ករណី​ម្ចាស់​ផ្ទះសំណាក់​ជី​ប៊ី​ធី ចាក់ដី​រំលោភ​យក​អូរ បង្ហាញ​ពី​អសមត្ថភាព​របស់​អាជ្ញា​ធរ​ខេត្ត​ព្រះសីហនុ​

រឿង​ថៅកែ​ផ្ទះសំណាក់​ជី​ប៊ី​ធី ឈ្មោះ កែវ រាសី ចាក់ដី​លុប​អូរ​ធម្មជាតិ​នៅក្នុង​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែលមាន​ទទឹង​ប្រមាណ​ជិត​២០​ម៉ែត្រ​នោះ កំពុង​ធ្វើ​ឲ្យ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ រិះគន់​យ៉ាងខ្លាំង​។ ដោយហេតុថា​ឈ្មោះ កែវ រាសី ម្ចាស់ផ្ទះ​សំណាក់​ជី​ប៊ី​ធី ហ៊ាន​ចាក់ដី​លុប​អូរ​ធម្មជាតិ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន គឺ​បានបង្ហាញ​ពី​អសមត្ថភាព​របស់​អភិបាលក្រុង​ព្រះសីហនុ និង​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​តែម្តង​។ ជាងនេះទៅទៀត​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក ហ៊ុន ភី ក៏​អាចមាន​ការជាប់​ពាក់ព័ន្ធ​ផងដែរ​។

​តាម​ប្រភពពី​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ទំហំ​ផ្ទៃ​អូរ​ដែលមាន​ទទឹង​១៧,៥​ម៉ែត្រ បច្ចុប្បន្ន​ត្រូវបាន​ថៅកែ​ផ្ទះសំណាក់​ជី​ប៊ី​ធី ចាក់ដី​រំលោភ​យក​អស់​ជិត​១០​ម៉ែត្រ​ជាហេតុ​ធ្វើ​ឲ្យ​ផ្ទៃ​អូរ​រួម​តូច​នៅសល់​ទំហំ​ទទឹង​៣​ទៅ​៤​ម៉ែត្រ​ប៉ុណ្ណោះ ដែល​អាចធ្វើ​ឲ្យ​ស្ទះ​ចរន្តទឹក​ហូរ​នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​។ បញ្ហា​នេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ បានដាក់​កំណត់​ឲ្យ​លោក កែវ រាសី ម្ចាស់ផ្ទះ​សំណាក់​ជី​ប៊ី​ធី កាយ​ដី​ចេញពី​អូរ​ធម្មជាតិ​វិញ​ផងដែរ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធ​រ​ខេត្ត​។ ប្រសិនបើ​គ្មាន​សកម្មភាព​កាយ​ដី​ចេញពី​អូរ​ធម្មជាតិ​នៅ​ភូមិ​៣ សង្កាត់​លេខ​៤​ទេនោះ មានន័យថា​រាល់​វិធានការ​ឬ​ការដាក់កំហិត​របស់​អា​ជ្ញា​ធរ​ខេត្ត​ព្រះសីហនុ គ្រាន់តែ​ជា​រឿង​លេងសើច​ឥតន័យ​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មោះ កែវ រាសី ម្ចាស់ផ្ទះ​សំណាក់​ជី​ប៊ី​ធី ចាក់ដី​លុប​អូរ​ធម្មជាតិ ទើប​គេ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឬ​ហាមឃាត់​នៅពេល​គេ​ចាក់ដី​លុប​អូរ​ភ្លាមៗ​។ ទាល់តែ​ឈ្មោះ កែវ រាសី ចាក់ដី​លុប​អូរ​ធម្មជាតិ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ហើយ​សាងសង់​ស្ពានថ្ម​និង​ចាក់​ធ្នឹម​របង​ថ្ម​នៅ​ចំ​កណ្ដាល​អូរ​ថែមទៀត ទើប​ឃើញ​មន្ត្រី​អាជ្ញាធរ​បញ្ចេញ​ប្រតិកម្ម​ហើយ​ដាក់​កំហិត​ឲ្យ​ម្ចាស់​ផ្ទះសំណាក់​ជី​ប៊ី​ធី កាយ​ដី​ចេញពី​អូរ​ធម្មជាតិ​វិញ​។ នេះ​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ទៀត​ទាក់ទង​ទៅនឹង​បទល្មើស​ចាក់ដី​លុប​អូរ លុប​ព្រៃកោងកាង និង​ឆ្នេរសមុទ្រ យក​ធ្វើជា​កម្មសិទ្ធិឯកជន​នៅ​ខេត្ត​ព្រះសីហនុ ហើយ​មន្ត្រី​អាជ្ញាធរ​មិនទាន់​អាច​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​៕

yun-620លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ20160329_092334_resized