គយ​កម្ពុជា ស្វែងយល់​ពី​លំហូរ​ទំនិញ​របស់​ថៃ នាំ​ចូលមក​កម្ពុជា និង​ទំនិញ​ឆ្លងកាត់​តាម​ប្រទេស​ថៃ មក​កម្ពុជា

ភ្នំពេញ:
ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ គណៈប្រតិភូ​នៃ​រដ្ឋបាល​គយ​កម្ពុជា ដឹកនាំ​ដោយ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​ថៃ ក្នុង​គោលបំណង​ស្វែងយល់​ពី​លំហូរ​ទំនិញ​របស់​ថៃ​នាំ​ចូលមក​កម្ពុជា និង​ទំនិញ​ឆ្លងកាត់​តាម​ប្រទេស​ថៃ​មក​កម្ពុជា ដោយ​ប្រើប្រាស់​កំពង់ផែ​មួយចំនួន​នៃ​ប្រទេស​ថៃ ក៏ដូចជា​ការដឹក​តាម​ផ្លូវគោក​មក​កម្ពុជា​ដែរ ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​គយ​ថៃ​ប្រចាំ​កំពង់ផែ​ឡាំ​ចា​បាង កំពង់ផែ​ខ្លងយ៉ៃ និង​ផែ S.Kittawan ដែលជា​កំពង់ផែ​សំខាន់​សម្រាប់​ចរាចរ​ទំនិញ​ឆ្លងកាត់​មក​ប្រទេស​កម្ពុជា​។ នៅតាម​កំពង់ផែ​នីមួយៗ គណប្រតិភូ​គយ​កម្ពុជា ត្រូវ​បានទទួល​ស្វាគមន៍​និង​ធ្វើ​បទ​បង្ហាញ​ពី​សំណាក់​មន្ត្រី​គយ​ថៃ ស្តីពី​ទិដ្ឋភាព​ទូទៅ​នៃ​ការងារ​គយ ព្រមទាំង​នីតិវិធី​គយ​ពាក់ព័ន្ធ​នឹង​ទំនិញ​នាំចេញ នាំចូល និង​ឆ្លងកាត់​តាម​កំពង់ផែ​នោះ​។ ជា​កិច្ច​ឆ្លើយតប លោក គុណ ញឹម បាន​ថ្លែងអំណរគុណ​និង​បានលើកឡើង​អំពី​សារសំខាន់​នៃ​ការពង្រឹង​ការគ្រប់គ្រង​ទំនិញ​នាំចេញ​នាំចូល ហើយ​ថា​ប្រទេស​ថៃ​គឺជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​យ៉ាងសំខាន់​របស់​កម្ពុជា ។ ទន្ទឹមនឹង​ទំនិញ​របស់​ថៃ​នាំ​ចូលមក​កម្ពុជា ក៏មាន​ទំនិញ​មួយចំនួន​នាំ​ចូលមក​កម្ពុជា​ពី​ប្រទេស​ទី​៣ ដោយ​ដឹក​ឆ្លងកាត់​ប្រទេស​ថៃ​ដែរ ។ ភ្ជាប់​នឹង​របប​គយ​ឆ្លងកាត់​នេះ លោក​អគ្គនាយក​បានស្នើ​ឲ្យ​គយ​ថៃ ជួយ​សម្រួល​ដល់​ទំនិញ​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ទី​៣ ដោយ​ប្រើប្រាស់​កំពង់ផែ​ឡឺម​ចា​បាង (​ដឹក​ឆ្លងកាត់​) និង​ជួយ​ពង្រឹង​ការគ្រប់គ្រង​ទំនិញ​នាំ​ចូលមក​កម្ពុជា​ដឹក​ឆ្លងកាត់​កំពង់ផែ​ឡឺម​ចា​បាង​នេះដែរ ។ ជាក់ស្ដែង​ចំពោះ​ទំនិញ​នាំ​ចូលមក​កម្ពុជា លោក​បានស្នើ​កុំ​ឲ្យ​មានការ​កាត់​សៀ​ល​និង​រើ​ទំនិញ​ចេញពី​កុង​តេ​ន័​រ​នៅក្នុង​ទឹកដី​ថៃ ។ ធ្វើ​ដូចនេះ​ដើម្បីរ​ក្សាយ​ថា​ប្រភេទ និង​បរិមាណ​ទំនិញ និង​ចំនួន​កុង​ទេ​ន័​រ ដែល​ត្រូវ​ប្រកាស​ដើម្បី​បង់ពន្ធ​អាករ​នាំចូល​ឲ្យ​បាន​ត្រឹមត្រូវ ។ លោក​អគ្គនាយក​បាន​ចាត់តាំង លោក នួន ច័ន្ទ​រិ​ទ្ធ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជា​ចំណុច​ទំនាក់ទំនង​ដើម្បី​បន្តធ្វើ​ការងារ​នេះ​ជាមួយ​គយ​ថៃ ។​

