ប៉ាច គីមមួយ ចាប់​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរៗ

អតីត​បេក្ខភាព The Voice Cambodia ហើយ​បច្ចុប្បន្ន​​បាន​ក្លាយ​ជា​តារា​ចម្រៀង​​របស់​​ WE Production ​កញ្ញា ប៉ាច គីមមួយ បាន​ប្រាប់​ថា រាល់​ថ្ងៃ​ខ្លួន​មាន​ទីផ្សារ​បណ្ដើរ​ហើយ។

 

 

ប៉ាច គីមមួយ ចាប់​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរៗ

 

 

គិត​មក​ដល់​ពេល​នេះ​កញ្ញា ប៉ាច គីមមួយ ​បាន​ចូល​ច្រៀង​ឲ្យ​​WE Production ១ឆ្នាំ​​មក​ហើយ ដោយ​រយៈ​ពេល​នេះ តារា​ស្រី​មាន​កំណើត​មក​ពី ស្រុក ថ្មគោល ខេត្ត ដំបង​ប្រាប់​ថា មាន​បទ​ច្រៀង​ចំនួន៥បទ​មក​ហើយ នឹង ២បទ​ផ្សេង​ទៀត​ត្រៀម​ចេញ​នៅ​រដូវ​ចូល​ឆ្នាំ​ខាង​មុខ​នេះ។

 

 

បទ​ចម្រៀង​ដែល​បាន​លក់​នៅ​លើ​ទីផ្សារ​មក​នេះ គីមមួយ សម្លឹង​ឃើញ​ថា មាន​១បទ​ត្រូវ​បាន​ទស្សនិកជន​គាំទ្រ​ខ្លាំង គឺ​បទ “ដឺ​ដាក់​ខែ” ព្រោះ​​បទ​ចម្រៀង​មួយ​នេះ​ពេល​ចុះ​ទៅ​ច្រៀង​នៅ​តាម​ខេត្ត ម្ដង​ៗមាន​អ្នក​គាំទ្រ​ច្រើន។

 

 

តារា​ចម្រៀង​វ័យ២២ឆ្នាំ​ម្នាក់​នេះ​ថ្លែង​ថា រាល់​ថ្ងៃ​ទីផ្សារ​សិល្បៈ​របស់​ខ្លួន​ចាប់​ផ្ដើម​មាន​បណ្ដើរ​ហើយ ប៉ុន្តែ​មិន​ទាន់​​មាន​ច្រើន​ខ្លាំង​​ទេ។ ក្រៅ​ពី​ច្រៀង​នៅ​ក្នុង​ផលិតកម្ម ​បច្ចុប្បន្ន នាង​ច្រៀង​ប្រចាំ​នៅ​ភោជនីយដ្ឋាន Mango Mango និង​ចុះ​ទៅ​ច្រៀង​នៅ​តាម​ខេត្ត​ម្ដង​ម្កាល ហើយ​ចំពោះ​ការ​ច្រៀង​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​ញឹក​ញាប់​ផង​ដែរ។

 

 

ប៉ាច គីមមួយ ចាប់​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរៗ

 

 

គីមមួយ បាន​លើក​ឡើង​ថា ចំណូល​ដែល​បាន​មក​​ពី​សិល្បៈ​​រាល់​ថ្ងៃ​ប្រសើរ​​ជាង​មុនឆ្ងាយ​ បើ​ប្រៀបធៀប​កាល​ខ្លួន​ចូល​សិល្បៈ​ដំបូង ដោយ​អាច​និយាយ​បាន​ថា មួយ​គុណ​និង១០ ក៏​អាច​ថា​បាន។ នាង​បន្ត​ថា កម្រៃ​ពី​សិល្បៈ​នេះ​ អាច​ជួយ​​​​​មក​គ្រួសារ​បាន​ខ្លះៗ ប៉ុន្តែ​មិន​ទាន់​បាន​ច្រើន​ឡើយ ព្រោះ​ប្រជាប្រិយភាព​របស់​នាង​មិន​ទាន់​ល្បី​ដូច​តារា​រៀម​ច្បង​នៅ​ឡើយ។

 

 

តារា​ចម្រៀង​ស្រី​ខាង​លើ​និយាយ​ថា ខ្លួន​សប្បាយ​ចិត្ត​ខ្លាំង​​ណាស់​ដែល​មាន​ឱកាស​បាន​ក្លាយ​ជា​តារា​ចម្រៀង​មាន​ផលិតកម្ម​ត្រឹម​ត្រូវ​បែប​នេះ ត្បិត​អី​​វា​ជា​ក្ដី​​ស្រមៃ​តាំង​ពី​ខ្លួន​សម្រេច​ចិត្ត​​ដើរ​​លើ​វិថី​សិល្បៈ​មក​ម្ល៉េះ។ នាង​ថ្លែង​ជា​ចុង​ក្រោយ​ថា នឹង​ខំប្រឹង​បន្ថែម​ទៀត ដើម្បី​អនាគត​ខ្លួន​ ​ក៏​ដូច​ក្រុម​គ្រួសារ៕

 

 

អត្ថបទ៖ ខុត សីហា