ឆេង សុវត្ថិ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ កាន់តែ​មានអំណាច​ខ្លាំង​ក្នុងការ​ប្រមូល​លុយ​

ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ឆេង សុវត្ថិ ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ មាន​សិទ្ធិអំណាច​យ៉ាង​ធំធេង​ក្នុងការ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​មិន​ញញើត​ទៅនឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​។ ការដែល​លោក ឆេង សុវត្ថិ មាន​សិទ្ធិអំណាច​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការបើក​ដៃ​ពី​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​អ្វីៗ​ចេះតែ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បញ្ហា​នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរពិនិត្យមើល​សកម្ម​ភាពមិនប្រក្រតី​របស់លោក ឆេង សុវត្ថិ ខ្លះ​ផង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ពេញបន្ទុក​ទៀត​។

​ប្រភពពី​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ឆេង សុវត្ថិ បាន​បញ្ជា​ឲ្យ​កូនចៅ​បង្កើត​កុងត្រូលជជុះ​ជាច្រើន​កន្លែង​ដើម្បី​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន​។ ក្រុមអាជីវករ​និង​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​តាម​ច្រក​ប៉ោយប៉ែត ឬ​ច្រករបៀង​នានា ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ទោះបី​ទំនិញ​ពួកគាត់​មាន​បង់ពន្ធ​ជូន​សមត្ថកិច្ច​គយ​ត្រឹមត្រូវ​តាមច្បាប់​ក៏​ចៀស​មិន​ផុតពី​បង់ថ្លៃ​ក្បាល​រថយន្ត​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក ឆេង សុវត្ថិ នោះទេ​។ សូម្បីតែ​អ្នករត់​តាក់ស៊ី​ដឹកជញ្ជូន​ទំនិញ​ឬ​ផ្លែឈើ បន្លែបង្ការ​បន្តិចបន្តួច ក៏ត្រូវ​កូនចៅ​លោក ឆេង សុវត្ថិ ជំរិត​យកលុយ​ដែរ​។

​អាជីវករ ឈ្មួញ​ដឹកជញ្ជូន​ទំនិញ និង​អ្នករត់​តាក់ស៊ី​ដឹក​បន្លែ​ផ្លែឈើ ដើម្បី​រកប្រាក់​ចំណូល​ចិញ្ចឹមជីវិត​បាន​អំពាវនាវ​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ពិនិត្យមើល​រឿងនេះ​ផងដែរ ព្រោះ​សព្វថ្ងៃ​លោក ឆេង សុវត្ថិ និង​បក្ខពួក​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ មានការ​រិះគន់ថា លោក ឆេង សុវត្ថិ មិនដែល​យកចិត្តទុកដាក់​បង្ក្រាប​ទំនិញ​ខុសច្បាប់​និង​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​យ៉ាង​គគ្រឹកគគ្រេង​នោះទេ គឺ​មានតែ​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ដើម្បី​ផលប្រយោជន៍​។ ដូច្នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច គួរពិនិត្យមើល​អំពើអាក្រក់​របស់លោក ឆេង សុវត្ថិ ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ជាបន្ទាន់ ព្រោះ​មន្ត្រីនគរបាល​រូបនេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​៕

311លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច