សាលាក្ដី​ខ្មែរ​ក្រហម​បន្ត​ស្ដាប់​សក្ខីកម្ម​អតីត​មេ​បញ្ជាការ​នៅ​ខេត្ត​មណ្ឌលគិរី

សាលាក្ដី​ខ្មែរក្រហម​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា បន្ត​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប ដែល​ជា​អតីត​ជា​មេ​បញ្ជាការ​កងអនុសេនាធំ​នៃ​កងពល​លេខ ៩២០ នៅ​ខេត្ត​មណ្ឌលគិរី កាល​ពី​ក្នុង​របប​ខ្មែរក្រហម។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ រៀបរាប់​អំពី​ការ​ចាប់​ខ្លួន​បោសសម្អាត​ផ្ទៃក្នុង​ធំ​មួយ នៅ​ខេត្ត​មណ្ឌលគិរី ក្នុង​ឆ្នាំ​១៩៧៧។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ សុន វុធ បញ្ជាក់​ជូន​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​ទី​៣០ មីនា ថា សមាជិក​កងទ័ព​ខ្មែរក្រហម​ក្នុង​កងពល​លេខ ៩២០ ជា​ច្រើន​នាក់ ត្រូវ​បាន​គេ​ចាប់​យក​ទៅ​សម្លាប់​ដោយ​ចោទ​ថា ជា​ខ្សែ​ក្បត់​នឹង​អង្គការ។

លោក សុន វុធ ថ្លែង​ទៀត​ថា លោក​ឈឺ​ចាប់ ព្រោះ​តែ​លោក​ត្រូវ​ជាប់​ឃុំឃាំង​រយៈ​ពេល​ជាង ៣​ខែ ក្រោយ​ពេល​ដែល​គេ​ចាប់​មេបញ្ជាការ​កងពល ៩២០ របស់​លោក​យក​ទៅ​សម្លាប់៖ «ខ្ញុំ​មិន​ដឹង​រឿង​ថា តា ឈិន តា សយ ក្បត់​អង្គការ​ទេ។ ស្រាប់​តែ​គេ​ចាប់​ទៅ គេ​ថា ខ្សែ​រយៈ​ជាមួយ​យួន។ គេ​ចាប់​នោះ​រយៈ​ពេល​មួយ​ខែ បាន​មក​ដល់​ខ្ញុំ​ថ្នាក់​ក្រោម។ គេ​ហៅ​មេ​ខ្ញុំ​មក​រៀន។ មក​ទៅ គេ​ថា យក​មក​សម្លាប់​ចោល​អស់ ថា​ក្បត់​អង្គការ។ ចាប់​ខ្ញុំ ខ្ញុំ​មិន​ដឹង​រឿង​អី​បន្តិច​សោះ។ អង្គការ​ដាក់​ផែនការ​ទៅ​ត្រង់​ណា ជូន​សម្រេច​តាម​ផែនការ។ ខ្ញុំ​មិន​ទៅ​ក្បត់​អង្គការ​ទេ ធ្វើ​ទ័ព​តាំង​ពី​តូច​មក​ស្មោះត្រង់​ជា​មួយ​អង្គការ។ អង្គការ​ថា ឯង​ក្លាហាន។ សមមិត្ត​ធ្វើការ​ល្អ គោរព​អង្គការ​បាន។ ទឹក​បញ្ចប់​មក​វិញ ចោទ​ប្រកាន់​ខ្ញុំ ថា​ក្បត់​អង្គការ​ទៅ​វិញ។ ខ្ញុំ​គ្មាន​ដឹង​ស្អី ដែល​លោក​ណា​មក​បញ្ចេះ​ខ្ញុំ​ក្បត់​ទៅ​ណេះ​ទៅ​ណោះ​វាយ​អង្គការ​វិញ ខ្ញុំ​មិន​ដែល​មាន​សោះ។ គេ​ចាប់​វាយ​សួរ​ចម្លើយ​ខ្ញុំ ខ្ញុំ​មិន​ដឹង​ឆ្លើយ​យ៉ាង​ម៉េច»

មេ​កងពល​ដែល​គេ​ចាប់​យក​ទៅ​បាត់​រហូត គឺ​មាន​ឈ្មោះ ឈិន សយ កុល ណុន និង យ៉េង។ អ្នក​ដែល​មក​ចាប់​នោះ មក​ពី​កងពល ៨០១ ដែល​មាន​ឈ្មោះ​តា សារឿន ហៅ​តា ០៥ ជា​មេបញ្ជាការ។ តា ០៥ មក​ពី ៨០១ គេ​ចាប់​ពួក​កងពល ៩២០ រួច មក​ពី ៨០១ រួច​ហើយ​មក​ក្ដោបក្ដាប់​នៅ​កងពល ៩២០។

គេ​ថា កងពល ៩២០ មាន​ក្បត់​ច្រើន​ក្បត់​ពី​អង្គការ​ច្រើន​មេៗ។ គេ​ចាប់​ខ្ញុំ​ទៅ​ធ្វើ​ទារុណកម្ម។ គេ​យក​កាំភ្លើង​មក​ភ្ជង់​ចង​មុខ​នឹង​ក្រមា​ដឹក​យក​ចេញ​ទៅ។ ពេល​គេ​ស្រាយ​មុខ​ដឹង​ថា កន្លែង​ដែល​គេ​យក​ទៅ​ដាក់​នោះ គឺ​នៅ​អូរ​ច្បារ​ខាង​ត្បូង​កោះញែក។ មាន​អូរ​មួយ​គឺ​អូរ​ច្បារ​នោះ មាន​កូន​ភ្នំ​មួយ ហើយ​មាន​ឃើញ​កន្លែង​គុក ១០​ម៉ែត្រ ហើយ​ទទឹង​ប្រហែល ៥ ទៅ ៦​ម៉ែត្រ ហើយ​មាន ៣​បន្ទប់។ ដំបូង​គេ​ដាក់​តែ​ខ្ញុំ​ទេ។ ពីរ​បី​ថ្ងៃ​ក្រោយ​មក គេ​យក​ពីរ​នាក់​ទៀត​មក​ដាក់​ជាមួយ​ខ្ញុំ។ គេ​ដាក់​ខ្នោះ​សួរ​ចម្លើយ។ មាន​ឮ​មាត់​មិត្ត​នារី​ខ្លះ។

