ក្រសួង​អប់រំ​គ្រោង​សហការ​ជាមួយ​ធនាគារ​ដើម្បី​ផ្តល់​កម្ចី​ដល់​និស្សិត​សិក្សា​ក្នុង និង​ក្រៅប្រទេស​

ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន និង​កំពុង​សហការ​ជាមួយ​ធនាគារ និង​ដៃគូ​អភិវឌ្ឍ​វិស័យ​អប់រំ រៀបចំ​ផែនការ​ផ្តល់​ប្រាក់កម្ចី​អាហារូបករណ៍​ដល់​និស្សិត​ថ្នាក់​ឧ​ត្ត​ម និង​ក្រោយ​សិក្សា នៅក្នុង និង​ក្រៅប្រទេស ដើម្បី​លើកស្ទួយ​ធនធានមនុស្ស​កម្ពុជា​។ នេះ​បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់ ជួន ណា​រ៉ុ​ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ក្នុង​ពិធី​សន្និបាត​បូក សរុប​ការងារ​អប់រំ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ នៅ​សាលា​តិច​ណូ​ថា សិស្ស​និស្សិត អាច​ខ្ចីប្រាក់​សិក្សា​ពី​ធនាគារពាណិជ្ជ​កម្ម​ណាមួយ ក្រោម​កិច្ចសហការ សម្របសម្រួល​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដៃគូ​ពាក់ព័ន្ធ​។​

​លោក​រដ្ឋមន្ត្រី​កំណែទម្រង់ គុណភាព​វិស័យ​អប់រំ ថ្លែងប្រាប់​នៅ​ថ្ងៃទី​៣១ ខែមីនា​នេះ យ៉ាង​ដូច្នេះ​ថា​៖«​ក្រសួង សហការ​ជាមួយ​ធនាគារពាណិជ្ជ​មួយ និង​ដៃគូ​ពាក់ព័ន្ធ​កំពុង​រៀបចំ​គោលនយោបាយ​ជាក់លាក់​មួយ​។ សិស្ស​និស្សិត មាន​សិទ្ធិ​សម្រេចចិត្ត​ទទួលយក​គោលនយោបាយ​ទទួល​ប្រាក់កម្ចី​នេះ តាម​ការកំណត់​? វា​គឺ​ស្ថិត​លើ​កា​រស​ម្រេ​ចិត្ត​របស់​សិស្ស​និស្សិត​ថា តើ​ពួកគេ​ព្រម​ទទួលយក​ឬទេ​? ក្រសួង​គ្រាន់តែ​ជា​អ្នកសម្របសម្រួល​គោលនយោបាយ​ប៉ុណ្ណោះ​?

លោក​រដ្ឋមន្ត្រី​ពុំទាន់​បញ្ជាក់​ពី​កាល​បរិ​ច្ឋេ​ទ​ជាក់លាក់ ក្នុងការ​ដំណើរការ​ផែនការ​ផ្តល់ប្រាក់ កម្ចី​នេះឡើយ ហើយ​ឆ្លើយតប​នឹង​សារព័ត៌មាន​ថ្មី​ថា តើ​ក្រសួង​នឹង​អនុវត្ត​នីតិវិធី​កម្ចី​យ៉ាងដូចម្តេច​? តើ​អត្រា​ការប្រាក់​ប៉ុន្មាន​? តើ​ក្រសួង​និង​ធនាគារ​មាន​វិធានការ​បែបណា ប្រសិន​និស្សិត​បោះបង់​ការសិក្សា​ពាក់កណ្តាល​ទី​? លោក​រដ្ឋមន្ត្រី​ក៏​ពុំទាន់​អាច​បញ្ជាក់​លម្អិត​ដែរ ព្រោះ​លោក​ថា ក្រសួង និង​ដៃគូ​ពាក់ព័ន្ធ​កំពុង​ពិភាក្សា​ការងារ​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួង​អប់រំ បាន និង​កំពុង​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ចាប់ពី​កម្រិត​បឋម ដល់​ឧ​ត្ត​មសិ​ក្សា ក្នុង​គោលដៅ​លើកកម្ពស់​គុណភាព​ធន​ធាន​មនុស្ស​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ និង​ប្រកួតប្រជែង​ធនធានមនុស្ស​ជាមួយ​ប្រទេស​ក្នុង តំបន់ និង​ពិភពលោក​លើ​គ្រប់​វិស័យ ពិសេស​គឺ វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា (STEM)​។​

គួរ​រម្លឹក​ផងដែរ កន្លងមក សិស្ស​និស្សិត លោកគ្រូ អ្នកគ្រូ និង​សាស្ត្រាចារ្យ​មួយចំនួន បានស្នើ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឲ្យ​ជួយ​ពិនិត្យ​រៀបចំ​ផែនការ​ផ្តល់ប្រាក់​កម្ចី​នេះ ដល់​សិស្ស​និស្សិត​ដែល​ខ្វះ​ថវិកា​សិក្សា​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ជំរុញ​ធនធានមនុស្ស​កម្ពុជា​៕