ល្បែងស៊ីសង​នៅ​ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅក្នុង​ភូមិ​ពួកគាត់​មាន​ទីតាំង​លេងល្បែង​បៀ​អាប៉ោង ជ្រក​ក្រោម​ស្លាក​តូប​កាហ្វេ​ហើយ​មាន​មនុស្ស​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង​ឡើងៗ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ឃុំ​ពេជ្រ​ចិន្ដា ជាបន្ទាន់​។

សេចក្ដីរាយការណ៍​ពី​អ្នកភូមិ​បាន​ឲ្យ​ដឹងថា កន្លែង​លេងល្បែង​ស៊ីសង​ជ្រក​ក្រោម​ស្លាក​តូប​កាហ្វេ​នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា មាន​មនុស្ស​ប្រុស​ស្រី​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​ទាំងយប់​ទាំង​ថ្ងៃ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ លោក សុង សុភ័ក្ត្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក មិន​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។ ហេតុនេះ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង គួរ​ចាត់វិធានការ​ទៅលើ​ភាព​អសកម្ម​របស់លោក សុង សុភ័ក្ត្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក​ជាបន្ទាន់​។

​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ក្បែរ​កន្លែង​លេងល្បែង​ស៊ីសង​ក្នុងភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា បាន​ឲ្យ​ដឹងថា ក្រុមមនុស្ស​ប្រុស​ស្រី​ដែល​ចូល​លេងល្បែង​យ៉ាង​អនាធិបតេយ្យ បាន​បង្ក​ឲ្យ​មាន​សំឡេង​រំខាន​ដល់​អ្នកជិតខាង​យ៉ាង​ពេញបន្ទុក​។ ជាងនេះទៅទៀត​ចាប់តាំងពី​មាន​កន្លែង​លេងល្បែង​ស៊ីសង​នេះ​កើតឡើង គឺ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កើតមាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ធ្លាក់ខ្លួន​កាន់តែ​ក្រីក្រ​ជាង​មុន​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង គួរ​ចាត់វិធានការ​លុបបំបាត់​ល្បែងស៊ីសង​ក្នុងភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក​ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​៕

11144949_1597763097176256_4793457034992836212_nលោក សុង សុភ័ក្រ្ត អធិការនគរបាលស្រុកភ្នំព្រឹក ses-50កន្លែងលេងល្បែងស៊ីសងនៅភូមិអូរ ឃុំពេជ្រចិន្ដា ses-1-45