​គួរ​បញ្ជាក់ថា តាម​ស្មារតី​នៃ​កិច្ចប្រជុំ​ទ្វេភាគី​នៃ​រដ្ឋបាល​គយ​ទាំងពីរ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ទីក្រុង​ហួ​ហ៊ី​ន ប្រទេស​ថៃ​, សេចក្តីព្រាង “​អនុស្សរណៈ​ស្ដីពី​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ទ្វេភាគី និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ​” ត្រូវបាន​រៀបចំឡើង ហើយ​គ្រោង​ចុះហត្ថលេខា​នៅក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៥-២៧ ខែឧសភា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ភ្នំពេញ ។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ តប​តាម​ការអញ្ជើញ​របស់​ក្រុមហ៊ុន​ថៃ​ឈ្មោះ SCG Trading Co.,Ltd គណៈប្រតិភូ​គយ​កម្ពុជា ក៏បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន SCG និង​មជ្ឈមណ្ឌល​ចែកចាយ​គ្រឿងបន្លាស់​គោយន្ត ត្រាក់ទ័រ ម៉ាស៊ីន​ច្រូត របស់​ក្រុមហ៊ុន Siam Kubota Corporation ដែលមាន​សាខា​នៅ​កម្ពុជា​ផងដែរ​។ នៅ​ទីនោះ តំណាង​ក្រុមហ៊ុន​បានធ្វើ​បទ​បង្ហាញ​ស្តីពី​ទិដ្ឋភាព​ទូទៅ​ស្តីពី​ប្រវត្តិ រចនាសម្ព័ន្ធ បេសកកម្ម​និង​ទស្សនវិស័យ​រួម​នៃ​ក្រុមហ៊ុន SCG និង​ក្រុមហ៊ុន​នានា​ដែលជា​បុត្រ​សម្ព័ន្ធ ដែល​បច្ចុប្បន្ន​មាន​៨​ក្រុមហ៊ុន​កំពុងមាន​កិច្ច​ប្រតិ​ប​ត្ត​ការ​នៅ​កម្ពុជា ។ ឯកឧត្តម​ប្រធាន​គណៈប្រតិភូ​គយ​កម្ពុជា សំដែង​នូវ​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ដែលមាន​អនុលោមភាព​ខ្ពស់​នេះ ហើយ​បាន​ណែនាំ​ឲ្យ​ភាគី​ក្រុមហ៊ុន​បន្ត​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋបាល​គយ​កម្ពុ​ជា​តាមរយៈ​យន្តការ​ភាពជា​ដៃគូ​គយ​-​ផ្នែក​ឯកជន ដែលមាន​អនុ​ក្រុមការងារ​ចំនួន​បី​សម្រាប់​ដោះស្រាយ​បញ្ហា​តាម​វិស័យ​៕​

គយ​កម្ពុជា ស្វែងយល់​ពី​លំហូរ​ទំនិញ​របស់​ថៃ នាំ​ចូលមក​កម្ពុជា និង​ទំនិញ​ឆ្លងកាត់​តាម​ប្រទេស​ថៃ មក​កម្ពុជា

គយ​កម្ពុជា ស្វែងយល់​ពី​លំហូរ​ទំនិញ​របស់​ថៃ នាំ​ចូលមក​កម្ពុជា និង​ទំនិញ​ឆ្លងកាត់​តាម​ប្រទេស​ថៃ មក​កម្ពុជា

គយ​កម្ពុជា ស្វែងយល់​ពី​លំហូរ​ទំនិញ​របស់​ថៃ នាំ​ចូលមក​កម្ពុជា និង​ទំនិញ​ឆ្លងកាត់​តាម​ប្រទេស​ថៃ មក​កម្ពុជា

គយ​កម្ពុជា ស្វែងយល់​ពី​លំហូរ​ទំនិញ​របស់​ថៃ នាំ​ចូលមក​កម្ពុជា និង​ទំនិញ​ឆ្លងកាត់​តាម​ប្រទេស​ថៃ មក​កម្ពុជា

គយ​កម្ពុជា ស្វែងយល់​ពី​លំហូរ​ទំនិញ​របស់​ថៃ នាំ​ចូលមក​កម្ពុជា និង​ទំនិញ​ឆ្លងកាត់​តាម​ប្រទេស​ថៃ មក​កម្ពុជា