ក្តីប្រាថ្នា​​​​​ពល​រដ្ឋលើខ្នងភ្នំគូលែន គឺ​បាន​មក​ដល់​​ហើយ

ខេត្តសៀមរាប​ ៖​ អាជ្ញាធរ​​ជាតិ​អប្សរា​​​​ ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ចាប់ផ្តើម​ត្រួស​​ត្រាយ​កូន​​ឈើ ដើម្បី​ជួសជុល​​ទំនប់​ថ្នល់​ដាច់​ សម្រាប់​ទប់ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ។ ការ​សម្រេច​ជួសជុល​​នេះ គឺ​យោង​​​តាម​សំណើ​​សុំ​របស់​ប្រជាពលរដ្ឋ ដែល​​​ស្នើ​សុំ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ កាលពី​ចុងឆ្នាំ​២០១៥​កន្លង​ទៅ​ ។ ហើយ​ការ​ជួសជុល​នេះ​ គ្រោង​នឹង​ចំណាយពេល​​ប្រហែលជា​១​ខែ ទើប​រួចរាល់​ ។

លោក​ហង់ ពៅ អគ្គនាយករង​ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបាន​​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ ​មីនា ​នេះ​​ថា ប្រជាពលរដ្ឋ​​បាន​ស្នើ​មក​អាជ្ញា​ធរ​ជាតិ​​អប្សរា​ឱ្យ​ជួយ​ជួសជុល​ទំនប់​ទឹក​​បុរាណ​នេះ​ឡើង​វិញ ដោយ​ពួក​គាត់​យល់​​ថា អាជ្ញាធរ​ជាតិ​អប្សរា​មាន​ក្រុម​ជំនាញ​ ដែល​ធ្លាប់​ធ្វើការ​​ស្តារ ​និង​ជួសជុល​​ប្រព័ន្ធ​ទឹក​បុរាណ​ជា​ច្រើន ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ។

​ពេលនេះ ត្រូវ​​ក្រុមការងារ​សម្រេច​ជួសជុល​ហើយ ដោយ​កម្លាំង​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​​ចូលរួម ហើយ​យើង​បញ្ជូន​អ្នក​បច្ចេកទេស​ទៅ​ប្រចាំការ​​នៅ​លើ​ភ្នំ​ផ្ទាល់​តែ​ម្តង ​។ ការងារ​នេះ ក៏​បានការ​ចូលរួម​ដែរ ពី​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច សហគមន៍ និង​បេតិកភណ្ឌ​អង្គរ​របស់​​អាជ្ញាធរ​ជាតិ​អប្សរា ហៅ​កាត់​ថា ACHA និង​មូលនិធិ​បុរាណវិទ្យា សម្រាប់​ការ​អភិវឌ្ឍ (ADF)​ ។

នេះ​គឺជា​ទស្សនវិស័យ​របស់​លោក​​​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ដែល​តែង​​តែយកចិត្តទុកដាក់ ​ចំពោះ​តម្រូវការ​នានា​របស់​សហគមន៍​ប្រជាពលរដ្ឋ ជា​ពិសេស​ ​គឺ​ការ​លើក​កម្ពស់​សុខុ​មាលភាព និង​ជីវ​ភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ​។