របរ​ធ្វើ​ពាង​លក់ដាច់​ខ្លាំង ​នៅ​ខែ​វស្សា

ប្រជាជន ​ដែល​រស់​នៅ​តាម​ជនបទ​ក្នុង​ខេត្ត​កំពត​ភាគច្រើន​មាន​ស្រះ​ទឹក​សម្រាប់​ស្តុក និង​បង្ហូរ​ទឹកភ្លៀង​នៅ​រដូវវស្សា​សម្រាប់​ប្រើប្រាស់​ទូទៅ។ ចំណែក​ពាង​ទឹក​វិញ​ជា​វត្ថុ​សំខាន់​សម្រាប់​ត្រង​ទឹក​ភ្លៀង​ទុក​សម្រាប់​បរិភោគ។ ដូច្នេះ​ហើយ ទើប​គេ​សង្កេតឃើញ​វត្តមាន​ពាង​ដាក់​ទឹក​ធំៗ​ នៅ​គ្រប់​ផ្ទះ​ទាំងអស់ រួម​ទាំង​វត្ត​អារាម​នានា​ផង​ដែរ។

 
របរ​ធ្វើ​ពាង​លក់ដាច់​ខ្លាំង ​នៅ​ខែ​វស្សា

 

 

អាស្រ័យ​ហេតុនេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​ធ្វើ​ពាង​អាច​រក​កម្រៃ​ពី​របរ​នេះ​បាន​គួរសម ពិសេស​នា​រដូវវស្សា។ មាន​ចម្ងាយ​ប្រមាណ​ជា ៥០០ ម៉ែត្រ​ពី​ខាងកើត​អាស្រម​លោកយាយ​ម៉ៅ (ល្អាង) ស្ថិតនៅ​ក្នុង​ស្រុក​ដងទង់ ក្នុង​ខេត្ត​កំពត​ជាប់​នឹង​ផ្លូវជាតិ​លេខ ៣ អ្នក​នឹង​បាន​ឃើញ​រោង​មួយ មាន​ពំនូក​ខ្សាច់ និង​ឃើញ​មាន​តម្រៀប​ពាង​ហែហូរ ទីនេះ​ជា​កន្លែង​ផលិត​ពាងទឹក ដែល​មាន​ម្ចាស់​ឈ្មោះ វិឆ័យ។ ឆ័យ​បាន​ប្រាប់ថា គាត់​ចេះ​របៀប​ធ្វើ​ពាង​នេះ​ពី​ឪពុក​របស់​គាត់​ ដែលជា​អ្នក​ផលិត​ពាង​នេះ​យូរ​ឆ្នាំ​មកហើយ ។ ឥឡូវ​គាត់​ចាប់ផ្ដើម​ប្រកប​របរ​នេះ​ ដោយ​ខ្លួនឯង​ទើបតែ​ដំណើរការ​បាន ៣ខែ​ប៉ុណ្ណោះ ឯ​សន្ទុះ​នៃ​ការ​លក់​ គឺ​មិន​ទៀងទាត់​នោះទេ ថ្ងៃ​ខ្លះ​ក៏​លក់​បាន ជូន​កាល​ក៏​លក់​មិនបាន តែ​រដូវ​ដែល​លក់​បាន​ច្រើន គឺ​ក្នុង​រដូវវស្សា ដោយ​ចាប់ពី​ដើមឆ្នាំ។

 

បុរស​កូន​មួយ​រូប​​នេះ បាន​បន្ត​ថា​ គាត់​ម្នាក់ឯង​ត្រូវ​ចំណាយ​ពេល​ ១​ថ្ងៃ ដើម្បី​ធ្វើ​បាន​ពាង​មួយ ក៏ប៉ុន្តែ​ដោយ​សារតែ​គាត់​មាន​ពុម្ព​ធ្វើ​ពាង​ពីរ មាន​ប្រពន្ធ និង​ជីតា​ជួយ​ផង គាត់​អាច​ធ្វើ​បាន​ពាង​ពីរ​ក្នុង​មួយថ្ងៃ​ តែ​សម្រាប់​តែ​ពេល​គេ​ត្រូវការ​ប្រញាប់​ប៉ុណ្ណោះ។

 

ជាទូទៅ​ការ​ធ្វើ​ពាង​ប្រើប្រាស់​វត្ថុធាតុដើម​មាន​ខ្សាច់ និង​ស៊ីម៉ងត៍​តែប៉ុណ្ណោះ គេ​មិន​ដាក់​ដែក​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ពាង​ឆាប់​បែក​ទៅវិញ​ទេ មិនមែន​ជាប់​បាន​យូរ​នោះ​ទេ។ ចំណែក​តម្លៃ​ពាង​វិញ ឆ័យ ​ប្រាប់ថា ពាង​ធំ​មួយ​តម្លៃ ៦ម៉ឺន​រៀល ឯ​ពាង​តូច​តម្លៃ ៥ម៉ឺន​រៀល គម្រប​ពាង​មួយ​ថ្លៃ ១ម៉ឺន​រៀល តែ​បើ​ទិញ​ជាមួយ​ពាង​គាត់​តែ ៥ពាន់​រៀល​ទេ។ ក្រោយពី​ទូទាត់​ថ្លៃដើម និង​ឈ្នួល​ដឹក​រួច ឆ័យ​ ប្រាប់ថា​ គាត់​អាច​ចំណេញ​បានតែ ១៥.០០០៛ ទៅ ៣០.០០០៛ ប៉ុណ្ណោះ​ក្នុង​ពាង​មួយ។

 
របរ​ធ្វើ​ពាង​លក់ដាច់​ខ្លាំង ​នៅ​ខែ​វស្សា

 

របរ​ធ្វើ​ពាង​លក់ដាច់​ខ្លាំង ​នៅ​ខែ​វស្សា

 

របរ​ធ្វើ​ពាង​លក់ដាច់​ខ្លាំង ​នៅ​ខែ​វស្សា

 

អត្ថបទ៖ ឡុច គីម​សាយ