នាវា​សមុទ្រ​ដឹក​ប្រេង​ចូល​ចត​ភ្លាត់ស្នៀត​បុក​បាក់​ផែ

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់ មាន​សន្តិសុខ​យាម​ប្រចាំការ​ម្នាក់ នៅ​លើ​ផែ​ចត​នាវា​ផ្ទេរ​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​តេ​លា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​៤ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ បាន​បាត់​ខ្លួន​នៅ​ក្នុង​ឧប្បត្តិហេតុ​នាវា​ដឹក​ប្រេង​ចូល​ចត​ខុស​បច្ចេកទេស ហើយ​ជ្រុល​ទៅ​បុក​ផែ​ពេញទំហឹង បណ្តាល​ឲ្យ​ប៉ុស្តិ៍​យាម​ប្រចាំការ​នៅ​លើ​ផែ រួម​ទាំង​ផែ​ផងរ​លំបាក់​ធ្លាក់​ចូល​បាត់​ទៅ​ក្នុង​សមុទ្រ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន កងរាជអាវុធហត្ថ​ប្រចាំ​ស្រុក​ស្ទឹង​ហាវ បានឱ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២៩ ខែមីនា ខណៈ​នាវា​ដឹក​ប្រេង​មួយ​គ្រឿង​ឈ្មោះ STLOGISTICS SEVICEGSE មក​ពី​ប្រទេស​វៀតណាម បើកបរ​ដោយ​នាវិក​ឈ្មោះ NIAYEN VULANE និង​នាវិក​កម្ពុជា​ម្នាក់​ឈ្មោះ នួន ចាន់​រិ​ទ្ធិ ចូល​ចត​អែប​ផែ ដើម្បី​ផ្ទេរ​ប្រេងឥន្ធនៈ ។

នាវា​សមុទ្រ​ដឹក​ប្រេង​ចូល​ចត​ភ្លាត់ស្នៀត​បុក​បាក់​ផែ

ព័ត៌មាន​បញ្ជាក់​ថា ដោយសារ​តែ​មានការ​ធ្វេសប្រហែស ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ផែ និង​ប៉ុស្តិ៍​យាម​ប្រចាំការ​របស់​សន្តិសុខ បណ្តាល​ឲ្យ​រលំ​បាក់​រាប​ចូល​ទៅ​ក្នុង​សមុទ្រ​អស់​ទំហំ​៨០​ម៉ែត្រ​គុណ​១៣០​ម៉ែត្រ ។ ជាមួយ​នេះ ក៏​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​សន្តិសុខ​ម្នាក់​ដែល​កំពុង​ឈរ​យាម​នៅ​លើ​ផែ ដែល​រហូត​មក​ដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ ខែមីនា សមត្ថកិច្ច​និង​ក្រុមហ៊ុន​កំពុង​តែ​រុករក​សព ។

នៅ​ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា សន្តិសុខ​ដែល​រង​គ្រោះ​បាត់បង់​អាយុជីវិត​នេះ​ឈ្មោះ សែ​ម វណ្ណៈ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​។ ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ជា​ធម្មតា​ពេល​នាវា​ដឹក​ប្រេង​បើក​ចូល​មក​ផែ​ម្តង​ៗ គឺ​បើក​យឺត​ៗ​សំដៅ​ចូល​ចត​អែប​ផែ ដើម្បី​ផ្ទេរ​ប្រេងឥន្ធនៈ ហើយ​ក៏​មាន​នាវា​តូច​ៗ​ចំនួន​២​គ្រឿង​អមដំណើរ សម្រាប់​ជា​ជំនួយ​ក្នុង​ការ​ទាក់​យក​ខ្សែពួរ​ដើម្បី​ជួយ​រុញ ឬ​ជួយ​ទាញ​តម្រង់​នាវា​បាន​ចូល​ចត​ដោយ​សម្រួល គឺ​នាវា​តូច​២​គ្រឿង​នេះ​ហើយ សម្រាប់​នាំ​ផ្លូវ​ឱ្យ​ចូល​ចត​ដើម្បី​សុវត្ថិភាព ។

តាម​ការ​បង្ហើប​ព័ត៌មាន​បាន​ធ្លោយ​ឲ្យ​ដឹង​ទៀត​ថា ប៉ុន្តែ​ការ​ចូល​ចត​លើក​នេះ​ពេល​នាវា​តូច​ៗ​ទាំង​ពីរ​គ្រឿង​មិន​ទាន់​បាន​ទទួល​ខ្សែពួរ​ពី​នាវា​ផ្ទុក​ប្រេង​ផង ស្រាប់តែ​គេ​ឃើញ​នាវា​ផ្ទុក​ប្រេង​ដែល​បើក​មក​ជិត​ដល់​ផែ បញ្ចេញ​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់ ហាក់បីដូចជា​បន្ថែម​ល្បឿន​មក​ចំ​ទទឹង​ផែ និង​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តែ​ម្តង ។

លោក ម៉ឹក ស៊ី​ថា ជា​អ្នកគ្រប់គ្រង​ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ បាន​ដាក់​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​នាវា​ដឹក​ប្រេង STLOGISTICS SEVICEGSE មក​ពី​ប្រទេស​វៀតណាម​នេះ និង​នាវិក​ទាំង​ពីរ​នាក់​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​រួច​ហើយ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ដែល​រង​ការ​ខូចខាត​នា​ពេល​នេះ ៕