លោក សុន វុធ ត្រូវ​បាន​គេ​សួរ​ចម្លើយ​ដោយ​ការ​ឆក់​ខ្សែភ្លើង និង​វាយ​ដោយ​ដំបង​រហូត​បាត់​ស្មារតី។ គេ​ចោទ​លោក​ថា ជា​ពួក​ក្បត់​អង្គការ​ចូល​ដៃ​ជា​មួយ​វៀតណាម៖ «ដែល​គេ​សួរ​ខ្ញុំ​នេះ គឺ​គេ​ចង់​សួរ​ចម្លើយ​ថា យើង​ក្បត់​ជាមួយ​មេ ទៅ​ជាមួយ​យួន។ ចូល​ទៅ​យួន។ គេ​ថា ខ្ញុំ​ក្បាល​យួន​ខ្លួន​ខ្មែរ។ ចោទ​ប្រកាន់​ខ្ញុំ ខ្ញុំ​មិន​ដឹង​ឆ្លើយ​ថា យ៉ាង​ម៉េច។ ខ្ញុំ​អត់​ដឹង​ដែរ។ ថា​ឯង​ក្បត់​ក្បាល​យួន​ខ្លួន​ខ្មែរ។ វា​ប្រាប់​ខ្ញុំ​ថា មេ​បញ្ជា​ឱ្យ​ហ្អែង​នេះ​ឱ្យ​ឆ្លើយ។ បើ​ហ្អែង​មិន​ឆ្លើយ ហ្អែង​ត្រូវ​តែ​ងាប់។ បើ​ហ្អែង​ឆ្លើយ អង្គការ​អត់​សម្លាប់​ហ្អែង​ទេ គេ​ថា​អ៊ីចឹង។ ខ្ញុំ​អត់​មាន​ឆ្លើយ​ផង»

ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ​ថ្លែង​ថា លោក​បាន​រួច​ជីវិត​ពី​របប​ខ្មែរក្រហម គឺ​ដោយសារ​តែ​លោក​គាស់​សោ​ខ្នោះ​រត់​រួច​ពី​មន្ទីរសន្តិសុខ​នៅ​កងពល ៨០១។ លោក​អះអាង​ថា មន្ទីរ​សន្តិសុខ​ដែល​គេ​ឃុំ​ឃាំង​លោក គឺ​បង្កើត​ឡើង​ពេល​មេ​បញ្ជាការ​កងពល ៨០១ តា សារឿន មក​គ្រប់គ្រង​កងពល ៩២០។

ចន្លោះ​ពេល​ក្រោយ​ការ​ចាប់​ខ្លួន​មេ និង​ចាប់​ខ្លួន​លោក​ក៏​មាន​សមាជិក​កងពល​លេខ ៩២០ ដូច​ជា មិត្ត កុល មិត្ត ណុន ហើយ​មិត្ត យ៉េង ត្រូវ​ចាប់​ជា​បន្ត​បន្ទាប់។

ទាក់ទង​នឹង​ការ​អះអាង​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី សុន វុធ អំពី​ការ​ចាប់​ខ្លួន​កងទ័ព​ក្នុង​កងពល​លេខ ៩២០ សហ​ព្រះរាជអាជ្ញា​បាន​បង្ហាញ​បញ្ជី​អ្នកទោស នៅ​គុក​ទួល​ស្លែង ឬ​មន្ទីរ​សន្តិសុខ ស២១ ថា លេខា​កងពល ៩២០ ឈ្មោះ ម៉ែន ម៉េង ហៅ ឈិន និង​ឈ្មោះ ឈុយ ហៅ សយ ជា​អនុ​លេខា​កងពល ចូល​មក​មន្ទីរ ស២១ នៅ​ខែ​មីនា និង​ខែ​មេសា ឆ្នាំ ១៩៧៧។

លោក សុន វុធ ឱ្យ​ដឹង​ថា លោក​ជាប់​ឃុំ​ក្នុង​មន្ទីរសន្តិសុខ​កងពល ៨០១ រយៈ​ពេល ៣​ខែ ១០​ថ្ងៃ។ ប៉ុន្តែ លោក​មិន​ដែល​ទៅ​ជាប់​នៅ​មន្ទីរសន្តិសុខ​ភ្នំ​ក្រោល​ទេ។ លោក​ថ្លែង​ថា លោក​ខក​ចិត្ត​ដែល​ខំ​បម្រើ​អង្គការ​បក្ស​កុម្មុយនិស្ត​កម្ពុជា ដោយ​ស្មោះ ហើយ​ចុង​ក្រោយ​លោក​ត្រូវ​បាន​គេ​ចោទ​ថា ក្បត់ ដោយ​លោក​មិន​ដឹង​អី​សោះ។ ឪពុក​ម្ដាយ​បងប្អូន​លោក ក៏​ត្រូវ​គេ​ហៅ​ឱ្យ​ទៅ​រៀន​សូត្រ ហើយ​បាត់​ខ្លួន​រហូត។

សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី សុន វុធ នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។