រមណីយដ្ឋាន ភ្នំ​ឧត្តុង្គ ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ ជាទី​លំហែកាយ​ដ៏​ល្អ​ សម្រាប់​អ្នកទេសចរ​ជិត​ឆ្ងាយ

រមណីយដ្ឋាន ភ្នំ​ឧត្តុង្គ ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ ជាទី​លំហែកាយ​ដ៏​ល្អ​ សម្រាប់​អ្នកទេសចរ​ជិត​ឆ្ងាយ



​ភ្នំពេញ ៖ ភ្នំ​ឧត្តុង្គ ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ និង​ភ្នំ​អដ្ឋរស្ស ជា​រមណីយដ្ឋាន​កែច្នៃ​បែប​ធម្មជាតិ​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៍ និង​ជាទី​លំហែកាយ​ដ៏​ល្អ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​ដែល​មើលទៅ ទាំង​ទេសភាព ទាំង​បរិយាកាស មាន​សភាព​រស់រវើក និង​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​មួយ​នៅក្នុង​ឃុំ​ផ្សា​ដែក និង​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​មាន​ចម្ងាយ ៤០ គ​.​ម ពី​រាជធានី​ភ្នំពេញ​។

នៅ​ភ្នំ​ឧត្តុង្គ ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ និង​ភ្នំ​អដ្ឋរស្ស​នេះ​មាន​កំពូល​៥ គឺ​កំពូល​ចេតិយ ទន្ទឹម​នឹង​កំពូល​ត្រៃត្រិ​ង្ស កំពូលភ្នំ​ចេតិយ​កំពូល​បួន ព្រះអង្គ​ចូល​បរិនិព្វាន១ និង​កំពូលភ្នំ​អរិយ​កាប្បស ជាពិសេស​ចេតិយ​តម្កល់​ព្រះ​សេរី​រឹក​ធាតុ​ព្រះសម្មាសម្ពុទ្ធ​យ៉ាង​ស្អាត ហើយ​ព្រមទាំង​មាន​ខ្យល់​បរិសុទ្ធ​បក់​មក​រំភើយៗ​យ៉ាង​ត្រជាក់​កាយា ហើយ​ក៏​ជា​កន្លែង​លម្ហែ​អារម្មណ៍​មួយ​ដែល​បាន​បម្រើ​ដល់​ការ​កម្សាន្ត​ របស់​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ ជិត​ឆ្ងាយ​មក​ទស្សនា​កម្សាន្ត​រៀងរាល់ថ្ងៃ​បាត់​អស់​ទុក្ខ​កង្វល់ ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​បច្ចុប្បន្ន​ភ្នំ​ឧត្តុង្គ​នេះ​ បាន​ផ្តល់​ផល​ពី​វិស័យ​ទេសចរណ៍​មួយ​នេះ ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នេះ​ជាច្រើន​ផង​ដែរ​។

ដើម្បី​ទៅដល់​ទី​ភ្នំ​ឧត្តុង្គ​យើង ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ” ភ្នំពេញ​-​បាត់ដំបង​” លុះដល់​គីឡូ​ម៉ែត្រ លេខ ៧ មាន​ខ្លោងទ្វារ​ដែល​សរសេរ​អក្សរ​ថា ភ្នំ​ព្រះរាជ​ទ្រព្យ ដោយមាន​ផ្លូវបត់​ចូល​ខាងឆ្វេង​ដៃ​ចម្ងាយ​ប្រមាណ​៣.៥ គ​.​ម​ទៅដល់​ភ្នំ​នេះ​តែម្តង បើ​ចម្ងាយ​ផ្លូវ​សរុប​ពី​ភ្នំពេញ​ទៅ​មាន​ប្រវែង​៤០.៥ គ​.​ម​។​

ភ្នំ​ឧត្តុង្គ​ ជា​រមណីយដ្ឋាន​បែប​ប្រវត្តិសាស្ត្រ​មួយ ដែល​ភ្ញៀវ​ទេសចរ អាច​សិក្សា​ស្វែងយល់​ពី​ប្រវត្តិ​សា​ស្ត្រ​កម្ពុជា​ ព្រោះ​ទីនោះ ធ្លាប់​ជា​រាជវាំង​ចាស់​អំឡុង​ឆ្នាំ​១៦១៨ និង​១៨៦៦​។ លើស​ពី​នេះ​ទៅ​ទៀត នៅ​លើ​កំពូលភ្នំ​ក៏​មាន​សំណង់ ប្រវត្តិសាស្ត្រ​មួយចំនួន​ដែរ​។ នៅ​លើ​ព្រះវិហារ​នេះ​មាន​ពុទ្ធ​បដិមាករ ធំ​ហំ ១៨ ហត្ថ តែ​បច្ចុប្បន្ន​ព្រះវិហារ​នេះ នៅ​សល់​តែ​សរសេរ​ធំៗ ៨ រីឯ​ដំបូល​វិញ ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​ឆ្នាំ​១៩៧៧​។​

