កៅស៊ូ​មី​យ៉ា​ន់​ម៉ា​បើកចំហ​ទ្វារ​សម្រាប់​វិនិយោគិន​បរទេស

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា ហៅ​កាត់​ថា MIC បាន​លុប​ចោល​នូវ​បញ្ជី​ឈ្មោះ​សហគ្រាស​សម្រាប់​ការ​វិនិយោគ​បរទេស ដែល​តម្រូវ​ឱ្យ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដោយ​បើកចំហ​ទ្វារ​ក្នុង​ការ​ផលិត​កៅស៊ូ និង​គ្រាប់ពូជ ។

គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា MIC បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៤ មីនា​ថា ការ​ផលិត និង​ចែកចាយ​គ្រាប់ពូជ​កៅស៊ូ​កូនកាត់ និង​ការ​ផលិត​គ្រាប់ពូជ​កៅស៊ូ​ក្នុងស្រុក ក៏​ដូច​ជា​ផលិតផល​កៅស៊ូ គឺ​មិន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​បរទេស​មាន​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ទៀត​ឡើយ ។

ការ​បញ្ជាក់​នេះ គឺ​យោង​តាម​ការ​ធ្វើ​កំណែទម្រង់​តាម​ប្រកាស​លេខ 26/2016 នៃ​បញ្ជី​សកម្មភាព​សេដ្ឋកិច្ច ដែល​តម្រូវ​ឲ្យ​មានការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​ក្នុងស្រុក ដោយ​ស្ថិត​នៅ​ក្រោម​ច្បាប់​វិនិយោគ​បរទេស ។

យោង​តាម​មន្ត្រី​មួយ​រូប​មក​ពី​គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា បាន​ប្រាប់​មី​យ៉ា​ន់​ម៉ា​ថែម​ស៍ កាលពី​ថ្ងៃ​អង្គា​រថា ៖ « គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា​ចង់​បន្ធូរបន្ថយ​ដល់​បណ្តា​ក្រុមហ៊ុន​បរទេស ដើម្បី​ទាញ​យក​ផលប្រយោជន៍​នៃ​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស ។ ការ​លុប​ចោល​សកម្មភាព​រួម​បញ្ចូល​គ្នា​នេះ គឺ​ពឹងផ្អែក​លើ​តម្រូវការ​របស់​ជាតិ និង​ដោយសារ​មានការ​ស្នើ​សុំ​ពី​សំណាក់​វិនិយោគិន​បរទេស ។ ម្យ៉ាងទៀត ការ​ធ្វើ​កំណែទម្រង់​នេះ ក៏​មាន​គោលបំណង​កំណត់​នូវ​ទីតាំង​សហគ្រាស​ផង​ដែរ ដែល​មិន​ត្រឹមតែ​សកម្មភាព​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ » ។

គួរ​បញ្ជាក់​ថា ការ​ហាមឃាត់​សកម្មភាព​របស់​ក្រុមហ៊ុន​បរទេស​រួម​មាន ការ​ផលិត​អាវុធ និង​គ្រឿងផ្ទុះ ការ​រុករក​និង​កែ​ច្នៃត្បូង ក៏​ដូច​ជា​ការ​ចុះ​ផ្សាយ​ភាសា​ជនជាតិភាគតិច​ផង​ដែរ ៕