សិប្បកម្ម​ផលិត​រទេះ​រុញ​ធុង​កៀប​ទឹកអំពៅ​ មានការ​កើនឡើង​

សិប្បកម្ម​ផលិត​រទេះ​រុញ​ធុង​កៀប​ទឹកអំពៅ​ មានការ​កើនឡើង​



ភ្នំពេញ ៖ ម្ចាស់​សិប្បកម្ម​ផលិត​រទេះ​រុញ​ធុង​កៀប​ទឹកអំពៅ​មាន​យីហោ សម ពិសិដ្ឋ ស្ថិត​នៅ​តាម​ប​ណ្តោ​យ​ផ្លូវ​លេខ ២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បាន​អះ​អាង​ថា ការ​ផលិ​ត រទេះ​រុញ​នេះ​មានការ​កើន​បរិមាណ​រៀង​រាល់​ឆ្នាំ​ ខណៈ​ដែល​សេដ្ឋកិច្ច​ក្នុងស្រុក​មាន​ការវិវត្តន៍​ និង​ក៏​ជា​តម្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​យើង ​ដែល​ប្រកបមុខរបរ​កិន​ទឹកអំពៅ។
​ ​
លោក សម ពិសិដ្ឋ ម្ចាស់​សិប្បកម្ម​នេះ បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹក​ថា សិប្បកម្ម​លោក​មានបទពិសោធន៍​ជាង​១០​ឆ្នាំ​មក​ហើយ​ ដោយ​ការ​ដំឡើង និង​ប្រើប្រាស់​ផលិតផល​ពី​ដែក​V៥ មាន​បង្គោល​មេ៤ និង​ម៉ាស៊ីន​មេ៣ ដែល​ធានា​ជាប់​បាន​យូរ​ហើយ​រទេះ​នេះ​មាន​ទទឹង​០,៥៨​ម៉ែត្រ និង​បណ្តោយ​១,០១​ម៉ែត្រ។

លោក សម ពិសិដ្ឋ បន្ត​ថា មុន​ឆ្នាំ​២០០៩ ដ្បិតតែ​មានការ​នាំចូល​នូវ​ប្រភេទ​រទេះ​​រុញ​ធុង​កៀប​ទឹក​អំ​ពៅ​នេះ​ពី​ក្រៅប្រទេស​ក៏ដោយ និង​មានការ​ប្រកួតប្រជែង​ច្រើន​ក្នុងស្រុក​ក្នុង​ការ​ផលិត​ក៏​ប្រជាពលរដ្ឋ​យើង​នៅតែ​និយម​ប្រើ​នូវ​ផលិតផល​ក្នុងស្រុក​នេះ​ដែរ។ ក្រោយ​មក​ទៀត​រហូត​មក​ដល់​បច្ចុប្បន្ន រទេះ​រុញ ​ដែល​នាំចូល​ពី​ក្រៅប្រទេស​ក៏​លែង​មាន​ទៀត ​ដោយសារ​ប្រជាពលរដ្ឋ​យើង​ងាក​មក​ប្រើ​ផលិត​ផ​ល​ ដែល​ផលិត​ក្នុងស្រុក​វិញ។ លោក​ថា សិប្បកម្ម​នេះ​អាច​ផលិត​ក្នុង​មួយថ្ងៃ​បាន​ចំនួន​៤​គ្រឿង និង​ក្នុង​រយៈពេល​១​ខែ អាច​ផលិត​បាន​ពី​២០ ទៅ​៣០​គ្រឿង​ ដោយ​ប្រើប្រាស់​កម្មករ​ជំនាញ​៩​នាក់។ ភាគ​ច្រើន​អ្នក​ដែល​មក​ទិញ​កុម្ម៉ង់​រទេះ​រុញ​នេះ​តាម​បណ្ដា​ខេត្តកំពង់ចាម ព្រៃវែង ស្វាយរៀង សៀមរាប បាត់ដំបង​ក្នុង​តម្លៃ​មួយ​ដ៏​សមស្រប​ចាប់ពី​៣៥០​ដុល្លារ​ទៅ​៤៥០​ដុល្លារ។

លោក សម ពិសិដ្ឋ​ បន្ត​ទៀត​ថា រទេះ​រុញ​ធុង​កៀប​ទឹកអំពៅ​លក់ដាច់​ខ្លាំង​នៅក្នុង​រវាង​ខែប្រាំង​ បើ​ខែ​វស្សា​លក់​មិនសូវ​ដាច់​ទេ​ ក៏​ដោយសារ​ខែប្រាំង​រដូវ​ច្រូតកាត់​ហើយ ប្រជាពលរដ្ឋ​យើង​ផុលផុស​មក​ទិញ​ធុង​កិន​ទឹក អំពៅ​បន្ថែម​លើ​មុខរបរ​ទៀត។ ម្ចាស់​សិប្បកម្ម​រូប​នេះ ​មានការ​ភ្ញាក់ផ្អើល​ច្រើន​ ដែល​ប្រជាពលរដ្ឋ​យើង​និយម​ប្រើ​ផលិតផល​ក្នុង​ស្រុង​ច្រើនជាង​បណ្ដា​ឆ្នាំមុនៗ ​ក៏​ដោយសារ​បងប្អូន​យល់​ឃើញ​ថា ផលិតផល​ក្នុងស្រុក​មានគុណ​ភាពល្អ​មិន​ចាញ់​ផលិតផល​នាំចូល​ពី​បរទេស និង​ដោយ​កត្តា​តម្លៃថោក​អាច​មាន​លទ្ធភាព​ទិញ​យក​ប្រើប្រាស់​បាន៕

សិប្បកម្ម​ផលិត​រទេះ​រុញ​ធុង​កៀប​ទឹកអំពៅ​ មានការ​កើនឡើង​