ទោះបី​ជា​មាន​សង្គ្រាម​បំផ្លិចបំផ្លាញ​យ៉ាងណាក៏ដោយ ភ្នំ​ឧត្តុង្គ​នៅ​មាន​សម្រស់​ធម្មជាតិ និង​ទេស​ភា​ព​ល្អ​ត្រកាល ជំនោរ​ខ្យល់​ល្អ​បរិសុទ្ធ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​យ៉ាង​ច្រើន​កុះករ​ជា​រៀង​រាល់​ថ្ងៃ​។ បើ​គេ​ឡើង​តាម​ជណ្ដើរ​ខាង​ជើង​មាន​ចំនួន​៥០៩​កាំ ឡើង​ទៅ​ដល់​ព្រះ​សក្យមុនី​ចេតិយ ដ៏​ធំ​ស្កឹមស្កៃ​ ដែល​មាន​ក្បូរក្បាច់​រចនា​យ៉ាង​ល្អ​ស្អាត មាន​កម្ពស់​៤០​ម៉ែត្រ និង​មាន​សំណង់​ប្រវត្តិសាស្ត្រ ចេតិយ​បែប​បុរាណ​របស់​អតីត ព្រះមហាក្សត្រ​រួមមាន ព្រះបាទ​អង្គឌួង និង​ព្រះ​មុនីវង្ស​ជាដើម​។

មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​សម្រុក​នាំគ្នា​ទៅលេង​រមណីយ​ដ្ឋាន​ភ្នំ​ឧត្តុង្គ នៅ​រៀងរាល់ថ្ងៃ​ជាពិសេស​ថ្ងៃ​អាទិត្យ ឬ​នៅ​ថ្ងៃ​បុណ្យទាន​ផ្សេងៗ​នោះ គឺ​ដោយសារតែ​រមណីយដ្ឋាន​នេះ ជា​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​កែច្នៃ​ផង និង​ប្រវត្តិសាស្ត្រ​ផង​។ ទន្ទឹម​គ្នា​នេះ ភ្នំ​ឧត្តុង្គ ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ និង​ភ្នំ​អដ្ឋរស្ស មាន​កន្លែង​អង្គុយលេង​ផង និង​មាន​លក់​ម្ហូបអាហារ​ញុំា​សម្បូរ​បែប​ជាច្រើន​ប្រភេទ និង​មាន​លក់​របស់​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ទៀត​ផង​ដែរ ចំណែកឯ​តម្លៃ​ម្ហូបអាហារ​សមរម្យ អ្នកលក់​មាន​ភាព​រួសរាយ​រាក់ទាក់​។​

ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ភ្នំ​ឧត្តុង្គ ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ និង​ភ្នំ​អដ្ឋរស្ស នេះ​បាន​សសើរ ទេសភាព​នៅ​តំបន់​នេះ​ថា​ ពិតជា​ល្អ​មែន ព្រោះ​ពេល​ឈរ​នៅ​លើ​កំពូលភ្នំ​មើលទៅ​ទិសខាងកើត​ឃើញ​ដង​ទន្លេ​សាប​វែង​អន្លាយ ទិស​ខាងលិច​ឃើញ​ភ្នំ​ជាច្រើន ទិស​ខាងត្បូង​ឃើញ​វាលស្រែ​និង​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ជួ និង​ទិស​ខាងជើង​ឃើញ​ទេសភាព​ជាច្រើន ជាពិសេស​ឃើញ​ផ្លូវជាតិ​លេខ​៥​ហាក់ដូចជា​ខ្សែ​១​ចង្វា​យ​ដែល​គេ​រាយ​អញ្ចឹង​។ ជាង​នេះ​ទៅ​ទៀត​ខ្យល់អាកាស បក់​មក​យ៉ាង​រំភើយៗ​ត្រជាក់​កាយា បើ​នរ​ណា​បាន​មក​កម្សាន្ត​ហើយ ​ពិតជា​មិន​ចង់​ឃ្លាត​ទៅវិញ​នោះ​ទេ​៕

រមណីយដ្ឋាន ភ្នំ​ឧត្តុង្គ ឬ​ភ្នំ​ព្រះរាជ​ទ្រព្យ ជាទី​លំហែកាយ​ដ៏​ល្អ​ សម្រាប់​អ្នកទេសចរ​ជិត​ឆ្ងាយ