ការ​ប្រើប្រាស់​បូមទឹក​សម្រាប់​ដំណាំ​កសិកម្ម​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ថ្លៃ​៤៨០​រៀល ។

សុន្ទរកថា​លោក ប្រាជ្ញ ចន្ទ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​បានឱ្យ​ដឹង​ថា ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​ដ៏​មាន​សារៈសំខាន់​សម្រាប់​ក្មួយ​ៗ សិស្សានុសិស្ស សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏​បាន​សម្រេច​ផ្ដល់​ជូន​បន្ថែម​នូវ​អគារសិក្សា​នៃ​វិទ្យាល័យ ប៊ុ​ន រ៉ា​នី ហ៊ុន សែន​អម្ពរ​វ័ន​ជំនីក​១​ខ្នង មាន​កម្ពស់​៣​ជាន់ បន្ទប់​សិក្សា​មាន​២៤​បន្ទប់ បន្ទប់ទឹក​១៤​បន្ទប់ និង​ឃ្លាំង​ចំនួន​៣ ស្ថិត​ក្នុង​ឃុំ​ជំនី​ត និង​ស្ពាន​ព្រែក​តា​កុ​ច​ប្រវែង​១៨០​ម៉ែត្រ ដែល​នឹង​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ឱកាស​ឧតុង្គឧត្ដម​នេះ ។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា ពិធី​បើក​ការដ្ឋាន​សាងសង់​អគារសិក្សា​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៤ មេ​សា ឆ្នាំ​២០១៤ ។ ដោយឡែក ស្ពាន​ព្រែក​តា​កុ​ច​ចាប់ផ្ដើម​សាងសង់​ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម​នៅ​ឆ្នាំ​២០១៣ ហើយ​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ចំណាយ​ថវិកា​សាងសង់​សរុប​ចំនួន​៦.៧៨៧.០០០.០០០​រៀល ៕