អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី មិន​គោរព​កិច្ចព្រមព្រៀង​ដោះស្រាយ​ដី​សម្បទាន​សង្គមកិច្ច​ដ​ល់​ជនជាតិដើម​ភាគតិច​

បញ្ហាដីធ្លី​និង​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​បើទោះបី​មានការ​តែងតាំង​លោក ស្វាយ សំ​អ៊ាង ធ្វើជា​អភិបាលខេត្ត​នេះ​ជំនួស​លោក អេង ប៊ុន​ហ៊ាង យ៉ាងណាក៏ដោយ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ជនជាតិដើម​ភាគតិច​នៅ​ឃុំ​ប៊ូ​ស្រា ជិត​២០០​នាក់​បាននាំគ្នា​ដើរចេញ​ពី​កិច្ចពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទាក់ទង​ទៅនឹង​គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ចរ​បស់​រដ្ឋាភិបាល​។ បន្ទាប់មក​អ្នកភូមិ​បាន​ទៅ​ប្រមូល​ផ្ដុំគ្នា​បិទផ្លូវ​មុខ​សាលាស្រុក​ពេ​ជ្រា​ដា ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក​ទទួលយក​សំណើ​៣​ចំណុច​របស់​សហគម​ន៍​។

​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​ការតវ៉ា​របស់​ជនជាតិ​ដើម​ភាគតិច​បាន​ឲ្យ​ដឹងថា កំណាត់​ផ្លូវ​ក្រួស​ក្រហម​ចំណុច​មុខ​សាលាស្រុក​ពេ​ជ្រា​ដា ត្រូវបាន​បិទ​ចាប់ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​រហូតដល់​ម៉ោង​ជិត​២​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ ដោយសារ​ជនជាតិដើម​ភាគតិច​ព្នង​ជិត​២០០​នាក់​នៅ​ឃុំ​ប៊ូ​ស្រា ឈរ​ធ្វើជា​របាំង​មិន​ឲ្យ​មាន​ចរាចរណ៍​ឆ្លងកាត់​ទីនេះ​។ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ដែល​ចូលរួម​ក្នុងការ​តវ៉ា​បាន​ឲ្យ​ដឹងថា ពួកគាត់​បង្ខំចិត្ត​បិទផ្លូវ​ដោយសារតែ​អាជ្ញាធរ​ស្រុក មិន​គោរព​កិច្ចព្រមព្រៀង​ដោះស្រាយ​វិវាទ​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល​ផ្ដល់​ឲ្យ​ជនជាតិដើម​ភាគតិច​។ គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នោះ បាន​បង្ក​ផលប៉ះពាល់​ដល់​ដីព្រៃ​បញ្ចុះសព​ដូនតា​ជនជាតិដើម​ភាគតិច ព្រៃ​អារក្ស និង​ព្រៃ​អភិរក្ស​សហគមន៍​។ ជាមួយគ្នានេះ​សហគមន៍​ជនជាតិដើម​ភាគតិច​អំពាវនាវ​ឲ្យ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ​អ្នកភូមិ​បាន​បើកផ្លូវ​ឡើងវិញ​បន្ទាប់ពី​អភិបាលស្រុក​ពេ​ជ្រា​ដា យល់ព្រម​កំណត់​ពេលវេលា​ជាក់លាក់​ចុះ​ដោះស្រាយ​សំណើ​៣​ចំណុច​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុងនោះ​រួមមាន ទី​១-​អាជ្ញាធរ​ត្រូវ​ចុះ​បោះបង្គោល​ព្រំដី​សម្បទា​នស​ង្គ​ម​កិច្ច​។ ទី​២-​បន្ទាប់មក​សហគមន៍​ចង្អុលបង្ហាញ​ទីតាំង​មាន​ផលប៉ះពាល់ និង​ទី​៣-​ត្រូវ​រៀបចំ​សែនព្រេន​តាម​ជំនឿ​ប្រពៃណី​ជនជាតិភាគតិច​ប្រសិន​រកឃើញ​មាន​ផលប៉ះពាល់​ដីធ្លី​ព្រៃឈើ​អភិរក្ស​របស់​សហគម​ន៍​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ជម្លោះដីធ្លី​ក្នុង​ឃុំ​ប៊ូ​ស្រា បាន​លើកឡើងថា ការដោះស្រាយ​ជម្លោះដីធ្លី​មិនបាន​ជោគជ័យ​នាពេល​កន្លងមក​គឺ ដោយសារតែ​អាជ្ញាធរ​ស្រុក​មិន​ព្រម​បោះ​ប​ង្គោ​ក​កំណត់​ព្រំដី​សម្បទាន​សង្គមកិច្ច​តាម​សំណើ​របស់​សហគមន៍​ជនជាតិដើម​ភាគតិច ហេតុនេះហើយ​ទើប​ជនជាតិដើម​ភាគតិច​បិទផ្លូវ​មុខ​សាលាស្រុក​ពេ​ជ្រា​ដា ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ឆាប់រហ័ស​៕

2016-03-06 22-51-242លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី 6b6641e1-a430-4baa-9a52-65477fba9bb3