លោក កង ហ៊ីម ឈ្មួញ​ខេត្តស្ទឹងត្រែង​រង​ការរិះគន់​ការនាំ​ចូល​គោ​ជល់​មិន​បង់ពន្ធ​រាប់ពាន់​កេស​

​ថ្មីៗ​នេះ​សមត្ថកិច្ច​គយ​នៅ​ខេត្តស្ទឹងត្រែង​ចាប់បាន​គោ​ជល់​មិន​បង់ពន្ធ​ជាង​១០០០​កេស ហើយ​ដែល​គេ​វាយតម្លៃថា​បទល្មើស​សេដ្ឋកិច្ច​មួយ​នេះ​បាន​កើតឡើង​ច្រើន​ឆ្នាំ​មកហើយ​។ ប្រភពពី​ម្ចាស់​រថយន្ត​ឲ្យ​ដឹងថា ភេសជ្ជៈ​ប្រភេទ​គោ​ជល់​កំប៉ុង​ខ្លី​ដែល​សមត្ថកិច្ច​គយ​ចាប់បាន​មាន​ចំនួន​១៣៨០​កេស មិនមែនជា​របស់គាត់​នោះទេ គឺ​គ្រាន់តែ​ស៊ីឈ្នួល​ដឹក​បន្ត​ពី​រថយន្ត​មួយគ្រឿង​ទៀត​ពី​ភ្នំពេញ​មក​ដា​ក់នៅ​ដេប៉ូ លោក កង ហ៊ីម ខាងត្បូង​ផ្សារ​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

កម្មករ​បើករថយន្ត​បាន​រៀបរាប់ថា​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ដែល​ខ្លួន​បើក​មាន​ចំណុះ​២​តោន​កន្លះ​នោះបាន​ដឹក​ភេសជ្ជៈ​ប្រភេទ​គោជ​ល់ពី​ភ្នំពេញ​មក​ចែកចាយ​តាម​ដេប៉ូ​នៅ​ខេត្តស្ទឹងត្រែង តែ​ខណៈ​បម្រុង​ទម្លាក់​ទំនិញ​ត្រូវ​មន្ត្រី​គយ និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង​ឃាត់​នាំយកមក​ត្រូតពិនិត្យ​រកឃើញថា​ជា​ទំនិញ​មិន​ស្របច្បាប់​។ ប្រភព​ដដែល​បាន​បង្ហើប​ថា​បទល្មើស​សេដ្ឋកិច្ច​មួយ​នេះ​បាន​កើតឡើង​យូរ​មកហើយ តែ​បែរជា​មានការ​បង្ក្រាប​នៅពេលនេះ​ទៅវិញ​។​

អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តស្ទឹងត្រែង លោក ព្រាប សេរី​វុត្ថា បាន​បញ្ជាក់ថា ការឃាត់​ទំនិញ​យកមក​ត្រួតពិនិត្យ​នេះ មន្ត្រី​គយ​រកឃើញថា រថយន្ត​បាន​ដឹក​ភេសជ្ជៈ​គោ​ជល់​មាន​ចំនួន​១៣៨០​កេស ក្នុងនោះ​១១៥៣​កេស​មិនមាន​បិទ​ស្លាក​បញ្ជាក់​ពី​ការបង់ពន្ធ និង​២២៧​កេស​ទៀត​មាន​ស្លាក​បង់ពន្ធ​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​ច្បាប់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បទល្មើស​ខាងលើ​ខុស​ត្រង់​ថា ទំនិញ​ភាគច្រើន​អាជីវករ​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ ហើយ​លាយ​ជាមួយ​ទំនិញ​មាន​បិទ​ស្លាក​សញ្ញា​បង់ពន្ធ​ដ៏​តិចតួច​បំផុត ករណីនេះ​បង្ហាញថា ភេសជ្ជៈ​ដែល​មិនបាន​បង់ពន្ធ​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល​រប​ស់​ជាតិ ដែល​ត្រូវ​ចាត់ទុកថា​ជា​ទំនិញគេចពន្ធ​។​

ប្រជាពលរដ្ឋ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​បាន​រិះគន់ថា ការបង្ក្រាប​ខាងលើនេះ​មិនបាន​បង្ហាញថា​មន្ត្រី​ជំនាញ​មាន​ភាព​ស្អាតស្អំ និង​ធ្វើការ​មាន​ប្រសិទ្ធភាព​នោះទេ ព្រោះ​បទល្មើស​សេដ្ឋកិច្ច ពិសេស​ការនាំ​ចូល​ទំនិញគេចពន្ធ​ពី​ស្រុក​សៀម ភ្នំពេញ និង​ពី​ព្រំដែន​ប្រទេស​យួន​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ តែ​បែរជា​ទើប​មានការ​បង្ក្រាប​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ឈ្មួញ​មាន​ឥទ្ធិពល​ឈ្មោះ ឡុង ម៉េង ត្រូវគេ​ដឹងថា​ជា​អ្នក​នាំចូល​ទំនិញគេចពន្ធ​ចូល​ខេត្តស្ទឹងត្រែង​ច្រើនជាងគេ និង​យូរ​ឆ្នាំ​មកហើយ និង​ថែមទាំង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ជំនាញ​នៅ​គ្រប់​ជំនាន់​ទាំងអស់​៕

1e3bef27-5fc3-4b13-968e-9d0c54d1efac