រឿង​លោក អ៊ី ឆៃ​តេង អី​ត​ត​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ឧដុង្គ ជ្រែ​យក​តំណែង​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

​មន្ត្រីរាជការ​ស្រុក​សំរោង​ទង បាន​អំពាវនាវ​ឲ្យ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក អ៊ូ សំ​អួន កាលពីពេល​ថ្មីៗ​នេះ ពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ការ​ជ្រែ​យក​តំណែង​ជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង របស់លោក អ៊ី ឆៃ​តេង ជាបន្ទាន់​។ ដោយហេតុថា​លោក អ៊ី ឆៃ​តេង អតីត​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​ឧដុង្គ និង​ជា​អនុប្រធាន​ការិយាល័យ​សំណង់​នៃ​មន្ទីរ​រៀបចំ​ដែនដី​ខេត្តកំពង់ស្ពឺ ដែល​កំពុង​ប្រឈម​នឹង​ការអនុវត្ត​វិន័យ​ដោយសារ​កំហុស​របស់ខ្លួន​នោះ កំពុង​រត់ការ​ដើម្បី​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​សំ​រោល​ទង យ៉ាង​តក់ក្រហល់​។

ប្រភពពី​មន្ត្រីរាជការ​នៅ​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា​លោក អ៊ី ឆៃ​តេង បាន​ចំណាយលុយ​យ៉ាងច្រើន​ដើម្បី​សុំ​ការយោគយល់​ពី​មន្ត្រី​មានអំណាច​ម្នាក់​នៅក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​ឈានទៅ​ឈោង​ចាប់​តំណែង​ជា​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង ជំនួស​ប្រធាន​ចាស់​គឺ​លោក ជួប វណ្ណៈ ដែល​ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​។ សំណើ​ដាក់​សមាសភាព​ដើម្បី​តែងតាំង​ប្រធានការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង​ថ្មី ត្រូវបាន​បែកធ្លាយ​នៅពេល​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ ប្រើ​អំណាច​គាបសង្កត់​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​បោះឆ្នោត​គាំទ្រ​បេក្ខភាព​លោក អ៊ី ឆៃ​តេង ទាំង​ពួកគេ​មិន​ពេញចិត្ត​។ បញ្ហា​នេះ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ត្រូវ​ពិនិត្យមើល​ជាបន្ទាន់ ព្រោះ​លោក អ៊ី ឆៃ​តេង មាន​កំហុស​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ​។​

ប្រភពពី​មន្ត្រីរាជការ​ក្នុងស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៦ លោក អ៊ី ឆៃ​តេង ត្រូវបាន​ក្រុមប្រឹក្សា​ស្រុក​សំរោង​ទង បោះឆ្នោត​គាំទ្រ​ទទួលបាន​១៤​សំឡេង​លើ​ចំនួន​១៩​សំឡេង​។ ចំណែក​បេក្ខភាព​លោក សូ សុ​ធិ​ន ដែលមាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សំរោង​ទង​ជិ​ង​២០​ឆ្នាំ និង​មានការ​ស្នើសុំ​តែងតាំង​ដោយ​គណៈ​អភិបាលស្រុក​សំរោង​ទង​ផង​នោះ ទទួល​បានតែ​៥​សំឡេង​ប៉ុណ្ណោះ​។ ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា អ្នក​ដែល​បោះឆ្នោត​គាំទ្រ​លោក អ៊ី ឆៃ​តេង គឺជា​សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​ប្រជាជន​ម្នាក់ និង​ពី​គណបក្ស​ផ្សេង​៤​នាក់​។ ការដែល​លោក អ៊ី ឆៃ​តេង ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​លោក សូ សុ​ធិ​ន ត្រូវបាន​មន្ត្រីរាជការ​ក្នុងស្រុក​សំរោង​ទង បង្ហើប​ឲ្យ​ដឹងថា​មកពី​មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្តកំពង់ស្ពឺ គំរាមកំហែង​ដល់​ក្រុមប្រឹក្សា​នៃ​ថ្នាក់ក្រោម​ឲ្យ​ធ្វើតាម​ខ្លួន ដោយសារតែ​ខ្លួន​ទទួលបាន​ផលប្រយោជន៍​ពី​លោក អ៊ី ឆៃ​តេង យ៉ាងច្រើន​៕

12899782_1539705759658334_1477053687_n​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពី