ព្រះ​សិរ្ស​ព្រះព្រហ្ម​ដែល​មាន​តម្លៃ​លាន​ដុល្លារ​ត្រូវ​បាន​ប្រគល់​ជូន​សារមន្ទីរ​ជាតិ

ព្រះ​សិរ្ស (ក្បាល) របស់​ព្រះព្រហ្ម​ចំនួន​ពីរ ដែល​បាន​ភ្ជាប់​បញ្ចូល​គ្នា​តែមួយ ត្រូវ​បាន​ក្រសួង​ការបរទេស​កម្ពុជា ប្រគល់​ដល់​សារមន្ទីរ​ជាតិ ដើម្បី​ថែរក្សា។ វត្ថុ​បុរាណ​ទាំង​ពីរ​នេះ ត្រូវ​បាន​មក​កម្ពុជា​វិញ ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ដែល​កាល​ណោះ​ជា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង ឈ្នះ​ក្ដី​នៅ​តុលាការ​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៩៤។

ព្រះ​សិរ្ស​ព្រះព្រហ្ម​ទាំង​ពីរ​នេះ ធ្លាប់​ត្រូវ​បាន​គេ​ដាក់​តាំង​លក់​នៅ​កន្លែង​លក់​វត្ថុ​បុរាណ​ក្នុង​ទីក្រុង​ប៉ារីស ក្នុង​តម្លៃ ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក មុន​ពេល​លោក ហោ ណាំហុង ប្រទះ​ឃើញ ហើយ​ប្ដឹងផ្ដល់​ទៅ​កាន់​តុលាការ​ប្រទេស​បារាំង កាល​ពី​ឆ្នាំ​១៩៩៤។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែង​ឲ្យ​ដឹង​ថា ព្រះ​សិរ្ស​ទាំង​ពីរ​នេះ​ធ្វើ​អំពី​ថ្ម​ភក់ ក្នុង​សតវត្ស​ទី​១០ នា​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤ ត្រូវ​បាន​ជនខិលខូច​លួច​ចេញ​ពី​ប្រាសាទ​ណា​មួយ​នៃ​ក្រុម​ប្រាសាទ​កោះកេរ នៅ​ពេល​កម្ពុជា មាន​សង្គ្រាម​នៅ​ទសវត្ស​ឆ្នាំ​១៩៧០។

អ្នកស្រី​ថា តាម​ការ​សិក្សា ព្រះ​សិរ្ស​ទាំង​ពីរ​នេះ​មាន​ដង​ខ្លួន​តែមួយ ដូច្នេះ​ក្រុម​ការងារ​ផ្គុំ​ព្រះ​សិរ្ស​ទាំង​​២​បញ្ចូល​គ្នា៖ «ការ​ត្រឡប់​មក​វិញ​ជា​ផ្នែក​មួយ​នៃ​សុខ​សន្តិភាព។ បើ​តាម​ជំនឿ​ខ្មែរ បើកាលណា​មែ​ឪ​វិល​វិញ​មក​ជួប​កូន ព្រលឹង​ដូនតា​វិល​វិញ​មក​ជួបជុំ​កូនចៅ ជា​មង្គល»។

​អគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង បាន​បញ្ជូន​បដិមា​នេះ​មក​ដល់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា បន្ទាប់​ពី​ត្រូវ​បាន​រក្សាទុក​នៅ​និវេសនដ្ឋាន​ឯកអគ្គរាជទូត​អស់​រយៈពេល ២២​ឆ្នាំ។ ពិធី​ប្រគល់ និង​ទទួល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សារមន្ទីរ​ជាតិ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា។ ក្រោយ​មន្ត្រី​រដ្ឋាភិបាល​ថ្លែង​សុន្ទរកថា​ស្វាគមន៍​រួច​ហើយ​នោះ ក៏​មាន​របាំ​ជូនពរ​អម​ដោយ​តន្ត្រីបុរាណ​ដើម្បី​កំដរ​កម្មវិធី។

ព្រះ​សិរ្ស​ទី​១ មាន​ទំហំ ៤៧  x ៧៥ x ១១២ សង់ទីម៉ែត្រ និង​ព្រះ​សិរ្ស​ទី​២ ទំហំ ៥២ x ៤៧ x ១១០ សង់ទីម៉ែត្រ ជា​បដិមា​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា។ អ្នក​ស្រាវជ្រាវ​អះអាង​ថា បដិមា​នេះ​មាន​តួ​ខ្លួន​ធំ​ណាស់។ មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​បង្ហាញ​មហិច្ឆតា​រក​ឲ្យ​ឃើញ​ឲ្យ​ដង​ខ្លួន​ដើម្បី​ភ្ជាប់​នឹង​ព្រះ​សិរ្ស​របស់​ព្រះព្រហ្ម​ឡើង​វិញ។

​តាម​រយៈ​ការ​ផ្គុំ​ព្រះ​សិរ្ស​ទាំង​ពីរ​បង្ហាញ​ថា ព្រះ​សិរ្ស​ព្រះព្រហ្ម​ដែល​មាន​ព្រះ​ភក្ត្រ​៤ គឺ​ព្រះ​ភក្ត្រ​ទី​២ និង​ទី​៤ ត្រូវ​ជន​ទុច្ចរិត​ដាប់​បំផ្លាញ​ចោល​ដើម្បី​កាត់​យក​តែ​ផ្នែក​ពីរ​ដែល​នៅ​ល្អ ដែល​បាន​ត្រឡប់​មក​ទឹកដី​កំណើត​វិញ​នៅ​ពេល​នេះ។ ព្រះ​សិរ្ស​ទាំង​ពីរ មាន​ព្រះ​កេសា​បួង​ឡើង​លើ មាន​ព្រះ​ភក្ត្រ​ញញឹម ចិញ្ចើម​ត្រង់ និង​មាន​ពុកមាត់ និង​ពុកចង្កា។ ក្រៅ​ពី​ស្នាម​ដាប់​ដែល​ធ្វើ​ឲ្យ​ខូច​អស់​ព្រះ​ភក្ត្រ​ពីរ ព្រះ​ភក្ត្រ​មួយ​ទៀត មាន​ស្នាម​ប្រេះ​ចំពាក់​កណ្ដាល។

​ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ លោក គង់ វីរៈ ប្រាប់​ថា ក្រុម​ការងារ​បាន​ចុះ​ទៅ​កាន់​តំបន់​ប្រាសាទ​កោះកេរ និង​ប្រាសាទ​ចិន ដើម្បី​សាកសួរ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​តម្រុយ​ពី​តួ​ខ្លួន​ដែល​ត​ភ្ជាប់​ព្រះ​សិរ្ស​នេះ​ទេ។ លោក​ថា ក្រៅ​ពី​នេះ ក្រុម​ការងារ​លោក​បាន​សហការ​ជាមួយ​អ្នក​ជំនាញ​របស់​សហរដ្ឋអាមេរិក ដើម្បី​សិក្សា​ពី​ថ្ម​នៃ​បដិមា។ លោក​ថា គម្រោង​នេះ​ត្រូវ​ចំណាយ​ពេល​និង​ថវិកា​ច្រើន៖ «យើង​មាន​តម្រុយ​តិច​មែន​ទែន និយាយ​ឲ្យ​ត្រង់​ទៅ ធ្វើ​ដំណើរ​ទៅ​កោះកេរ ពេល​ទទួល​ដំណឹង ពេល​បាន​រូបថត យើង​សួរ​ចាស់​ទុំ​នៅ​ទី​នោះ គាត់​ថា អត់​ដែល​ស្គាល់​សោះ»

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង រៀបរាប់​ថា នៅ​ពេល​ដឹង​ថា បដិមា​ដែល​ដាក់​លក់​នោះ ជា​វត្ថុ​បុរាណ​របស់​កម្ពុជា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​នគរបាល​បារាំង ប្រឆាំង​ការ​ជួញដូរ​វត្ថុ​បុរាណ និង​បន្ត​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ។ លោក​ថា ដំណើរការ​ក្ដី​ដែល​ធ្វើ​ឲ្យ​លោក​ឈ្នះ​ក្ដី ព្រោះ​លោក​មាន​មិត្ត​ភក្ត្រ​ជនជាតិ​បារាំង​ម្នាក់ ជា​មន្ត្រី​តុលាការ ជួយ​ដល់​ដំណើរ​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត៖ «ការ​ដែល​មាន​មនោសញ្ចេតនា​នេះ ខ្ញុំ​ស្នើ​សុំ​ប្រគល់​បដិមា​នេះ​មក​កម្ពុជា​វិញ លោកស្រី​ក៏​ប្រគល់​មក​ឲ្យ​កម្ពុជា វិញ​ទៅ»

​តាម​របាយការណ៍​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៦ កម្ពុជា ទទួល​បាន​វត្ថុ​បុរាណ​ពី​បណ្ដា​ប្រទេស​នានា ជិត ៧០០។  វត្ថុ​បុរាណ​ទាំង​នោះ​បាន​រក​ឃើញ​ភាគ​ច្រើន​នៅ​ប្រទេស​ថៃ ប្រទេស​បារាំង សហរដ្ឋអាមេរិក និង​បុគ្គល​មួយ​ចំនួន​ផ្ដល់​ឲ្យ។ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ឲ្យ​ដឹង​ថា ព្រះ​សិរ្ស​នេះ បាន​ឆ្លង​កាត់​ប្រទេស​ថៃ មុន​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ប្រទេស​បារាំង។

អនុសញ្ញា​ស្ដីពី​ការ​ហាមឃាត់ និង​ការពារ​មិន​ឲ្យ​មាន​ការ​នាំ​ចេញ និង​ការ​នាំចូល​វត្ថុ​បុរាណ​របស់​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌​នៃ​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា យូណេស្កូ (UNESCO) ឆ្នាំ​១៩៧០ បង្ហាញ​ថា រាល់​វត្ថុ​បុរាណ​ទាំង​ឡាយ​ត្រូវ​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ដើម​វិញ។

ប្រទេស​ជា​ហត្ថលេខី​ដែល​ទទួល​ស្គាល់​អនុសញ្ញា​នេះ សរុប​ចំនួន ១២៨ ប្រទេស។ ក្នុង​នោះ​កម្ពុជា បាន​ក្លាយ​ជា​ប្រទេស​ហត្ថលេខី​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​១៩៧២ ចំណែក​បារាំង បាន​ទទួល​យក​អនុសញ្ញា​នេះ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៩៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។