ផ្លូវតូច ចូលជួួយមិន​កើត មានតែតាមដំណើរ​

ខេត្តរតនគិរី ៖ រោង​សិប្បកម្ម​ឈើ​មួយ​កន្លែង ត្រូវ​បានភ្លើង​ឆេះ​អស់​ រួម​ទាំង​គ្រឿង​សង្ហា​រឹម និង​ម៉ាស៊ីន​ច្នៃ​ឈើ ដែល​ហេតុការណ៍​នេះ កើត​​ឡើង កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣១ មីនា ២០១៦ ស្ថិត​នៅ​ចំណុច​អូរ​សុភមង្គល ក្នុងភូមិ​អូរក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ គឺជា​ផ្ទះ​​របស់​លោក​យូ កា​វិមាន ជា​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី តែ​បាន​ជួល​ទៅ​ឱ្យ​​បុរស​​​​ជា​ជនជាតិ​វៀតណាម ឈ្មោះ​ឡាំ អាយុ​៥៤​ឆ្នាំ បើក​​រោង​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម ។

ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​ភ្លើង​ឆេះ​មានផ្ទះ​ទំហំ​៦​ម៉ែត្រ x ១២​ម៉ែត្រ ធ្វើ​ឈើ​ជញ្ជាំង​បាំង​ក្តារ ដំ​បូរ​ប្រក់​ស័ង្កសី​, ម៉ាស៊ីន​តាប​១​គ្រឿង (​ម៉ា​ស៊ី​តាប​សម្រាប់​ឈូស និង​ឃួ​ង​ឈើ​), ម៉ាស៊ីន​ច្រៀក​១​គ្រឿង និង​ខូចខាត​គ្រឿង​សង្ហា​រឹម​មួយ​ចំនួន​ធំ ។

សមត្ថកិច្ច​ដដែល​​បញ្ជាក់​ថា នៅ​ពេល​កើតហេតុ​នោះ គេ​ឃើញ​រថយន្ត​បាញ់​ពន្លត់​របស់​ស្នងការ​ខេត្ត​មួយ​គ្រឿង បាន​ទៅ​ជួយ​ដែរ ក៏​ប៉ុន្តែ​​ទៅ​មិន​ទាន់​នោះ​ទេ ដោយសារ​តែ​ផ្លូវ​តូច​ចង្អៀត​ចូល​មិន​ដល់​កន្លែង​ភ្លើង​ឆេះ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​អ្នក​សារ​ព​ត៌​មាន​ថា មិនដឹង​ឆេះ​ដោយសារ​អ្វី​ទេ តែ​មុន​ពេល​កើតហេតុ គឺ​ម្ចាស់​ឈ្មោះ​ឡាំ ជា​ជនជាតិ​វៀតណាម មិន​បាន​ដេក​នៅ​កន្លែង​កើ​ហេតុ​ទេ គឺ​ដេក​នៅផ្ទះ​មួយទៀត មាន​ចំងាយ​១០​ម៉ែត្រ ។ តែ​សមត្ថកិច្ច​សង្ស័យ​​មាន​២ចំណុច ១-​ទុ​ស្សេ​ខ្សែភ្លើង និង​២-​សង្ស័យ​គេ​លួច​ដុត ដោយ​បច្ចុប្បន្ន​កំពុង​ស្រាវជ្រាវ​បន្ត ៕